ភ្នំពេញ ៖ ប្រជាពលរដ្ឋកម្ពុជា ប្រុសស្រី ដែលគ្រប់អាយុបោះឆ្នោត បានត្រៀមខ្លួនជាស្រេច ក្នុងការទៅចូល រួមការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តចាប់ផ្តើមពីម៉ោង៧:០០ព្រឹក រហូតដល់ម៉ោង៣:០០រសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ។
លោកវ៉ាង ភក្តី ជាអនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា និងក្នុងនាមជាប្រជាពលរដ្ឋម្នាក់បានប្រាប់វិទ្យុមិត្តភាពកម្ពុជា ចិនឱ្យដឹងថា រហូតដល់ពេលនេះ លោក និងក្រុមគ្រួសារបានត្រៀម រួចរាល់ហើយទាំងការចុះឈ្មោះ និងឯកសារមួយចំនួន បម្រើឱ្យការបោះឆ្នោត នៅខែក្រោយនេះ។
សំឡេង ៖« ខ្ញុំបានទៅពិនិត្យមើលឈ្មោះបោះឆ្នោត ដែលគេបិទ នៅសាលាឃុំពីមុនមក ។ ហើយសម្រាប់ភូមិខ្ញុំ ឃើញអាជ្ញាធរដើរចែកបណ្ណព័ត៌មាន ទាក់ទងទៅនឹងការិយាល័យបោះឆ្នោត ចំនួនគណបក្ស នយោបាយដែលឈរឈ្មោះក្នុងឃុំ »។
លោក វ៉ាង ភក្តី បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅខែក្រោយនេះ មានសារសំខាន់ណាស់ សម្រាប់រូបលោក ក៏ដូចជាប្រជាពលរដ្ឋ នៅទូទាំងប្រទេស ក្នុងការជ្រើសមេដឹកនាំ នៅក្នុងមូលដ្ឋានផ្ទាល់ ជាពិសេសជំរុញ ឱ្យមានការអភិវឌ្ឍ និងមានសន្តិភាព។
សំឡេង៖«ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់នេះ គឺជាការជ្រើសរើសអាណាព្យាបាល យើងនៅមូលដ្ឋានផ្ទាល់ ។ យើងជាប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោត មានសិទ្ធិក្នុងការសម្រេច ជោគវាសនារបស់មូលដ្ឋាន យើងដូចជា៖ការអភិវឌ្ឍផ្លូវថ្នល់ មណ្ឌលសុខភាព ការអប់រំ ហើយយើងជា ប្រជាពលរដ្ឋអាចស្នើសុំមេឃុំ ចៅសង្កាត់ ដែលជាប់ឆ្នោតឱ្យធ្វើអ្វីមួយបម្រើឱ្យការរីកចម្រើន ក្នុងភូមិឃុំយើង»។
ការត្រៀមលក្ខណៈ នេះ ស្របទៅនឹងសេចក្តីអំពាវ របស់គណកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២១ ទាំងអស់ត្រៀមខ្លួន និង ត្រៀមអត្តសញ្ញាណ បណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ដើម្បីចូលរួមបោះឆ្នោត នៅថ្ងៃបោះឆ្នោតឱ្យ បានគ្រប់ៗគ្នា ។
គ.ជ.បបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលពុំមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬ ហួសសុពលភាព ត្រូវរូតរះទៅស្នើសុំឯកសារ បញ្ជាក់អត្តសញ្ញាណ បម្រើ ឱ្យការបោះឆ្នោតចាប់ពីដើមទីទៅ ដើម្បីចៀសវាងការខកខាន មិនបានចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ។
ប្រជាពលរដ្ឋខ្មែរអាចទៅស្នើសុំការចេញឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើ ឱ្យការបោះឆ្នោតនៅតាមឃុំ-សង្កាត់ដែលខ្លួនរស់នៅ ក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី៥ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា។ អ្នកស្នើសុំឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ឬហៅកាត់ថា ឯ.អ ត្រូវបង្ហាញខ្លួន ដោយផ្ទាល់នៅចំពោះមុខគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត នៃឃុំ សង្កាត់ ដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ។ បន្ទាប់មកអ្នកស្នើសុំ ត្រូវបំពេញ ពាក្យស្នើសុំ និងផ្តិតស្នាមម្រាមដៃនៅ ចំពោះមុខប្រធាន គឃ.