ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ប្រជាពលរដ្ឋខ្មែរថា បច្ចុប្បន្ន កម្ពុជាមិនទាន់មាន ការបញ្ជូនពលករតាមរដូវកាល ទៅធ្វើការនៅក្រៅប្រទេសនៅឡើយទេ ដូច្នេះពលរដ្ឋខ្មែរកុំមានការភាន់ច្រឡំ និងជឿតាមការឃោសនារបស់ជនខិលខូច។

ការបកស្រាយរបស់ក្រសួងនេះ ដោយសារក្រសួង បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានថា មានជនខិលខូចមួយចំនួនទាំងជនជាតិខ្មែរ និងជនបរទេសជ្រកក្រោមស្លាកសាលាភាសា អង្គការ និងសមាគមផ្សេងៗ បានចុះផ្សព្វផ្សាយជ្រើសរើស និងប្រមូលថវិកាពីពលរដ្ឋ ដោយធានាអះអាងថា អាចបញ្ជូនទៅធ្វើការតាមរដូវកាល នៅក្រៅប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ។ នេះយោងតាមសេចក្ដីជូនដំណឹងក្រសួងនាថ្ងៃ១២ ឧសភា ។
ក្រសួងបញ្ជាក់ថា កន្លងមកក្រសួងក៏ធ្លាប់ទទួលបានការស្នើសុំ ឲ្យមានកិច្ចសហការលើការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស តាមរដូវកាលផងដែរ ប៉ុន្តែក្រសួងសង្កេតឃើញថា ការបញ្ជូនពលករទៅធ្វើការ តាមរដូវកាលនេះ នៅមានបញ្ហាប្រឈមមួយចំនួន ដូចជា មិនទាន់មានយន្តការសមស្រប និងច្បាស់លាស់ ការងារមានរយៈពេលខ្លី ខណៈការចំណាយខ្ពស់ មិនសមស្របនឹងប្រាក់ចំណូលដែលទទួលបាន ហើយលក្ខខណ្ឌការងារនៅមិនទាន់ត្រូវបានធានា និងការពារដោយបទដ្ឋានគតិយុត្ត នៃប្រទេសទទួលនៅឡើយ។
ក្រសួងការងារបន្ថែមថា «សូមបញ្ជាក់សាជាថ្មីជូនប្រជាពលរដ្ឋ សាធារណជន ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់ ឱ្យបានជ្រាបថា បច្ចុប្បន្នកម្ពុជាមិនទាន់ មានការបញ្ជូនពលករតាមរដូវកាលទៅធ្វើការនៅក្រៅ ប្រទេសនៅឡើយទេ ដោយទាមទារឲ្យមានការសិក្សាស្រាវជ្រាវលើស្ថានភាពសេដ្ឋកិច្ច នៃប្រទេសទទួល លក្ខខណ្ឌការងារ កម្រៃសេវាដែលពលករត្រូវចំណាយ ជាពិសេសលើយន្តការនៃការបញ្ជូន ដើម្បីទទួលបានឱកាសការងារសមរម្យនៅក្រៅប្រទេស»។
ក្រសួងបន្ដថា ករណីមានកិច្ចព្រមព្រៀង លើការបញ្ជូនពលករទៅធ្វើការ តាមរដូវកាលនៅក្រៅប្រទេសជាមួយប្រទេសណាមួយនោះ ក្រសួងនឹងជូនដំណឹងជាសាធារណៈ ៕

