ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាពន្លឿនការកសាង ប្រព័ន្ធសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំ (Video)

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ បានថ្លែងថា រាជរដ្ឋាភិបាល ប្ដេជ្ញាពន្លឿនវឌ្ឍនភាព ការអនុវត្តការដ្ឋានកែទម្រង់ឲ្យកាន់តែស៊ីជម្រៅ សំដៅកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គម ឲ្យកាន់តែរឹងមាំ និងមានភាពធន់ទៅនឹង វិបត្តិនាពេលអនាគត ។

ក្នុងសន្និសីទជាតិ ស្ដីពីទីផ្សារមូលបត្រកម្ពុជា «មួយទស្សវត្សរ៍ នៃការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា និងដំណើរឆ្ពោះទៅមុខ» នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ លោក អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា ការលេចឡើងនូវវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីៗជាបន្តបន្ទាប់, សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា និងភាពកាន់តែតានតឹងនៃភូមិសាស្ត្រនយោបាយ ជាពិសេស សង្គ្រាមរវាង រុស្ស៊ី និងអ៊ុយក្រែន គឺជាហានិភ័យចំពោះមុខ ដែលបាននិងកំពុងនាំមកនូវបច្ច័យ អវិជ្ជមានយ៉ាងស្រួចស្រាល និងបន្តដាក់សម្ពាធលើមាគ៌ា ងើបឡើងវិញ (Recovery pathway) នៃសេដ្ឋកិច្ចសកល តាមរយៈការបង្អាក់ នូវដំណើរការតំណភ្ជាប់សំខាន់ៗ នៃខ្សែច្រវ៉ាក់ ផលិតកម្មសកល និងការកើនឡើងនូវថ្លៃថាមពល ដែលជាលទ្ធផលបង្ក ឲ្យមានការកើនឡើង នូវថ្លៃទំនិញគ្រប់ប្រភេទ។

លោក បញ្ជាក់ថា «ស្ថិតក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាល បន្តប្ដេជ្ញាជំរុញពន្លឿនវឌ្ឍនភាព នៃការអនុវត្តការដ្ឋានកែទម្រង់ឲ្យកាន់តែស៊ីជម្រៅ សំដៅកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គម ឲ្យកាន់តែរឹងមាំ និងមានភាពធន់ទៅនឹងវិបត្តិនាពេលអនាគត ជាពិសេស ឆ្លើយតបបានទាន់ពេល ទៅនឹងនិន្នាការសំខាន់ៗ និងការវិវឌ្ឍយ៉ាងឆាប់រហ័សនៃព្រឹត្តិការណ៍នានា ក្នុងតំបន់ និងសកល»។

លោក ឧបនាយករដ្ឋមន្ដ្រី បានបន្ថែមថា ក្នុងន័យនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវ «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយនឹងកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឆ្នាំ ២០២១-២០២៣» ក្នុងគោលបំណងស្ដារសេដ្ឋកិច្ចកម្ពុជា ក្នុងពេលចំពោះមុខ និងក្នុងរយៈពេលមធ្យម ឲ្យត្រលប់ទៅរកមាគ៌ានៃកំណើនរបស់ខ្លួន និងពង្រឹងភាពធន់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន ក្នុងរយៈពេលវែង ដែលក្នុងនោះបានគូសរំលេចអំពីសារៈសំខាន់នៃការធ្វើបរិវត្តកម្មឌីជីថល (Digital Transformation) ក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីជំរុញល្បឿននៃការ ស្ដារសេដ្ឋកិច្ចជាតិឲ្យបានលឿន និងឆាប់រហ័សផងដែរ៕

To Top