ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ការផ្សាយព័ត៌មានបំពុល ធ្វើឲ្យប៉ះពាល់ដំណើរការបោះឆ្នោត នៅកម្ពុជា គ្រាន់តែបង្កើតទឡ្ហីករណ៍ នយោបាយ

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ក្នុងរដូវកាលនៃយុទ្ធនាការបោះឆ្នោត តែងតែលេចលឺព័ត៌មាន ពីអ្នកនយោបាយមួយចំនួន ក្នុងសកម្មភាពបោះឆ្នោត នៅកម្ពុជា ហើយព័ត៌មានទាំងនោះ គ្រាន់តែជាការបំផុស បង្កើតទឡ្ហីករណ៍ នយោបាយ ប៉ុណ្ណោះ។

យោងតាមសេចក្ដីថ្លែងការណ៍របស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញផ្សាយនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា «នៅក្នុងរដូវកាល នៃយុទ្ធនាការបោះឆ្នោត តែងតែលេចលឺនូវការបំផុស ឱ្យមានការចាប់អារម្មណ៍ព័ត៌មាន ពីអ្នកនយោបាយមួយចំនួន ដែលរំលេចឡើងពីសភាពការណ៍ និងបរិយាកាសចង្អៀតចង្អល់ ក្នុងការរឹតត្បិតនូវសកម្មភាព សេរីភាពនយោបាយ ដែលជាកិច្ចចូលរួមស្របច្បាប់ ក្នុងសកម្មភាពបោះឆ្នោត ក៏ប៉ុន្តែគេកម្រទទួលបាននូវមុខសញ្ញា ទីតាំង ពេលវេលា និងទីកន្លែងកើតហេតុនោះណាស់ ក្នុងន័យនេះ ព័ត៌មានទាំងអស់នោះ គឺគ្រាន់តែជាការបំផុស បង្កើតទឡ្ហីករណ៍នយោបាយ ដើម្បីត្រៀមដាក់ទម្ងន់លើការចោទប្រកាន់ និងវាយតម្លៃជាសកល ក្នុងហេតុផលធ្វើឱ្យប៉ះពាល់ ទៅលើលទ្ធផលការបោះឆ្នោតតែប៉ុណ្ណោះ»។

អ្នកនាំពាក្យ បន្ដថា ការបង្ហោះផ្សព្វផ្សាយព័ត៌មានទាំងនេះ វាក្លាយទៅជាប្រពៃណី ទំនៀមទម្លាប់ នៅក្នុងរដូវនៃការបោះឆ្នោត ពីគណបក្ស និងអ្នកនយោបាយ ដែលតាំងខ្លួនជាអ្នកប្រឆាំង គឺគេមិនបានតាំងខ្លួនជាអ្នកចូលរួមក្នុងកិច្ចកសាង ឬពង្រឹងឥរិយាបថតម្រូវការសង្គមប្រជាធិបតេយ្យសេរីពហុបក្សនោះឡើយ។

អ្នកនាំពាក្យ បញ្ជាក់ទៀតថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែរំលឹកដល់មន្ត្រីគ្រប់ស្ថាប័ន ឲ្យចូលរួមការពារបរិយាកាស ឲ្យបានល្អប្រសើរ ដើម្បីកសាង និងពង្រឹងប្រជាធិបតេយ្យ នៅក្នុងថេរវេលា សម័យកាលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។

អ្នកនាំពាក្យ បានបន្ថែមថា «យើងទាំងអស់គ្នាក៏ទទួលស្គាល់ថា អស់រយៈពេលជាង៤០០ឆ្នាំកន្លងមក កម្ពុជាពុំដែលមានភ័ព្វវាសនា នៃឱកាសកសាងលទ្ធិប្រជាធិបតេយ្យ នៅថ្នាក់មូលដ្ឋានរបស់ខ្លួន នោះឡើយ អាស្រ័យហេតុដូច្នេះ ឱកាសនេះ គឺជាឱកាសសម្រាប់យើងទាំងអស់គ្នា ក្នុងកិច្ចកសាងលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ឬថ្នាក់ក្រោមជាតិ នោះបើមានព្រឹត្តិការណ៍ មិនប្រក្រតីណាមួយកើតឡើង សូមមេត្តារាយការណ៍ ជម្រាបជូនគណៈកម្មាធិការរៀបចំការ បោះឆ្នោតឃុំ-សង្កាត់ ឬអាជ្ញាធរពាក់ព័ន្ធនៅតាមឃុំ-សង្កាត់ ដើម្បីរក្សាប្រក្រតីភាព និងតម្លៃនៃកិច្ចកសាងលទ្ធិប្រជាធិបតេយ្យ របស់សង្គមជាតិយើងទាំងមូល»៕

To Top