ដូចប្រិយមិត្តជ្រាបខ្លះៗហើយ តារាសម្តែងចាស់វង្សារាជិនីសម្រស់អ្នកនាង លី ម៉ារីណា បានសម្រេចចិត្តបញ្ចប់ចំណងស្នេហ៍ ចែកផ្លូវគ្នាដើរជាមួយលោកសាត ចាន់ថន ជាស្វាមី ក្រោយពីរួមរស់ជាមួយគ្នាបង្កើតបានកូនប្រុសម្នាក់ ជាចំណងដៃនិស្ស័យស្នេហ៍ ដែលកាលនោះ បានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្ររូបនាង មានការភ្ញាក់ផ្អើលជាខ្លាំង។

ក្រោយពីរឿងរ៉ាវជីវិតឯកជនរបស់អ្នកនាង លី ម៉ារីណា បានស្ងប់ស្ងាត់មួយអន្លឺ ស្រាប់តែពេលនេះ អ្នកនាង លី ម៉ារីណា បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងម្តងទៀត ដោយនាងបានបង្ហោះហ្វេសប៊ុកថា អតីតប្តីនាងបានលួចយក ទ្រព្យសម្បត្តិគ្រឿងអលង្ការ និងលុយរបស់នាងមួយចំនួន ហើយគេចខ្លួនបាត់ ។ ស្របពេលនោះដែរ អ្នកនាងសូមលោកសាត ចាន់ថន យកទ្រព្យសម្បត្តិមកឲ្យនាងវិញ ព្រោះទ្រព្យសម្បត្តិ និងលុយទាំងនោះជាកម្លាំង ញើសឈាមរបស់នាង។

យោងតាមគណនីហ្វេសប៊ុករបស់អ្នកនាង លី ម៉ារីណា ដែលបានបង្ហោះ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ មានខ្លឹមសារថា « នាងខ្ញុំសូមប្រកាសស្វែងរកលោកសាត ចាន់ថន ដែលបានលួចយកទ្រព្យសម្បត្តិ គ្រឿងអលង្ការរបស់ខ្ញុំ និងលុយមួយចំនួនយកទៅ ហើយគេចខ្លួនបាត់ សូមលោកមេត្តាយកមកអោយខ្ញុំវិញផង ព្រោះខ្ញុំទុកពលអោយលោកច្រើនថ្ងៃហើយ ទ្រព្យសម្បត្តិ និងលុយជាកម្លាំងញើសឈាមខ្ញុំ លោកមិនគួរធ្វើគំរូមិនល្អចឹងបន្សល់ដល់កូនទេ ទោះជាបែកគ្នា ក៏មិនត្រូវធ្វើសត្រូវនឹងគ្នាដែរ ទុកមុខរាប់គ្នាដើម្បីកូន សូមប្រគល់អ្វីដែលជារបស់ខ្ញុំ អោយមកខ្ញុំវិញមក រយៈដប់ឆ្នាំហើយ លោកមិនដែលមើលថែខ្ញុំ ហើយចិញ្ចឹមខ្ញុំមួយសេនទេ ហេតុអីមកលួចរបស់ខ្ញុំអស់ពីខ្លួនចឹង រាល់ថ្ងៃខ្ញុំគ្មានកម្លាំងចិត្តរកស៊ីតទៅទៀតទេ ចឹងសូមយកមកអោយខ្ញុំវិញមក ខ្ញុំត្រូវការចិញ្ចឹមកូនខ្ញុំតទៅមុខទៀត សូមមិត្តភក្តិបងប្អូន ដែលបានស្គាល់ជួយស៊ែរអោយគាត់ដឹងផង។ បើលោកមិនចង់បានរបស់ខ្ញុំទេ ហេតុអីមិនយកអោយខ្ញុំវិញ ចាំបាច់គេចខ្លួនបែបនេះ ខ្ញុំទុកឪកាសអោយលោកយូរដែរហើយ ក៏ព្រោះតែអាណិតកូន ។ សូមអធ្យាស្រ័យដល់បងប្អូនផង ដែលនាងខ្ញុំបានប្រកាសតាមរយៈសង្គម Fb បើមានផលប៉ះពាល់ដោយប្រការណាមួយ សូមអភ័យទោសទុកជាមុន»។

សូមបញ្ជាក់ថា អ្នកនាង លី ម៉ារីណា បានរៀបការនឹងលោកសាត ចាន់ថន នៅឯក្រៅប្រទេស កាលពីអំឡុងឆ្នាំ២០១២ និងបានមកកាត់ចំណងដៃនៅប្រទេសកម្ពុជា នាអំឡុងឆ្នាំ២០១៣ ខណ:ចំណងដៃអាពាហ៍ពិពាហ៍រវាងអ្នកនាង និងអតីតស្វាមីក៏ទទួលបានកូនប្រុសម្នាក់ផងដែរ។ ក្រោយមកចំណងស្នេហ៍របស់អ្នកទាំង២ បានដើរដល់ផ្លូវបំបែក ហើយអ្នកនាង លី ម៉ារីណា បានរៀបរាប់លើគណនីហ្វេសប៊ុករបស់ខ្លួនថា «នាងខ្ញុំ លី ម៉ារីណា សូមប្រកាសជាសាធារណៈថា នាងខ្ញុំ និងស្វាមីឈ្មោះ សាត ចាន់ថន បានបញ្ចប់ទំនាក់ទំនងជាប្ដីប្រពន្ធ ដោយសារភាពមិនចុះសម្រុងនឹងគ្នាហើយ។ អ៊ីចឹងអ្វីៗគ្រប់យ៉ាង នាងខ្ញុំសូមបញ្ចប់ដោយសន្តិវិធី និងទុកមុខរាប់អានគ្នា»។
ជុំវិញនឹងការចោទប្រកាន់ខាងលើនេះ អង្គភាពយើងនៅមិនទាន់សុំការ បកស្រាយបញ្ជាក់ពីលោកសាត ចាន់ថន បាននៅឡើយទេ តែយ៉ាងណា យើងរង់ចាំស្វាគមន៍ពី គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ៕
ដោយ៖ ម៉ានី

