ព័ត៌មានជាតិ

សម្តេចតេជោ៖ បើក្រុមហ៊ុនឯកជន មិនធ្វើរោងចក្រ ផលិតវ៉ាក់សាំងកូវីដទេ ផ្ទេរមករដ្ឋវិញ (Video)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា បើក្រុមហ៊ុនឯកជន ដែលទទួលអាជ្ញាប័ណ្ណ(Licence) ក្នុងការសាងសង់រោងចក្រ ផលិតវ៉ាកសាំងកូវីដ១៩ នៅស្រុកខ្មែររួចហើយ បែរជាមិនព្រមដំណើរការនោះ ត្រូវផ្ទេរមកក្រសួងសុខាភិបាលជាអ្នកធ្វើវិញ ។

ការថ្លែងរបស់សម្តេចតេជោឡើងវិញ អំពីដំណើរការសាងសង់ រោងចក្រផលិតវ៉ាក់សាំងនេះ ក្រោយពីភាគីចិន ដែលយល់ព្រមជាមួយកម្ពុជា ក្នុងការជួយវត្ថុធាតុដើម លើការផលិតវ៉ាក់សាំងនេះ បានប្រាប់សម្តេចថា ភាគីកម្ពុជា មិនទាន់ឆ្លើយតបទៅភាគីចិន នៅឡើយទេ ។

ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ នាព្រឹកថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោបានលើកឡើង ដោយបញ្ជាក់ធ្ងន់ៗទៅកាន់ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលថា ក្រុមហ៊ុនដែលទទួលអាជ្ញាប័ណ្ណ ក្នុងការធ្វើរោងចក្រផលិតវ៉ាកសាំង នៅស្រុកខ្មែររួចហើយ ហេតុអីមិនធ្វើ បើមិនធ្វើ ត្រូវឲ្យក្រុមហ៊ុនផ្សេង ដែលមានសមត្ថភាព ហើយបើពិបាកយកមកធ្វើ ដោយក្រសួងសុខាភិបាលផ្ទាល់តែម្ដង ព្រោះកិច្ចការនេះចាំបាច់ ។

សម្ដេចតេជោ បានឲ្យក្រសួងត្រូវធ្វើវឌ្ឍនភាព ស្ដីពីការបង្កើតរោងចក្រផលិតវ៉ាក់សាំងប្រឆាំងកូវីដ នៅកម្ពុជា ក្នុងមួយសប្ដាហ៍ម្ដង ។ សម្តេចបន្តថា ត្រូវខិតខំធ្វើការជំរុញដល់ក្រុមហ៊ុន ទទួលបានសិទ្ធិផលិតវ៉ាក់សាំងនេះ ដោយខាងភាគីចិនបាននិយាយថា ហេតុអ្វីបានជាមានភាពយូរ? មើលវិស័យឯកជនរបស់កម្ពុជា ដែលទទួលបានសិទ្ធិ ធ្វើឬមិនធ្វើ? បើមិនធ្វើត្រូវប្រគល់ឲ្យអ្នកផ្សេងធ្វើវិញ។

សម្តេចបញ្ជាក់ថា មិនត្រូវទុកឲ្យនៅអីចឹងនោះទេ បើក្រុមហ៊ុនទទួលបានសិទ្ធិ ហើយមិនធ្វើត្រូវដកយកសិទ្ធិ ឬអាជ្ញាប័ណ្ណនោះឲ្យក្រុមហ៊ុនណាដែលហ៊ានធ្វើ មិនអាចឲ្យក្រុមហ៊ុននោះមកវ៉ាងទីនោះទេ។

