ព័ត៌មានជាតិ

គ.ជ.ប អំពាវនាវឲ្យពលរដ្ឋត្រៀមខ្លួន និងចូលរួមបោះឆ្នោតឃុំ-សង្កាត់ គ្រប់ៗគ្នា (Video)

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ត្រៀមខ្លួន ឬត្រៀមឯកសារ ដើម្បីចូលរួមបោះឆ្នោតឃុំ-សង្កាត់ នាពេលខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។

យោងតាមសេចក្ដីអំពាវនាវរបស់ គ.ជ.ប នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ថា «សូមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ទាំងអស់ត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត (ឯ.អ) ដើម្បីចូលរួមបោះឆ្នោត នៅថ្ងៃបោះឆ្នោតឲ្យបានគ្រប់ៗគ្នា»។

លោកបន្ដថា ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ដែលបានប្រើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោត ហើយមិនទាន់មាន អ.ខ ឬ អ.ខ បានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ សូមប្រញាប់រួសរាន់ ទៅស្នើសុំ ឯ.អ ពីគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត និងអាជ្ញាធរឃុំ សង្កាត់ នៃឃុំ សង្កាត់ ដែលខ្លួនត្រូវទៅបោះឆ្នោតឲ្យបានទាន់ពេលវេលា។

លោក ក៏បានរំលឹកថា ការចេញ ឯ.អ ចាប់ផ្តើមពីថ្ងៃទី៥ ឧសភា នឹងត្រូវបញ្ឈប់នៅថ្ងៃទី៣ មិថុនា។ លោក ណែនាំប្រធានគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត, មេឃុំ ចៅសង្កាត់ និងមេភូមិ ត្រូវធ្វើការផ្សព្វផ្សាយសេចក្តីអំពាវនាវនេះ ឲ្យបានទូលំទូលាយ ដើម្បីជំរុញឲ្យប្រជាពលរដ្ឋមកស្នើសុំ ឯ.អ បានទាន់ពេលវេលាដោយឥតបង់ថ្លៃ។

លើសនេះ ប្រធាន គ.ជ.ប បានសង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត និងមេឃុំ ចៅសង្កាត់ នឹងយកចិត្តទុកដាក់ជំរុញ និងពង្រឹងការចេញ ឯ.អ ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំ សង្កាត់របស់ខ្លួន។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៥ ខែមិថុនាឆ្នាំ២០២២ ចាប់ផ្តើមពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល៕

To Top