ព័ត៌មានជាតិ

ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បង្កើតប្រាក់ចំណូលជិត ៧ទ្រីលានដុល្លារ និងផ្តល់ការងារជាង ១៤លាននាក់

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា នៅទូទាំងពិភពលោក សមាជិកភាពរបស់ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានមានចំនួនជិត ១៨០ក្រុមហ៊ុន បានបង្កើតប្រាក់ចំណូលជិត ៧ទ្រីលានដុល្លារអាមេរិក និងផ្តល់ការងារប្រមាណជាង ១៤.៥លាននាក់។

កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ បានចូលរួមអម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងជំនួបរវាងថ្នាក់ដឹកនាំអាស៊ាន ជាមួយថ្នាក់ដឹកនាំធុរកិច្ចសហរដ្ឋអាមេរិក ដែលសហការរៀបចំឡើង ដោយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ។

ជំនួបនេះរៀបចំឡើង ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ និងផ្គូរផ្គងធុរកិច្ច រវាងប្រទេសជាសមាជិកអាស៊ាន និងសហរដ្ឋអាមេរិក ក្នុងគោលបំណងស្វែងយល់បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពពាណិជ្ជកម្ម-វិនិយោគនៅក្នុងតំបន់អាស៊ាន ព្រមទាំងដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មបន្ថែមទៀតនៅពេលខាងមុខ សំដៅចូលរួមចំណែកក្នុងការស្ថារសេដ្ឋកិច្ចឡើងវិញពីវិបត្តិជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្ដិ បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៨៤ មក ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន គឺជាអង្គការដ៏សំខាន់មួយ សម្រាប់សាជីវកម្មរបស់សហរដ្ឋអាមេរិក ដែលបានប្រតិបត្តិការយ៉ាងសកម្ម នៅក្នុងតំបន់អាស៊ាន ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា «នៅទូទាំងពិភពលោក សមាជិកភាពរបស់ក្រុមប្រឹក្សានេះចំនួនជិត១៨០ក្រុមហ៊ុន បង្កើតបានប្រាក់ចំណូលជិត៧ ទ្រីលានដុល្លារអាមេរិក និងផ្តល់ការងារប្រមាណជាង ១៤.៥លាននាក់» ។

លោករដ្ឋមន្រ្តីបន្តថា សព្វថ្ងៃនេះសមាជិករបស់ក្រុមប្រឹក្សានេះរួមមាន ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក ដែលធ្វើអាជីវកម្មក្នុងអាស៊ាន និងរាប់ចាប់ពីអាជីវកម្មថ្មីៗ រហូតដល់ក្រុមហ៊ុនដែលបាន ប្រតិបត្តិនៅតំបន់អាស៊ីអាគ្នេយ៍ជាង ១០០ឆ្នាំមកហើយ ៕

To Top