សម្តេចតេជោសង្កត់ធ្ងន់ថា “អត់ឲ្យមានក្រុមហ៊ុនណាមួយ មកវ៉ាងទីនោះទេ សូមទុករយៈពេលឲ្យអ្នកឯងរយៈពេលប៉ុន្មាន? ខ្ញុំត្រូវការមានរោងចក្រមួយផលិតវ៉ាក់សាំង ។ អីចឹងហើយសួរ និងពិនិត្យមើលគេឆ្លើយយ៉ាងណា?«…» ហ៊ុន សែន និយាយដាច់ខាត គឺអត់មានការលើកលែងទេ ព្រោះខ្ញុំត្រូវមានទុនក្នុងដៃ…ឥឡូវត្រូវរាយការណ៍មួយអាទិត្យ ឲ្យខ្ញុំម្តងអំពីវឌ្ឍនភាព នៃរោងចក្រផលិតវ៉ាក់សាំង»។

ជាមួយគ្នានោះដែរ សម្តេចថា ដោយសារតែសម្តេច មិនឲ្យរាយការណ៍ បានធ្វើឲ្យការងារបង្កើតរោងចក្រផលិតវ៉ាក់សាំង មានភាពយឺតយ៉ាវបែបនេះ។

សម្តេចគូសបញ្ជាក់ទៀតថា “តើវាខុសគ្នារឿងអ្វី? មានបញ្ហារឿងអ្វី? ម៉េចមិនរាយការណ៍ ឲ្យក្រសួងសុខាភិបាល ហើយក្រសួងសុខាភិបាលខ្លួនឯងធ្វើការទ្រើកៗ ខ្ញុំនិយាយឲ្យចំអីចឹង ។ បើវិស័យឯកជនចង់ធ្វើ តែឥឡូវធ្វើមិនកើតដកហូតមកវិញ ក្រសួងធ្វើតែម្តង ។ បើមិនមានទុននឹងបញ្ចេញ ពីក្រសួងសេដ្ឋកិច្ច ដោយឲ្យរដ្ឋជាអ្នកផលិតវ៉ាក់សាំងតែម្តង ។ បើវិស័យឯកជនពិបាកក្នុងការបង្កើត រោងចក្រផលិតវ៉ាក់សាំងនេះ គឺរដ្ឋជាអ្នកផលិតវិញ ដោយសហការជាមួយភាគីចិន ក្នុងការផលិតវ៉ាក់សាំងនេះ” ។

សម្តេចនាយករដ្ឋមន្រ្តីឲ្យដឹងទៀតថា ការបង្កើតរោងចក្រនេះ ដោយសារតែមិនដឹងថា ជំងឺកូវីដ បាត់រលត់អស់ទៅវិញ នៅពេលណានោះទេ ហើយក៏អាចផលិតវ៉ាក់សាំងផ្សេងទៀត ដើម្បីការពារជំងឺផ្សេងៗទៀតផងដែរ ។

ជាមួយគ្នានោះដែរ សម្តេចក៏បានឲ្យដឹងថា វ៉ាក់សាំងដែលកម្ពុជា បានទទួលរួចហើយមានចំនួន ៥២.៨៣៥.៣៩១ដូស និងបានយកទៅប្រើប្រាស់ អស់ចំនួន៤២.៨៧១.៥៣៦ដូស នៅសល់ក្នុងឃ្លាំង មានចំនួន៩.៩៩៣.៨៥៤ដូស។ ក្នុងចំនួនវ៉ាក់សាំងនេះ អ្វីដែលមោកភាពរបស់កម្ពុជានោះ គឺកម្ពុជាបានចំណាយថវិកា ទិញវ៉ាក់សាំងជា២៨លានដូស ។

សម្តេចតេជោឲ្យដឹងថា វ៉ាក់សាំងមិនទាន់ដឹកមកដល់កម្ពុជា មានជាង២០លានដូស ក្នុងនោះពីចិន៥លានដូស អាមេរិក ៧លាន៥សែន (មកដល់២លានដូស) និងប្រទេសមួយចំនួនទៀត ។

សម្តេចបញ្ជាក់ថា “ប្រទេសនេះក្រ ក៏ប៉ុន្តែមិនបណ្តោយ ឲ្យប្រជាពលរដ្ឋខ្វះថ្នាំចាក់នោះទេ”៕

To Top