ព័ត៌មានជាតិ

សម្ដេចតេជោ បដិសេធសំណើ លោក ថោង ខុន ឲ្យលើកលែងការធ្វើចត្តាឡីស័ក ចំពោះអ្នកមិនចាក់វ៉ាក់សាំងចូលកម្ពុជា (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសបដិសេធ​ ចំពោះសំណើលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ក្រោយធ្វើសំណើរជូនសម្ដេច ដើម្បីលើកលែង អ្នកមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ ចូលកម្ពុជាបាន ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។

ការស្នើរបស់លោករដ្ឋមន្រ្តីទេសចរណ៍នេះ ក្រោយប្រទេសក្បែរខាងកម្ពុជា គឺវៀតណាម និងថៃ មានគម្រោងលើកលែង ការធ្វើចត្តាឡីស័ក ចំពោះអ្នកមិនចាកវ៉ាក់សាំង ឲ្យមកលេងកម្សាន្តនៅក្នុងប្រទេស។

ក្នុងពិធីជួបសំណេះសំណាលជាមួយ គ្រូពេទ្យសម្ដេចតេជោ ប្រឆាំងជំងឺកូវីដ-១៩ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា តាមការសំណូមពររបស់លោក ថោង ខុន ចង់លើកលែងការធ្វើចត្តាឡីស័ក សម្រាប់អ្នកមិនចាក់វ៉ាក់សាំងកូវីដ-១៩។ សម្ដេចបន្ដថា បើតាមសំណើរបស់ លោក ថោង ខុន បានលើកឡើងថា ប្រទេសវៀតណាម និងថៃ ប្រុងធ្វើការលើកលែងធ្វើចត្តាឡីស័ក សម្រាប់អ្នកមិនចាក់វ៉ាក់សាំង។

សម្ដេចតេជោ បានឆ្លើយតបវិញថា មិនអាចធ្វើតាមសំណើរបស់លោក ថោង ខុន ឡើយ គ្រាន់តែឲ្យសិក្សាទុកតែប៉ុណ្ណោះ។ សម្ដេចថា កម្ពុជា មិនទទួលក្រុមអ្នកប្រឆាំងវ៉ាក់សាំង មានឱកាសមកនៅកម្ពុជាឡើយ ។ ចំពោះអ្នកចាក់វ៉ាក់សាំងមកលេងស្រុកខ្មែរ ងាយស្រួលបំផុត ហើយដើរកម្សាន្ដដោយសេរី។

សម្ដេចតេជោបញ្ជាក់ថា «ខ្ញុំ បញ្ជូនសារហ្នឹងទៅឲ្យ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឯកឧត្តម ម៉ម ប៊ុនហេង លោកជំទាវ យក់ សម្បត្តិ លោកជំទាវ ឱ វណ្ណឌីន ឲ្យសិក្សាឲ្យហើយ។ ប៉ុន្ដែសម្រាប់ខ្ញុំ អត់ព្រមទេ អ្នកឯកទេសថាម៉េច ថាចុះ ព្រោះអ្វី យើងកំពុងនាំគ្នាជំរុញការចាក់វ៉ាក់សាំង បែរជាលើកលែងឲ្យអ្នក មិនបានចាក់វ៉ាក់សាំង ដែលយើងបន្ថយពីការធ្វើចត្តាឡីស័ក១៤ថ្ងៃ មកនៅ៧ថ្ងៃ រួចផុតទៅទៀត។ ចឹងមានអ្នកណាចង់ចាក់វ៉ាក់សាំង បន្ថែមពីលើនោះ ឥទ្ធិពលលើប្រទេសនានា ដែលគេកំពុងជំរុញចាក់វ៉ាក់សាំង ហើយធ្វើឲ្យក្រុមប្រឆាំង មានឱកាសមកនៅស្រុកខ្មែរ»។

សម្ដេចតេជោបន្ដថា បញ្ហាទាំងនេះទុកឲ្យវៀតណាម និងថៃ ធ្វើចុះ តែកម្ពុជា មិនអាចប្រមូលអ្នកអត់ចាក់វ៉ាក់សាំងបានឡើយ ព្រោះកម្ពុជា កំពុងជំរុញអ្នកចាក់វ៉ាក់សាំង។

សម្ដេចតេជោ បញ្ជាក់បន្ថែមទៀតថា «ខ្ញុំ សូមប្រកាសទុកឲ្យហើយ កុំឃើញគេធ្វើ កុំធ្វើតាមគេ ទុកឲ្យគេទៅ ប្រមូលអ្នកអត់ចាក់វ៉ាក់សាំងនៅស្រុកគេចុះ សម្រាប់ស្រុកខ្មែរទទួលបាន តែអ្នកចាក់វ៉ាក់សាំង ដល់អ្នកឯងបានមិនចាក់វ៉ាក់សាំង ទុកអ្នកឯង៧ថ្ងៃ»។

លើសពីនេះទៀត សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានលើកឡើងថា កុំយកលុយជាធំ ត្រូវយកជីវិតមនុស្សជាធំវិញ ខណៈសម្ដេច អះអាងថា មិនអាចឲ្យស្ថានភាពការណ៍ ជំងឺកូវីដ-១៩ នៅកម្ពុជា ដើរថយក្រោយឡើយ ។ សម្ដេចថា ការឃោសនាទាក់ទាញទេសចរណ៍ របស់វៀតណាម និងថៃ អាចវាយប្រហារនៅស្ថានភាពជំងឺកូវីដ-១៩៕

To Top