ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំទៅក្រុមហ៊ុន ប្រឹក្សាយោបល់ និងបញ្ចុះបញ្ចូលរបស់អាមេរិកថា មានកិច្ចការមួយចំនួនទៀត ដែលត្រូវធ្វើបន្ត គឺធ្វើយ៉ាងណាកុំឲ្យមានការភាន់ច្រឡំ លើទំនាក់ទំនងរវាងប្រទេសទាំងពីរ (កម្ពុជា-អាមេរិក)។
ការណែនាំនេះធ្វើឡើង ក្នុងឱកាសសម្ដេចតេជោ ទទួលជួបពិភាក្សាការងារជាមួយលោក ស្កុត ដេវីដ ផាវិន (Scott David Parven) តំណាងក្រុមហ៊ុនប្រឹក្សាយោបល់ និងបញ្ចុះបញ្ចូលផ្នែកច្បាប់របស់អាមេរិក នៅព្រឹកថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន ។
ក្នុងជំនួបនេះ សម្ដេចតេជោបានលើកឡើងថា កន្លងមកអាមេរិក មានការចោទប្រកាន់លើកំពង់ផែរាមថា មានវត្តមានយោធាចិន ដែលជារឿងមិនត្រឹមត្រូវ និងមិនពិត ព្រោះកម្ពុជាមានគោលជំហរច្បាស់លាស់ ដោយប្រកាន់នយោបាយអព្យាក្រឹតអចិន្ត្រៃយ៍ មានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ ហើយកម្ពុជាគ្មាននយោបាយ ជ្រើសរើសរវាងចិន និងអាមេរិកនោះទេ។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ក៏បញ្ជាក់ពីការផ្អាកធ្វើសមយុទ្ធ ជាមួយអាមេរិកកាលពីឆ្នាំ២០១៧ផងដែរ។ ការផ្អាកនោះ ដោយសារកម្ពុជាត្រូវរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ មិនមានបំណងបង្អាក់ទំនាក់ទំនង ផ្នែកយោធាជាមួយអាមេរិកនោះឡើយ។
សម្តេចតេជោ ក៏បានបញ្ជាក់ពីការអនុញ្ញាត ឲ្យនាវាប្រទេសនានាចូលចត នៅកំពង់ផែរបស់កម្ពុជា ដែលជាការបង្ហាញឲ្យឃើញ នូវការធ្វើទំនាក់ទំនង ដោយបើកចំហររបស់កម្ពុជាជាមួយបណ្តាប្រទេសជាមិត្ត។
បន្ថែមពីលើនេះទៀត សម្តេចតេជោ លើកឡើងដែរថា អាមេរិកបានជួយការអភិវឌ្ឍជាច្រើននៅកម្ពុជា ដូចជាជំរុញពាណិជ្ជកម្ម វិនិយោគ ការដោះមីន ការបណ្តុះបណ្តាល និងការផ្តល់វ៉ាក់សាំង សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាដើម។
ក្នុងជំនួបនេះ លោក ស្កុត ដេវីដ ផាវិន បានជម្រាបសម្តេចតេជោ នាយករដ្ឋមន្ត្រីថា កន្លងមកក្រុមការងាររបស់លោក បានធ្វើការងារជាច្រើនជាមួយស្ថានទូតកម្ពុជា ប្រចាំនៅអាមេរិក ដើម្បីជំរុញឲ្យទំនាក់ទំនង រវាងកម្ពុជា-អាមេរិក មានភាពល្អប្រសើរ។
បន្ថែមពីលើនោះ ក្រុមហ៊ុនរបស់លោក បានទាក់ទងជាមួយថ្នាក់ដឹកនាំ របស់អាមេរិក នៅស្ថាប័នសភា ក៏ដូចជារដ្ឋាភិបាល ធ្វើយ៉ាងណាឲ្យអាមេរិក យល់ពីជំហររបស់កម្ពុជា ទាំងទំនាក់ទំនងទ្វេភាគី ការងារអាស៊ាន ការងារអន្តរជាតិ។ ជាពិសេសគោលជំហរ របស់កម្ពុជាពាក់ព័ន្ធការឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែន ការបម្រែបម្រួលអាកាសធាតុ ពាណិជ្ជកម្ម និងការខិតខំរបស់កម្ពុជាខាងផ្នែកមនុស្សធម៌។
លោក ស្កុត ឲ្យដឹងទៀតថា តាមរយៈជំនួប ជាមួយថ្នាក់ដឹកនាំស្ថាប័នសភា និងរដ្ឋាភិបាលអាមេរិកនោះ លោកបានគូសរំលេចថា អ្វីដែលកម្ពុជាបានធ្វើនាពេលកន្លងមកនេះ ជារឿងដ៏ល្អ ដែលគួរតែអបអរសាទរ និងផ្តល់តម្លៃសម្រាប់កម្ពុជា។
នៅចំពោះថ្នាក់ដឹកនាំ និងសហការីក្រុមហ៊ុនបញ្ចុះបញ្ចូល របស់អាមេរិកនេះ សម្តេចតេជោគូសរំលេចថា ទំនាក់ទំនងកម្ពុជា-អាមេរិកបច្ចុប្បន្ន បានឈានដល់កម្រិតល្អប្រសើរមួយ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ។
សម្តេចតេជោបញ្ជាក់ថា អ្វីដែលអាមេរិក មិនធ្លាប់មានពីមុនមក ក្នុងទំនាក់ទំនងជាមួយកម្ពុជា គឺបានមានក្នុងពេលធ្វើទំនាក់ទំនង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេច ដូចជាការជួយឲ្យមានទីតាំងស្ថានទូតជាក់លាក់ ការរីកចម្រើនផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ កាន់តែកត់សម្គាល់ទៀតនោះ ក្នុងរយៈពេល ៤ខែឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានកំណើនគួរឲ្យសម្គាល់ ទោះបីស្ថិតក្នុងវិបត្តិកូវីដ។ ក្នុងនោះកម្ពុជា បាននាំទំនិញទៅកាន់អាមេរិក កើនឡើងដល់ទៅ៤៤ភាគរយ៕