ព័ត៌មានជាតិ

កម្ពុជា កំពុងប្រឈមនឹង ហានិភ័យខ្ពស់ ដោយសារវិបត្តិការបរបាញ់សត្វព្រៃ និងដាក់អន្ទាក់

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ធនធានសត្វព្រៃរបស់កម្ពុជា កំពុងប្រឈមនឹងហានិភ័យខ្ពស់ ដោយសារវិបត្តិនៃការបរបាញ់ និងដាក់អន្ទាក់ កើតឡើងបណ្តាលមកពីជួញដូរសត្វព្រៃ។ នេះយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។

ក្នុងសន្និសីទកាសែត នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅស្នាក់ការដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ខេត្តព្រះវិហារ លោក នេត្រ ភក្ត្រា បានទទូចដល់ប្រជាពលរដ្ឋទាំងអស់ និយាយថាទេចំពោះសាច់សត្វព្រៃ និងចូលរួមក្នុងសកម្មភាពអភិរក្ស ធនធានធម្មជាតិរបស់កម្ពុជា ឲ្យនៅស្ថិតស្ថេរគង់វង្ស។

លោកបញ្ជាក់ថា «ធនធានសត្វព្រៃរបស់ប្រទេសកម្ពុជា កំពុងប្រឈមនឹងហានិភ័យខ្ពស់ ដោយសារវិបត្តិនៃការបរបាញ់ និងការដាក់អន្ទាក់ដែលបាននិងកំពុង កើតឡើងបណ្តាលមកពីការប្រើប្រាស់ និងជួញដូរសត្វព្រៃដោយខុសច្បាប់។ ដើម្បីដោះស្រាយវិបត្តិនេះ ស្ថាប័ននៃរាជរដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តរជាតិជាដៃគូក្នុងវិស័យ បរិស្ថានបានមករួមគ្នានៅថ្ងៃនេះ ដើម្បីបើកយុទ្ធនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ គោលដៅចម្បងនៃយុទ្ធនាការនេះ គឺការឈានទៅលុបបំបាត់ ការប្រើអន្ទាក់គ្រប់ប្រភេទក្នុង តំបន់ការពារធម្មជាតិរបស់កម្ពុជា»។

រដ្ឋលេខាធិការ ក៏បានណែនាំដល់អាជ្ញាធរ គ្រប់ជាន់ថ្នាក់ចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនៃការចាប់ ដាក់អន្ទាក់ ប្រមាញ់ និងប្រមូលពងសត្វព្រៃគ្រប់ប្រភេទ និងបទល្មើសនៃការជួញដូរសត្វព្រៃ និងសំណាកសត្វព្រៃ ដើម្បីចូលរួមការពារនិងអភិរក្ស សត្វព្រៃនិងជីវៈចម្រុះគ្រប់ប្រភេទឲ្យបានគង់វង្ស និងរីកចម្រើន សម្រាប់បន្សល់ទុកដល់ មនុស្សរាប់ជំនាន់ទៀត។

សូមរំលឹកថា ក្នុងឆ្នាំ២០២១ ក្រសួងបរិស្ថាន និងស្ថាប័នអង្គការដៃគូរបស់ខ្លួន បានដកអន្ទាក់ចំនួន ៦១.៦១១ អន្ទាក់ ចេញពីតំបន់ការពារធម្មជាតិចំនួន៧២ និងច្រករបៀងជីវចម្រុះផ្សេងៗទៀតនៅកម្ពុជា។ ជាមធ្យម ក្នុងមួយឆ្នាំមានអន្ទាក់ជាង ៤០.០០០ ត្រូវបានដកចេញពីតំបន់ ការពារធម្មជាតិទាំងនេះ ៕

To Top