ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទីបានថ្លែងថា ឆ្នាំ២០២០-២០២១ គឺជាឆ្នាំដ៏លំបាកបំផុតក្នុងប្រវត្តិសាស្ត្ររបស់ ពិភពលោក ក៏ដូចជាកម្ពុជា អាស្រ័យដោយផលប៉ះពាល់អវិជ្ជមាន បញ្ហាប្រឈមនិងហានិភ័យជាច្រើនមិនធ្លាប់មានពីមុនមក បណ្តាលមកពីជំងឺកូវីដ-១៩។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ០១ខ្នង ០២ជាន់ ១២បន្ទប់ នៅវិទ្យាល័យរុក្ខគិរី ស្រុករុក្ខគិរី ខេត្តបាត់ដំបង នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ សម្ដេច ស ខេង មានប្រសាសន៍ថា “ឆ្នាំ២០២០ និងឆ្នាំ២០២១ គឺជាឆ្នាំដ៏លំបាកបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ ពិភពលោក ក៏ដូចជាកម្ពុជា អាស្រ័យដោយផលប៉ះពាល់អវិជ្ជមាន បញ្ហាប្រឈមនិងហានិភ័យជាច្រើនមិនធ្លាប់មានពីមុនមកបណ្តាលមកពីជំងឺកូវីដ-១៩”។
សម្ដេច បន្ដថា ជំងឺនេះ មិនត្រឹមតែបង្កបញ្ហាសុខភាព និងបណ្ដាលឱ្យមានការបាត់បង់អាយុជីវិតប្រជាជន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ សកម្មភាពអាជីវកម្ម ជាច្រើនស្ទើរគ្រប់វិស័យរងផលប៉ះពាល់ ជាពិសេសវិស័យទេសចរណ៍ ខណៈដែល វិស័យអប់រំក៏រងផលប៉ះពាល់ខ្លាំងដោយសារការបិទសាលារៀន ទោះបីសិស្សនៅ អាចរៀនតាមអនឡាញក្តី។
សម្ដេច បន្ថែមថា ឱកាសរកប្រាក់ចំណូល ការងារ និងជីវភាពរស់នៅប្រចាំ ថ្ងៃរបស់ប្រជាជន ក៏ត្រូវរងផលប៉ះពាល់ខ្លាំង ប៉ុន្តែជារួម ក្រោមការដឹកនាំ របស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងភាពស្វាហាប់ជាមួយនឹងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដៃម្ខាងប្រឹងប្រែងប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយជំងឺកូវីដ-១៩ តាមរយៈការកំណត់យកការចាក់វ៉ាក់សាំង ជាវិធានការយុទ្ធសាស្រ្តគន្លឹះ គួបផ្សំជាមួយវិធាន៣ គឺការទប់ស្កាត់ និងរុករកការ ឆ្លង ការពង្រឹងសមត្ថភាពព្យាបាល និងការប្រើប្រាស់ថ្នាំ និងការអនុវត្តដោយហ្មត់ចត់ នូវវិធានការរដ្ឋបាល និងវិធានការច្បាប់ ដៃម្ខាងទៀតអនុវត្តនូវកញ្ចប់គោលនយោបាយ អន្តរាគមន៍សង្គម និងសេដ្ឋកិច្ច។
សម្ដេច ស ខេង លេីកឡេីងទៀតថា ប្រការខាងលើនេះបានធ្វើឱ្យប្រទេសកម្ពុជាក្លាយ ជាប្រទេសមួយក្នុងតំបន់ និងលើសកលលោក ដែលសម្រេចបាននូវការចាក់វ៉ាក់ សាំងជូនប្រជាជនក្នុងកម្រិតមួយខ្ពស់ជាងគេ និងធ្វើឱ្យកម្ពុជាសម្រេចបាននូវភាព សុំក្នុងសហគមន៍នៅត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១ សម្រាប់ការការពារអាយុ ជីវិតប្រជាជន និងសម្រាប់ការបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចពេញ លេញឡើងវិញ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១៕