ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសគ្រឿងញៀនជិត ១ គីឡូក្រាម នៅរាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះធ្វើឡើងដោយ អនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំង បទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ ដោយឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ។
ជាក់ស្ដែងកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៨និង៣០នាទី កម្លាំងជំនាញ(ក២) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានស៊ើបអង្កេត និងឈានទៅបង្រ្កាបនៅចំណុច តាមដងផ្លូវព្រះមុនី្នវង្ស សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុច សុវណ្ណារ៉េត ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ ។
វត្ថុតាងចាប់យកបាន៖ មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ៨០០,៨១ ក្រាម ។
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ មន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