សប ។ ជាមួយគ្នានេះអ្នកស្នើសុំ ត្រូវផ្តល់ស្នាមម្រាមដៃ តាមការណែនាំរបស់សមាជិក គណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោតនិងថតរូប សម្រាប់ផ្ទៀងផ្ទាត់និងទាញទិន្នន័យពីបញ្ជីបោះឆ្នោតផ្លូវការ ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ។ បន្ទាប់ពីទទួលបានទម្រង់ ឯ.អ អ្នកស្នើសុំត្រូវទៅជួបមេឃុំ-ចៅសង្កាត់ដើម្បីចុះហត្ថលេខា និងបោះត្រាផ្តល់សុពលភាព សម្រាប់យកទៅប្រើប្រាស់បោះឆ្នោត ។
លោកហង្ស ពុទ្ធាសមាជិក និងជាអ្នកនាំពាក្យ គ.ជ.បបានប្រាប់អ្នកសារព័ត៌មានថា គ.ជ.បបានត្រៀមលក្ខណៈរួចរាល់ហើយផងដែរ ទាំងធនធានមនុស្ស និងសម្ភារៈ ដើម្បីបម្រើឱ្យការបោះឆ្នោតខាងមុខ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ខណៈការឃោសនា បោះឆ្នោតវិញមានរយៈពេល១៤ថ្ងៃ នឹងចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា។
សំឡេង៖ « គ.ជ.ប បានបើកវគ្គបង្រៀន ដល់មន្ត្រីរៀបចំការបោះឆ្នោតគ្រប់លំដាប់ដើម្បីឱ្យយល់ថា ត្រូវធ្វើអ្វីខ្លះ អ្វីជាទិដ្ឋភាពច្បាប់ អ្វីជាការរំលោភបំពាន ច្បាប់ក្នុងអំឡុងពេល នៃការឃោសការបោះឆ្នោត ។ ហើយឆ្លៀត ក្នុងឱកាសនេះ គជប ក៏សូម ឱ្យគណបក្សនយោបាយគោរព ឱ្យបានតាមកម្មវិធីឃោសនា ដែលបានឯកភាពគ្នា រួចជាមួយគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់សំដៅឱ្យប្រព្រឹត្តទៅដោយគ្មានការគំរាមកំហែង គ្មានអំពើហិង្សា និងចៀសវាងឱ្យបាននូវបាតុភាព ឬការបង្កឱ្យមានការរំខានណាមួយ» ។
យោងតាមគ.ជ.ប គឺ ប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានចំនួនជាង៩លាន២០ម៉ឺននាក់ ។ ដោយឡែកសមាជិកក្រុមប្រឹក្សា ឃុំសង្កាត់ត្រូវជ្រើស រើសសរុបចំនួន១១.៦២២នាក់ក្នុងចំណោមឃុំសង្កាត់១.៦៥២ និងមានការិយាល័យបោះឆ្នោតសរុបចំនួន២៣.៦០២ការិយាល័យ។
គ.ជ.បបានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នេះមានគណបក្ស នយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៧។ មានស្ថាប័នសារព័ត៌មាន ចូលរួមប្រមាណជា៤០ ស្ថាប័នព្រមជាមួយនឹងអ្នកសង្កេតការណ៍ជាតិ ជាច្រើននាក់ទៀតផងដែរ ។
យោងតាមច្បាប់ ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ត្រង់មាត្រា៣ បានចែងថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំស្កាត់ ត្រូវធ្វើ ឡើងរៀងរាល់៥ឆ្នាំម្ដង ។ ហើយការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ត្រូវធ្វើនៅថ្ងៃជាមួយគ្នា។ កាលបរិច្ឆេទ នៃការបោះឆ្នោតត្រូវ បានកំណត់ដោយ នាយករដ្ឋមន្ត្រី តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នាយករដ្ឋមន្ត្រីត្រូវប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងរយៈពេល៩ខែយ៉ាងតិចមុនថ្ងៃបោះឆ្នោត ។ ការបោះឆ្នោតត្រូវធ្វើនៅថ្ងៃអាទិត្យ តែមួយថ្ងៃប៉ុណ្ណោះ៕(អត្ថបទ ៖ វិទ្យុមិត្តភាពកម្ពុជាចិន )