ភ្នំពេញ៖ លោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា បានសម្តែងនូវឆន្ទៈ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែក រវាងកងទ័ពជើងគោក ឲ្យកាន់តែសកម្មនិងរឹងមាំ។
ការលើកឡើងពីសំណាក់ លោកឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី រូបនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។
នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត បានសរសើររាជ ដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រង ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយជោគជ័យ រហូតមានការបើក សេដ្ឋកិច្ច-សង្គមទ្បើងវិញលើគ្រប់វិស័យ និងបានលើកឡើងអំពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរបានអនុវត្តកន្លងមក។
ជាការឆ្លើយតប អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បាន លើកឡើងពីទំនាក់ទំនងមិត្តភាព ដ៏យូរអង្វែងរវាងប្រទេស និងប្រជាជនទាំងពីរ ព្រមជាមួយនឹងការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ ជាពិសេសសកម្មភាពរួមគ្នា ជាច្រើនក្នុងកម្រិតកងទ័ពជើងគោក ដូចជា ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងការហ្វឹកហ្វឺនបណ្តុះបណ្តាល ធនធានមនុស្សជាដើម ៕