ព័ត៌មានជាតិ

តុលាការរាជធានីភ្នំពេញ ជម្រះបុគ្គលឈ្មោះ ង៉ែត សារិន ហៅយូ ណារិន ពាក់ព័ន្ធនឹងបទល្មើស ក្លែងបន្លំឯកសារ និង លក់ដីខ្យល់ នៅខេត្តព្រះសីហនុ

ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ២០២២ បានបើកសវនាការ ជំនុំជម្រះ ជនជាប់ចោទ ឈ្មោះ ង៉ែត សារិន ហៅយូ ណារិន ភេទ ប្រុស អាយុ៦០ ឆ្នាំ ជាអតីតមន្រ្តីយោធា និង ជាឈ្មួញរកស៊ីលក់ដី មានលំនៅ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាប់ពាក់ព័ន្ធនឹងបទល្មើស ក្លែងបន្លំឯកសារ និង ឆបោកលុយ តាមរូបភាព លក់ដី(ដីខ្យល់?) ចំនួន២ កន្លែង នៅក្នុង នៅខេត្តព្រះសីហនុ ប្រព្រឹត្ត នៅក្នងឆ្នាំ ២០១៧ និង ឆ្នាំ ២០១៩។

លោកពេជ្រ វិជ្ជាធម៌ ជាចៅក្រមជំនុំ បានថ្លែងអោយដឹងថា ជនជាប់ចោទ ឈ្មោះ ង៉ែត សារិន ហៅយូ ណារិន ត្រូវបានជាប់ចោទ ពីបទ« ក្លែងបន្លំ ប្រើប្រាស់ឯកសារក្លែងក្លាយ និង ឆបោក‍ » តាមបញ្ញាតិមាត្រា ៦២៦, ៦២៧, ៣៧៧ និង ៣៧៨ នៃ ក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទ ឈ្មោះ ង៉ែត សារិន ហៅយូ ណារិន ត្រូវបានប្តឹងដោយ ឈ្មោះ ឡុង ស៊ុនហួរ ភេទ ប្រុស មុខរបរ ពាណិជ្ជករ (អ្នកគួកជេដី ) ( ជាភាគីដើមបណ្តឹង) រស់នៅកុ្នង រាជធានីភ្នំពេញ ដែលបានប្តឹងថា បានលក់ដីអោយខ្លួន ចំនួន២ ប្លង់ ក្នុងនោះ ដី ១ ប្លង់ មានទំហំ ៤៥ម៉ែត្រ គុណ ១២,៥ ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់៣ កាលពីឆ្នាំ ២០១៧។ និង ដី១ ប្លង់ទៀត មានទំហំ ៥៨ ម៉ែត្រ គុណ ១៦០ ម៉ែត្រ ស្ថិតនៅក្នុង សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពី ឆ្នាំ ២០១៩។

ក៏ប៉ុន្តែ បន្ទាប់ពី ជនជាប់ចោទ ឈ្មោះ ង៉ែត សារិន ហៅយូ ណារិន បានទទួលបានប្រាក់កក់ សរុបចំនួន ៣៦,០០០ ដុល្លារអាមេរិក ពី ភាគី ដើមចោទ គាត់បែជាពុំមានដីពិត ប្រាកដ ដើម្បីប្រគល់អោយទៅ ភាគីដើមបណ្តឹង ទៅវិញ។ ចំណែកឯ ឯកសារដែលផ្ទេរកម្មសិទ្ធិដីនោះ គឺ ក៏ជាលិខិតក្លែងក្លាយផងដែរ។

នៅក្នុងសំណុំរឿងក្តី ភាគីដើមបណ្តឹង បានប្តឹងទាមទារ ថ្លៃ ខូចខាត ចំនួន៥៦, ០០០ដុល្លារអាមេរិក និង ថ្លៃជម្ងឺចិត្ត ២០ម៉ឺនដុល្លារអាមេរិក ពីជនជាប់ចោទ ។

នាពេលសវនាការ ឈ្មោះ ង៉ែត សារិន ហៅយូ ណារិនដែលមានវត្តមាន នៅក្នុងសវនាការ បានឆ្លើយបដិសេធយ៉ាងដាច់អហង្ការ ចំពោះ ការចោទប្រកាន់ រូបគាត់ខាងលើ។

គាត់និយាយថា ការចោទប្រកាន់មកលើគាត់ នោះ គឺ ជារឿងពិត និង ជាការប្រឌិតរបស់ភាគី ដើមចោទ ដើម្បីធ្វើបាបរូបគាត់ និង គៀបយកទ្រព្យសម្បតិ្តរបស់គាត់។

ឈ្មោះ ង៉ែត សារិន ហៅយូ ណារិន បានសំណូមពរដល់ លោកចៅក្រម វិជ្ជាធម៌ សម្រេចទម្លាក់ចោលបទចោទប្រកាន់ ខាងលើ និង សម្រេចអោយ ខ្លួនមានសេរីភាពវិញ ចាប់ពីពេលនេះ តទៅ។

សាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រម លើសំណុំរឿងក្តីនេះ នៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២២។

គួររំលឹកថា ឈ្មោះ ង៉ែត សារិន ហៅយូ ណារិន ធ្លាប់ត្រូវចាប់ឃាត់ខ្លួន និងជាប់ពន្ធនាគារ នៅខេត្តព្រះសីហនុ របស់ពេល៣ ខែ ជាប់ពាក់ព័ន្ធនឹងការ តាំងខ្លួនជាឧត្តមសេនីយ៍ ផ្កាយ២ និងមានតួនាទីជាមេបញ្ជាការរង នៃទីបញ្ជាការដ្ឋានអង្គរក្សនាយករដ្ឋមន្ដ្រី និង បានប្រមូលប្រជាជនទៅសង់ខ្ទមរំលោភបំពានដីកម្មសិទ្ធិរដ្ឋ និងអ្នកដទៃនៅខេត្តព្រះសីហនុ កាលពីអំឡុងខែ កក្កដា ឆ្នាំ ២០១៧៕

ដោយ: លីហ្សា

To Top