ភ្នំពេញ: តុលាការកំពូល កាលពីព្រឹក ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២នេះ បានប្រកាសសាលដីកា តម្កល់ទោស បុរសម្នាក់ ជាប់ពន្ធនាគារ កំណត់ ១០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការវាយ និង រឹតករ សម្លាប់ ស្រ្តីជនរងគ្រោះម្នាក់ ដែលត្រូវ ជាសង្សារខ្លួន ដោយសារតែខឹងនឹងនាង បានភ្ជាប់ពាក្យគូរដណ្ដឹង និង បោះបង់ចោលខ្លួនចោល ប្រព្រឹត្ត នៅក្រុមទី១១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ ២០១៩ ។
លោក គង់ ស្រ៊ីម ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានអោយដឹងថា ទណ្ឌិត រូបនេះ មាន ឈ្មោះ សួង ភិន ហៅ ធួន ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរជាងសំណង់ ផ្នែករៀបឥដ្ឋ មានស្រុកកំណើតភូមិស្វាយក្រោម ឃុំត្រដេស ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។ ចំណែកឯជនរងគ្រោះ ឈ្មោះ ឈឺន ចាន់រដ្ឋ ភេទស្រី អាយុ២៩ឆ្នាំ មានស្រុកកំណើតឃុំអង្គរទ្រេត ស្រុកព្រៃវែង ខេត្ដព្រៃវែង និងស្នាក់នៅការដ្ឋានសំណង់ក្រុមទី១១ ភូមិ៣ សង្កាត់៣ក្រុងព្រះ សីហនុ ។
អ្នកទាំង២នាក់ គឺ គូសង្សារនឹងគ្នា។
នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃ ឧសភា ឆ្នាំ ២០២០ បានផ្តន្ទាទោស ទណ្ឌិត ឈ្មោះ សួង ភិន ហៅ ធួន ភេទ ដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ ពីបទ« ឃាតកម្ម » តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ។ តែ គាត់ ប្តឹងរឧទ្ទរណ៍។ សាលាឧទ្ធរណ៍ ក៏បានតម្កល់ទណ្ឌរបស់គាត់ ដដែល។ គាត់ ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។
ទណ្ឌិត ឈ្មោះ សួង ភិន ត្រូវបានសមត្ថកិច្ចនគរបាល ចាប់ខ្លួន កាលពីថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១៩ នៅភូមិ ៣ សង្កាត់ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ៕
ដោយៈ លីហ្សា