ព័ត៌មានជាតិ

រដ្ឋមន្រ្តីសេដ្ឋកិច្ច៖ សហគ្រាស បន្តជួបប្រទះបញ្ហាប្រឈមជាច្រើន ក្នុងវិស័យទេសចរណ៍ (Video)

ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ទោះបីជាវិស័យទេសចរណ៍បាន បង្ហាញសញ្ញានៃការងើបឡើងវិញ គួរឲ្យកត់សម្គាល់យ៉ាងណាក្តី ក៏សហគ្រាសនៅក្នុងវិស័យនេះ នៅបន្តជួបប្រទះបញ្ហាប្រឈម ជាច្រើន។

បញ្ហាប្រឈមដែលលោក អូន ព័ន្ធមុនីរ័ត្ន លើកឡើងរួមមាន៖ ១-ការខ្វះ សមត្ថភាពចាប់យកម៉ូដែលអាជីវកម្ម (business model) បែបឌីជីថល , ២-ការស្ថិតនៅ ក្រៅប្រព័ន្ធរបស់សហគ្រាសភាគច្រើន , ៣-ការខ្វះជំនាញបដិសណ្ឋារកិច្ចច្បាស់លាស់ និង៤-ការខ្វះទុន រួមទាំងទុនបង្វិល និងទុនវិនិយោគ សម្រាប់រក្សាលំនឹងកែលម្អ និងពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ។

ត្រង់ចំណុចនេះ លោក អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា «សម្រាប់រាជរដ្ឋាភិបាល ការស្វែងរកនូវដំណោះស្រាយ ចំពោះបញ្ហាប្រឈមទាំងនេះ គឺជាកត្តាចាំបាច់ដើម្បីគាំទ្រដល់ វិស័យទេសចរណ៍កម្ពុជា ក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួល នៃបរិយាកាសប្រកួតប្រជែងសកល ជាពិសេស ដើម្បីគាំទ្រដល់សហគ្រាស នៅក្នុងវិស័យទេសចរណ៍ ក្នុងការទាញយកផលប្រយោជន៍ ជាអតិបរមាពីកាលានុវត្តភាពនានា ក្រោយវិបត្តិនៃជំងឺកូវីដ-១៩»។

ថ្លែងក្នុងពិធីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ លោក អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ខណៈវិបត្តិនៃជំងឺកូវីដ-១៩ កំពុងថមថយ វិស័យទេសចរណ៍ចាប់ផ្ដើមមានសន្ទុះ ងើបឡើងវិញជាសកល ដោយប្រទេសភាគច្រើនបានបន្ធូរបន្ថយ វិធានការរឹតបន្តឹងពាក់ព័ន្ធ និងជំងឺកូវីដ និងបានលើកលែង ឬដកចេញលក្ខខណ្ឌតម្រូវជាច្រើន សម្រាប់ការធ្វើដំណើរអន្តរជាតិ ។ ផ្អែកតាមការព្យាករណ៍ របស់អង្គការទេសចរណ៍ ពិភពលោក (WTO) វិស័យទេសចរណ៍សកលនឹងត្រឡប់ ទៅរកគន្លងកំណើន ដូចពេលមុនវិបត្តិនៃជំងឺកូវីដ ឆ្នាំ២០២៤ខាងមុខ ។

លោកថា ក្នុងន័យនេះ ជាមួយនឹងកិច្ចអន្តរាគមន៍ ដ៏សកម្មរបស់រាជរដ្ឋាភិបាល វិស័យទេសចរណ៍កម្ពុជា ត្រូវបានព្យាករថា នឹងមានកំណើនប្រមាណ ១៦% ក្នុងឆ្នាំ២០២២ និង២៣% ក្នុងឆ្នាំ២០២៣ ។

លោកបញ្ជាក់ថា «ការងើបឡើងនៃវិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចទាំងមូល គឺជាលទ្ធផលនៃការដឹកនាំប្រកប ដោយយុទ្ធសាស្ត្រច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈការអនុវត្ត យុទ្ធនាការជាតិចាក់វ៉ាក់សាំង ការដាក់ចេញនូវវិធានការសុខាភិបាល និងរដ្ឋបាល ព្រមទាំង វិធានការអន្តរាគមន៍ទាន់ពេល និងប្រកបដោយប្រសិទ្ធភាព ដែលអនុញ្ញាតឲ្យមានការបើកដំណើរការទាំងស្រុងឡើងវិញ នូវសកម្មភាពសង្គម-សេដ្ឋកិច្ច កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន» ៕

To Top