បាត់ដំបង ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ ដែលត្រូវជាថ្ងៃទី២ នៃដំណើបេសកកម្មចុះពិនិត្យស្ថានភាពទឹកនៅភូមិភាគពាយព្យ នាដើមរដូវវស្សាឆ្នាំ២០២២ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំក្រសួង លោកប្រធានមន្ទីរធនធានទឹក និង ឧតុនិយម ខេត្តបាត់ដំបង និងខេត្តបន្ទាយជ័យ ព្រមទាំងក្រុមមន្រ្តីបច្ចេកទេស បានចុះពិនិត្យប្រព័ន្ធធារាសាស្រ្តមួយ ចំនួនក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

បេសកកម្មនេះ មានគោលបំណងសំខាន់ៗ ចំនួន៣រួមមាន៖

១- វាយតម្លៃស្ថានភាពទឹកនាដើមរដូវវស្សាឆ្នាំ២០២២ ដែលឆ្នាំនេះភ្លៀងបានធ្លាក់ឆាប់ជាងនិងបរិមាណច្រើនជាងបណ្តាឆ្នាំកន្លងទៅ។ (ជាក់ស្តែងបច្ចុប្បន្នទំនប់អាងកំពីងពួយ បានមានបរិមាណទឹក ៦០លានម៉ែត្រគូប ស្មើនឹង៤០ភាគរយ នៃកម្រិតស្តុកទឹកអតិបរមា១៥០លានម៉ែត្រគូប)

២- ណែនាំបច្ចេកទេស កែលម្អនូវចំនុចខ្វះខាតក្នុងការកសាងគម្រោងការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដែលកំពុងជំរុញការងារសាងសង់យ៉ាងសកម្ម រហូតមកដល់ពេលនេះម្រេចបានប្រមាណ ៨០ភាគរយនៃផែនការ។

៣- ចុះពិនិត្យជាក់ស្តែងអំពីស្ថានភាពដោះទឹក លិចដីស្រែបងប្អូនប្រជាកសិករ នៅឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលទើបជន់លិចដោយបរិមាណទឹកភ្លៀងធ្លាក់លើសលប់ មានប្រភពមកពីស្រុកម៉ាឡៃ។

លោករដ្ឋមន្រ្តីបានចាត់បញ្ជាភ្លាមៗ ឲ្យប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ កាយកាត់ផ្តាច់ប្រឡាយចារ ដែលបាននិងកំពុងស្តារពង្រីកមុខកាត់ឲ្យធំជាងមុន តែមិនទាន់បានកាត់ផ្តាច់ នៅឡើយ ដោយសភាពការណ៍ជាក់ស្តែង ចំពោះមុខមានភ្លៀងធ្លាក់ខ្លាំង គឺចាំបាច់ត្រូវកាត់ផ្តាច់ជាបន្ទាន់ បើកមុខទឹកដើម្បីបន្ធូរ ឲ្យទឹកធ្លាក់ទៅក្រោមតម្រង់ ឆ្ពោះទៅបឹងទន្លេសាបសិន ៕



















