ភ្នំពេញ: លោកបណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមពិសាអាហារសាមគ្គី ជាមួយគ្រូពេទ្យសម្ដេចតេជោ ប្រឆាំង-១៩ នៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិ ជ្រោយចង្វារ។

លោក សូមថ្លែងអំណរគុណ និងអបអរសាទរក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺ covid-19 បានជោគជ័យ ធ្វើឱ្យប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់ទី២ ក្នុងការគ្រប់គ្រងជំងឺcovid 19 បានល្អប្រសើរ ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ភាពជោគជ័យនេះមិនមែន ជាការចៃដន្យនោះទេ គឺសម្ដេចតេជោ ហ៊ុន សែន មានយុទ្ធសាស្ត្រ និងការសម្រេចចិត្តច្បាស់លាស់ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេស ហើយទទួលបានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ នៃការរីករាលដាល ជំងឺកូវី-១៩ ខណៈដែលប្រទេសជឿនលឿនមួយចំនួន មិនបានចាក់វ៉ាក់សាំងគ្រប់នៅឡើយ។
លោកបណ្ឌិត បន្ថែមថា សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ(TYDA) គឺជាកម្លាំងសរុបជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ តាមរយ:ការអនុវត្តជាក់ស្ដែង នៅតាមគោលដៅ មជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដោយមានការចូលរួមពីសប្បុរសជន កងកម្លាំង អាជ្ញាធរ និងផ្នែកដែលពាក់ព័ន្ធ ធ្វើឱ្យយើងទទួលបាន ភាពជោគជ័យ មកដល់ពេលនេះ។
លោក ក៏សូមអរគុណក្រុមការងារ សប្បុរសជនកងកម្លាំងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងផ្នែកដែលពាក់ព័ន្ធដែលបានចូលរួម ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហាលខ្យល់ ហាលភ្លៀង ហាលក្តៅ រហូតធ្វើឱ្យយើងទទួលបាន ភាពជោគជ័យដូចសព្វថ្ងៃនេះ។ មិនតែប៉ុណ្ណោះ ការចូលរួមចំណែកនេះបានធ្វើឱ្យប្រទេសកម្ពុជា ជាប់លំដាប់ថ្នាក់លេខ២ បន្ទាប់ពីសហរដ្ឋអាមេរិកនៅក្នុងការប្រកួតប្រជែងផ្នែកសន្តិសុខ និងសុខភាព៕







