ព័ត៌មានជាតិ

អាមេរិក នៅតែបង្ហាញកង្វល់លើ មូលដ្ឋានទ័ពជើងទឹករាម ខណៈកម្ពុជាអះអាងជាថ្មី មិនអនុញ្ញាឲ្យមានវត្តមាន យោធាបរទេស (Video)

ភ្នំពេញ៖ សហរដ្ឋអាមេរិក នៅតែបង្ហាញពីកង្វល់ជុំវិញ ការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម និងស្ថានភាពលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា ខណៈកម្ពុជាអះអាងជាថ្មី និងបញ្ជាក់ច្បាស់ពីការប្រកាន់ខ្ជាប់របស់កម្ពុជា ចំពោះគោលការណ៍រដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលមិនអនុញ្ញាតឲ្យវត្តមានយោធាបរទេស នៅលើទឹកដីកម្ពុជាឡើយ ។ រឿងមូលដ្ឋានកងទ័ពជើងទឹករាមនេះ មហាអំណាចអាមេរិក បានចោទថាកម្ពុជា បានផ្ដល់មូលដ្ឋានឲ្យកងទ័ពចិន ទោះបីមានការបញ្ជាក់យ៉ាងច្បាស់ៗ ជាច្រើនលើក ច្រើនសារ ពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ ក៏ពួកគេមិនជឿ ហើយបន្តចោទកម្ពុជាដដែលជាដដែល ។

កាលពីថ្ងៃទី១១ ឧសភា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក នៅក្រសួងការបរទេសអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន នៅអំឡុងពេលមុនកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-អាមេរិក។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានបញ្ជាក់ឲ្យដឹងថា «ក្នុងជំនួបនោះលោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងពីកង្វល់មួយចំនួន ទាក់ទងនឹងការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម និងស្ថានភាពលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា ។ […] ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអះអាងសាជាថ្មីអំពី ការប្រកាន់ខ្ជាប់របស់កម្ពុជា ចំពោះគោលការណ៍រដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលហាមឃាត់វត្តមានយោធាបរទេស ។ កាយវិការដែលកម្ពុជាបានធ្វើឡើង ក្នុងការអនុញ្ញាតឲ្យមានដំណើរទស្សនកិច្ចនានា ទៅកាន់មូលដ្ឋាននេះជាច្រើនលើកច្រើនសារ គឺជាកាយវិការដែលមិនធ្លាប់មាន សម្រាប់ប្រទេសនានា បើពិនិត្យមើលពីទិដ្ឋភាពក្នុង វិស័យយោធា» ។

សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងរឿងកំពង់ផែរាមនេះដែរ មន្ត្រីយោធាខ្មែរ៤រូប បានរងភាពអយុត្តិធម៌ ព្រោះកត្តាភូមិសាស្ត្រនយោបាយ ពាក់ព័ន្ធតំបន់តារាសាគរ និងកំពង់ផែរាម ដែលអាមេរិក និងសម្ព័ន្ធមិត្តបានចោទថាជាទីតាំង ចិនកសាងមូលដ្ឋានយោធា ។ គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២១ អាមេរិក បានដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់ និងអ្នករកស៊ីខ្មែរចំនួន៥នាក់ រួមមាន៖ លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស លោក គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លោក ចៅ ភិរុណ លោក ទៀ វិញ និងលោកឧកញ៉ា ទ្រី ភាព ។

ក្នុងជំនួបនោះដែរលោកស្រី Wendy Sherman ក៏បានលើកឡើងពីឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បំពេញតួនាទីជាប្រេសិតពិសេស នៃប្រធានអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា និងបានជំរុញឲ្យមានការប្រាស្រ័យទាក់ទង ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈបទពិសោធន៍ដ៏ឈឺចាប់ពីជម្លោះ និងអំពើប្រល័យពូជសាសន៍អស់រយៈកាល ៣០ឆ្នាំកន្លងមក កម្ពុជាតែងតែប្រកាន់យកនូវវិធីសាស្រ្ត ប្រកបដោយសង្គតិភាពក្នុងការការពារសន្តិភាព និងគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ នៅក្នុងការអនុវត្តនយោបាយ ការបរទេសរបស់ខ្លួន ជាពិសេសនៅក្នុងបរិបទនៃបញ្ហាមីយ៉ាន់ម៉ា និងជម្លោះនៅអ៊ុយក្រែន។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណការគាំទ្ររបស់អាមេរិក ចំពោះការងាររបស់ប្រេសិតពិសេស ស្តីពីបញ្ហាមីយ៉ាន់ម៉ា ហើយបានរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការស្នើសុំឲ្យមានកិច្ចប្រជុំជាមួយ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសតួអង្គដែលកំពុង ស្ថិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដូចជាលោកស្រី អោង សាន់ស៊ូជី និងលោកអតីតប្រធានាធិបតី វីន មីន ដើម្បីជំរុញវឌ្ឍនភាពនៃអាទិភាព ក្នុងការបញ្ឈប់អំពើហិង្សា ការផ្តល់ជំនួយមនុស្សធម៌ និងកិច្ចសន្ទនានយោបាយប្រកបដោយបរិយាប័ន្ន។ កម្ពុជានឹងបន្តការប្ដេជ្ញាចិត្តរបស់ខ្លួន ចំពោះវិធីសាស្រ្តដែលដើរមួយជំហានម្តងៗ និងការផ្តោតលើសកម្មភាពជាក់ស្តែង តាមរយៈការអនុវត្តយន្តការកសាងទំនុកចិត្ត និងភាពជឿជាក់ ក្នុងចំណោមភាគីពាក់ព័ន្ធផ្សេងៗ ៕

To Top