ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ-គ.ជ.ប ណែនាំពីការធានានិរន្តរភាព ការងាររដ្ឋបាល ក្នុងរយៈពេលយុទ្ធនាការ ឃោសនាបោះឆ្នោតឃុំ-សង្កាត់

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ និង គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតចេញ(គ.ជ.ប ) បានចេញសេចក្តីណែនាំរួម ស្តីពីការធានានិរន្តរភាពការងារ របស់រដ្ឋបាលឃុំ សង្កាត់ ក្នុងរយៈពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់។

សេចក្តីណែនាំរួមនេះ ធ្វើឡើងដើម្បីអនុវត្ត ឲ្យបានត្រឹមត្រូវតាមវិធាន ដែលបានចែង ក្នុងច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រមទាំងធានានិរន្តភាព ការងាររបស់រដ្ឋបាលឃុំ សង្កាត់ប្រកបដោយប្រក្រតីភាព ក្នុងរយៈពេលដំណើរការបោះឆ្នោត។

ក្រសួងបានណែនាំដូចខាងក្រោម៖ចំពោះមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ចាប់ពីពេលបើកយុទ្ធនាការឃោសនា បោះឆ្នោត រហូតដល់ថ្ងៃប្រកាស លទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវខិតខំពង្រឹង សាមគ្គីភាព និងសហប្រតិបត្តិការគ្នា ដើម្បីបំពេញការងារ ឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងត្រូវប្រកាន់ជំហរអព្យាក្រឹត មិនលម្អៀង។

ក្នុងនោះស្មៀន ឃុំ សង្កាត់ត្រូវប្រកាន់ អាកប្បកិរិយាការងារ និងត្រូវយកចិត្តទុកដាក់បំពេញ តួនាទីភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃំ សង្កាត់ ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងប្រកាសសី្តពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ស្មៀនឃុំ សង្កាត់ ព្រមទាំងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ដូចមន្ត្រីរាជការស៊ីវិលដទៃទៀតដែរ ។

ជាមួយគ្នានោះផងដែរ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិត្រូវ អនុវត្តឲ្យបានម៉ឺងម៉ាត់ តាមសៀវភៅណែនាំ របស់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតស្តីពីភារកិច្ច និងកាតព្វកិច្ចរបស់មេភូមិ និងជំនួយការមេភូមិ ក្នុងដំណើរការរៀបចំការ បោះឆ្នោត ព្រមទាំងត្រូវអនុវត្តតួនាទី និងកាតព្វកិច្ចស្របតាមច្បាប់ បទបញ្ជា និង នីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top