នយោបាយ

សម្ដេចតេជោ ៖ ពេលនេះជាវិធីមួយ ដ៏សាកសម សម្រាប់ថ្នាក់ដឹកនាំអាស៊ាន-អាមេរិកជួបជុំគ្នា រំលឹកព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រ (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានលើកឡើងថា នៅឆ្នាំនេះគឺជាខួបលើកទី៤៥ នៃទំនាក់ទំនងកិច្ចសន្ទនារវាងអាស៊ាន-សហរដ្ឋអាមេរិក ហើយដែលពេលនេះគឺជាវិធីមួយ ដ៏សាកសម ដែលថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បានជួបជុំគ្នា នៅក្នុងសេតវិមាន ដើម្បីរំលឹកនូវព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រ នៃភាពជាដៃគូដ៏យូរអង្វែង ។

ការលើកឡើងរបស់សម្ដេចតេជោបែបនេះ ក្នុងពិធីលាងសាយភោជន៍រៀបចំ ដោយលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) នារដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ។

ក្នុងឱកាសនោះសម្ដេចតេជោថ្លែងថា ជាការពិតកិច្ចសហប្រតិបត្តិការ ដែលឈរលើមូលដ្ឋានមួយដ៏រឹងមាំ និងម៉ឺងម៉ាត់នៃការគោរពគ្នា ទៅវិញទៅមក មានការរក្សានូវឧត្តមប្រយោជន៍រួម បានឆ្លងកាត់រយៈពេលមួយដ៏វែងឆ្ងាយ និងជាពិសេសបានជំនះ នូវឧបសគ្គ ប្រកបដោយភាពជោគជ័យ។

សម្តេចតេជោក៏បានរំលែកទុក្ខ ដោយសារសហរដ្ឋអាមេរិក បានប្រកាសនៅក្នុងថ្ងៃនេះ ថាអាមេរិកបានទម្លាក់ទង់ជាតិ មកពាក់កណ្ដាលដង ដើម្បីគោរពដល់វិញ្ញាណក្ខន្ធ ប្រជាពលរដ្ឋចំនួន១លាននាក់ បានបាត់បង់ជីវិតដោយជំងឺកូវីដ ហើយសម្ដេចក៏ចូលរួមសំដែង សាមគ្គីភាពដ៏ជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋសហរដ្ឋអាមេរិក ក្នុងឱកាសនេះ ។

សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ កម្ពុជាបានជ្រើសរើស យកប្រធានបទអាស៊ាន រួមគ្នាធ្វើការដោះស្រាយ បញ្ហាប្រឈមទាំងអស់គ្នា ដែលផ្អែកលើស្មារតី ដែលអាស៊ាន បាននិងកំពុងខិតខំរួមគ្នា ដើម្បីរក្សាសន្តិភាព និងស្ថិរភាព ក៏ដូចជាលើកកម្ពស់ ការអនុវត្តនូវវិបុលភាព ប្រកបដោយចីរភាពនិងបរិយាបន្ន ។ ជាការពិតក៏ទទួលស្គាល់តួនាទី ប្រកបដោយភាពវិជ្ជមាន របស់ដៃគូខាងក្រៅ របស់អាស៊ាន ជាពិសេសសហរដ្ឋអាមេរិក នៅក្នុងដំណើរការទាំងមូលនេះ។

សម្ដេចតេជោក៏បានគូសបញ្ជាក់ក្នុងឱកាសនោះថា អាមេរិកគឺដើរតួនាទីសំខាន់ក្នុងពិភពលោក ហើយតួនាទីនេះប្រសិនជាសេដ្ឋកិច្ចសហរដ្ឋអាមេរិកល្អ នោះសេដ្ឋកិច្ចពិភពលោក ក៏ល្អប្រសើរផងដែរ ហើយលើសពីនេះកន្លងមក អាមេរិកបានដើរតួនាទីសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនៅកូវីដ-១៩ ក្នុងការផលិតវ៉ាក់សាំងជាដើម។

ក្នុងឱកាសនោះ សម្តេចតេជោ ក៏បានអរគុណដល់ប្រធានាធិបតីអាមេរិក ដែលបានផ្ដល់វ៉ាក់សាំង ជូនដល់កម្ពុជា រួមទាំងវ៉ាក់សាំង johnson and johnson ចំនួន១លានដូស ហើយនិងមានវ៉ាក់សាំង ២លានដូសបន្ថែមទៀត ហើយសន្យាថា និងផ្ដល់វ៉ាក់សាំងជាង៥លានដូសបន្ថែមទៀត សម្រាប់កម្ពុជានាពេលខាងមុខ ៕

To Top