ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅតែបន្ដរក្សាការប្រើប្រាស់ទឹកខ្មៅ លុបមិនជ្រះរបស់ក្រុមហ៊ុន MYSORE PAINTS &VARNISH LTD. នៃប្រទេសឥណ្ឌា សម្រាប់ប្រើដំណើការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។ នេះប;យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ គ.ជ.ប។
ក្នុងកិច្ចផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើតេស្តទឹកខៅ្មលុបមិនជ្រះ ត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ លោក ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប បានថ្លែងថា «មិនខុសពីការបោះឆ្នោតអាណត្តិមុនៗ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះ គ.ជ.ប នៅតែបន្តរក្សាការប្រើប្រាស់ទឹកខ្មៅលុបមិនជ្រះ របស់ក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. នៃប្រទេសឥណ្ឌា ដែលជាក្រុមហ៊ុនមានឯកទេសក្នុងការផលិតទឹកខៅ្ម និងធ្លាប់បានផ្គត់ផ្គង់ជូន គ.ជ.ប រៀងរាល់ការបោះឆ្នោត»។
លោក បានបញ្ជាក់ថា គ.ជ.ប បានធ្វើការបញ្ជាការផលិតជាផ្លូវការទៅ ក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. នៃប្រទេសឥណ្ឌានូវទឹកខ្មៅលុបមិនជ្រះ កម្រិត សូលុយស្យុងប្រាក់នីត្រាត ២០% ចំនួនសរុប ៥២.០០០ដប ក្នុង ១ដប ចំណុះ ៧០មីលីលីត្រ ដោយដបនីមួយៗរចនារាងខ្លីជាងមុន និងមានអេប៉ុងខាងក្នុងដប ដើម្បីឲ្យអ្នកបោះឆ្នោតងាយស្រួល ក្នុងការជ្រលក់ម្រាមដៃ។
លោក បន្ដថា ទឹកខ្មៅលុបមិនជ្រះទាំងនោះ គ.ជ.ប បែងចែកដូចជា ៖ ផ្តល់ជូនក្នុងមួយការិយាល័យបោះឆ្នោត ២ដប, បម្រុងរក្សាទុកនៅគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ទាំងរាជធានី ខេត្ត ចំនួន ៨០០ដប ដើម្បីដោះស្រាយពេលមានតម្រូវការចាំបាច់ និងរក្សាទុកនៅ គ.ជ.ប មួយចំនួន ៕