ព័ត៌មានជាតិ

ទូតសិង្ហបុរី សសើរពីភាពរីកចម្រើន របស់ទីក្រុងភ្នំពេញ ជាមួយនិងអភិបាលកិច្ចល្អ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកស្រី ទាវ ឡាយចេង បានសម្តែងការ កោតសរសើរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍ រីកចំរើន របស់រាជធានីភ្នំពេញ នារយៈពេល២០ឆ្នាំ ចុងក្រោយនេះ ដោយមានទាំងអគារខ្ពស់ៗ ជាមួយនឹងអគារវ័យចំណាស់ ដែលទាក់ទាញភ្ញៀវ អន្តរជាតិយ៉ាងច្រើន មកដើរលេងកំសាន្ត ហើយអ្វីដែលពិសេសថែមទៀតនោះ រាជធានីភ្នំពេញ មានអភិបាលកិច្ចល្អ ដែលធ្វើឱ្យអ្នកវិនិយោគនានា មានជំនឿទុកចិត្ត ចង់មកវិនិយោគនៅប្រទេសកម្ពុជា ។

ការថ្លែងកោតសសើរ ពីសំណាក់លោកស្រី ឯកអគ្គរដ្ឋទូត ធ្វើឡើង ក្នុងឱកាសចូលជួបសំដែងការគួរសមជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ខែឧសភា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ។

លោកស្រី ទាវ ឡាយចេង បានលើកឡើងថា ក្នុងរយៈពេល២០ឆ្នាំ ចុងក្រោយនេះភ្នំពេញ ពិតជាបង្ហាញពីភាពរីកចម្រើនយ៉ាងខ្លាំងក្លា ដោយមានអាគារខ្ពស់ ជាច្រើន ហើយអគារវ័យចំណាស់ ជាក់ស្តែងអាគាររដ្ឋបាល រាជធានីភ្នំពេញ ដែលលោកស្រី បានជួបសម្តែងការគួរសម ជាមួយលោកអភិបាលរាជធានី នាពេលនេះ គឺជាអាគារដែលមានអាគារវ័យចំណាស់ ជាង១០០ឆ្នាំហើយ។

ក្នុងនោះរាជធានីភ្នំពេញ ក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុថែមទៀត ដែលពីមុនយើងប្រើពេលវេលា ប្រមាណ៦ម៉ោង តែក្រោយពីដាក់ឲ្យដំណើរការផ្លូវល្បឿនយើងនឹងប្រើប្រាស់ត្រឹមតែ ២ម៉ោងប៉ុណ្ណោះ។ ការបង្កើតឲ្យមានអាកាសយានដ្ថានថ្មី ,ការបង្កើតឱ្យមានបណ្ដាញផ្លូវធំថ្មីៗ កាត់ខ្វែងជាច្រើនកន្លែងទៀត ធ្វើឲ្យរាជធានីភ្នំពេញ កាន់តែមានការអភិវឌ្ឍរីកចម្រើនខ្លាំងឡើង។

អ្វីដែលសំខាន់ទៀតនោះ រដ្ឋបាលរាជធានីភ្នំពេញ មានអភិបាលកិច្ចល្អ ដែលធ្វើឱ្យអតិថិជន ក្រុមហ៊ុនឯកជននានា មានការជឿទុកចិត្ត ចង់មកបណ្ដាក់ទុនរកស៊ី នៅក្នុងរាជធានីភ្នំពេញ ។

លោកស្រីក៏បានអបអរសាទរ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន និងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានទប់ស្កាត់ជំងឺកូវីដ-១៩ ទទួលជោគជ័យ និងបានបើកប្រទេសឲ្យដំណើរការ ជាប្រក្រតីឡើងវិញ។

នាកាសនោះលោក ឃួង ស្រេង ក៏បានប្រាប់ ពីស្ថានភាពរបស់រាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ពិសេស ក្នុងរយៈពេល២០ ឆ្នាំចុងក្រោយនេះ រាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចំរើនគួរឲ្យកត់សម្គាល់ ធ្វើឲ្យកំណើនប្រជាពលរដ្ឋចេះតែកើនឡើង ដោយមកដល់ពេលនេះ ទាំងអ្នកស្នាក់នៅអចិន្ត្រៃយ៍ និងអ្នកមកប្រកបមុខរបរកទទួលទាន នៅរាជធានីភ្នំពេញ មានចំនួនប្រមាណជា ៣លាននាក់ ដែលធ្វើឱ្យមានការ កកស្ទះចរាចរណ៍យ៉ាងខ្លាំង ។ ប៉ុន្តែបញ្ហានេះរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងធ្វើការដោះស្រាយឱ្យប្រសើរឡើងវិញ។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ថា ការទប់ស្កាត់ជំងឺកូវីដ-១៩ តាមអនុសាសន៍ណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញ គ្រប់គ្រងបានយ៉ាងល្អ រហូតមកដល់ពេលនេះ និងបានបើកឲ្យដំណើរការ ប្រទេសឡើងវិញ ជាមួយនឹងការមិនពាក់ម៉ាក សម្រាប់នៅតាមទីសាធារណៈផងដែរ៕

To Top