ព័ត៌មានជាតិ

សម្តេចតេជោ ប្រកាសដូរ ថ្ងៃ ខែ ឆ្នាំកំណើត

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសដូរ ថ្ងៃ ខែ ឆ្នាំកំណើត បន្ទាប់ពីត្រឡប់មកពីចូលរួមកិច្ចប្រជុំនៅប្រទេសស្វីស នាពេលខាងមុខនេះ ។ សម្ដេច ក៏បានពិភាក្សាជាមួយ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌រួចរាល់ផងដែរ ចំពោះការដូរ ថ្ងៃ ខែ ឆ្នាំកំណើតនេះ។

ក្នុងពិធីជួបសំណេះសំណាលជាមួយ គ្រូពេទ្យសម្ដេចតេជោ ប្រឆាំងជំងឺកូវីដ-១៩ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ស្នើឲ្យតុលាការកែសម្រួល ថ្ងៃ ខែ ឆ្នាំកំណើតជាផ្លូវការ មកប្រើប្រាស់ ថ្ងៃ ខែ ឆ្នាំកំណើត ពិតប្រាកដរបស់សម្តេចវិញ គឺថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ។

សម្ដេចតេជោបញ្ជាក់ថា «ខ្ញុំ បានពិភាក្សាជាមួយឯកឧត្តម កើត រិទ្ធ ខ្ញុំវិលមករក ថ្ងៃ ខែ កំណើតរបស់ខ្ញុំវិញ ។ ថ្ងៃ ខែ កំណើតរបស់ខ្ញុំ ឥឡូវនេះ ខ្ញុំដាក់យកថ្ងៃដែលខ្ញុំចូលព្រៃ ថ្ងៃទី៤ ខែ៤ ឆ្នាំ៥១។ ខ្ញុំ ត្រឡប់មកពីស្វីសវិញ ខ្ញុំសូមឲ្យតុលាការកាត់ត្រូវឈ្មោះ តាមថ្ងៃ ខែ របស់យើងវិញហើយ ខ្ញុំកើតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២»។

សម្ដេចតេជោ ក៏បានពន្យល់ថា ក្រោយតុលាការរួចហើយ នឹងបន្ដទៀតទៅអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ហើយប្រវត្តិរូបរបស់ សម្ដេច នឹងដូរទាំងអស់ បន្ទាប់មកទៀត ក៏ធ្វើណោតទូត(Note)។ សម្ដេច ថា ក្រោយដូរ ថ្ងៃ ខែ ឆ្នាំកំណើត រួចរាល់ហើយនោះ នឹងប្រកាសជូនប្រជាពលរដ្ឋទូទាំងប្រទេសបានដឹងផងដែរ ៕

To Top