ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា នៅពេលរាជរដ្ឋាភិបាលផ្តល់ថវិកាដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវមានទំនួលខុសត្រូវចំពោះប្រជាពលរដ្ឋ ទាក់ទងនឹងបញ្ហាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងមូលដ្ឋានរបស់ពួកគាត់។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវេទិកាអុំទូក និងសំណង់សិល្បការផ្សេងៗស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្ដេច ស ខេង បានសង្កត់ធ្ងន់ ថា “ករណីរដ្ឋបានផ្តល់ថវិកាមកដើម្បីអភិវឌ្ឍន៍ តែគាត់យកទៅប្រើប្រាស់ផ្តេសផ្តាស មិនបានកសាងសមទ្ធិផលនៅក្នុងមូលដ្ឋាន ប្រើប្រាស់ដោយគ្មានតម្លាភាព មិនត្រឹមត្រូវដូច្នេះគាត់ត្រូវទទួលខុស ត្រូវចំពោះប្រជាពលរដ្ឋមូលដ្ឋាន”។
ហេតុដូចនេះហើយសម្តេចបានលើកទឹកចិត្ត ឲ្យពលរដ្ឋចូលស្តាប់កិច្ចប្រជុំនានា របស់ក្រុមប្រឹក្សាឃុំ- សង្កាត់ ដើម្បីឲ្យបានដឹងអំពីកិច្ចការងារផ្សេងៗកាន់តែច្បាស់ ។
សម្ដេចបន្ដថា ក្រៅពីទទួលខុសត្រូវចំពោះមុខពលរដ្ឋក្នុងមូលដ្ឋានហើយនោះ ក្រុមប្រឹក្សា ក៏ត្រូវទទួលខុស ត្រូវចំពោះរាជរដ្ឋាភិបាលផងដែរ ព្រោះរាជរដ្ឋាភិបាលបានប្រគល់កម្លាំងនគរបាល ដែលជាក្របខណ្ឌ មន្ត្រីរាជការមកឲ្យស្រុក និងឃុំចាត់ចែង និងប្រើប្រាស់រក្សាសន្តិសុខកុំឲ្យមានករណីចោរលួច ចោរប្លន់ក្នុងដែនសមត្ថកិច្ចរបស់គាត់។
សម្ដេចបន្ថែមថា ទន្ទឹមនឹងនេះក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ត្រូវទទួលខុសត្រូវចំពោះក្រសួងមហាផ្ទៃ ពាក់ព័ន្ធសន្តិសុខក្នុងមូលដ្ឋានលើសុខសុវត្ថិភាព ករណីចែកចាយ ប្រើប្រាស់គ្រឿងញៀន អំពើហិង្សា ការជួញដូរមនុស្ស ការរត់ពន្ធឆ្លងកាត់ព្រំដែនជាដើម។
សម្តេច ស ខេង បញ្ជាក់បន្ថែមថា មូលហេតុទាំងនេះហើយទាមទារឲ្យមានការចូលរួមកាន់តែទូលំទូលាយទៀត ពីសំណាក់ពលរដ្ឋ និងអ្នកពាក់ព័ន្ធដើម្បីបុព្វហេតុជាតិទាំងអស់គ្នា ៕