ព័ត៌មានជាតិ

ឆ្នាំ២០២២ កម្ពុជារំពឹងថា នឹងសម្រេចឲ្យបាន ទេសចរអន្តរជាតិ ៨០ម៉ឺន-១លាននាក់ និងទេសចរផ្ទៃក្នុង ៩លាននាក់

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសថា សម្រាប់ចក្ខុវិស័យឆ្នាំ២០២២នេះ កម្ពុជារំពឹងថា នឹងសម្រេចឲ្យបានទេសចរអន្តរជាតិ ចំនួន ៨០ម៉ឺននាក់ ទៅ១លាននាក់ និងទេសចរផ្ទៃក្នុងចំនួន ៩លាននាក់ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងទេសចរណ៍ ស្ដីពីតាមស្ថានភាពនវិស័យទេសចរណ៍ កម្ពុជា សម្រាប់ឆ្នាំ២០២២ នៅថ្ងៃទី១៨ ឧសភា បានឲ្យដឹងថា ក្រោយរាជរដ្ឋាភិបាលប្រកាស បើកទទួលទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងពេញលេញ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថានភាពទេសចរណ៍កម្ពុជា បន្តងើបឡើងជាបណ្តើរៗក្នុងទម្រង់ជា អក្សរ V និងរំពឹងថា អាចវិលមករកសភាពដើមវិញ នៅឆ្នាំ២០២៥ សម្រាប់ទេសចរអន្តរជាតិ និងឆ្នាំ២០២៣សម្រាប់ ទេសចរផ្ទៃក្នុង ពោលគឺកម្ពុជារំពឹងថា នឹងទទួលបានទេសចរអន្តរជាតិ ៧លាននាក់ នៅក្នុងឆ្នាំ២០២៥ និងទេសចរ ផ្ទៃក្នុង១១លាននាក់ នៅក្នុងឆ្នាំ២០២៣ ។

ក្រសួងបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ចក្ខុវិស័យឆ្នាំ២០២២នេះ កម្ពុជារំពឹងថា នឹងសម្រេចឲ្យបាន ទេសចរអន្តរជាតិ ចំនួន៨០ម៉ឺន-១លាននាក់ និងទេសចរផ្ទៃក្នុង ចំនួន៩លាននាក់។ ជាក់ស្ដែង ក្នុងរយៈ ៤ខែ ឆ្នាំ២០២២នេះ ទេសចរអន្តរជាតិមកកម្សាន្តកម្ពុជា មានចំនួន២៤១,៤៨៥នាក់ កើនឡើង១៩១.៥% និងទេសចរផ្ទៃក្នុង មានចំនួន៥,០៤លាននាក់ កើនឡើង១៦១.៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ក្នុងនោះ ការធ្វើដំណើរតាមផ្លូវអាកាស មានចំនួន ១៣១,៨៦៤នាក់ កើនឡើង ២៤៣.៩%តាមផ្លូវគោកមានចំនួន ១០៦,៦១៤នាក់ កើនឡើង១៣៨.៦% និងផ្លូវទឹកមានចំនួន៣,០០៧នាក់។ កំណើនភ្ញៀវទេសចរ នឹងអាចងើបឡើងលឿន ចាប់ពីខែសីហា ឆ្នាំ២០២២ ។ ទីផ្សារ ទេសចរណ៍អាទិភាព របស់កម្ពុជារួមមាន៖ អាស៊ាន(វៀតណាម ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន) ទ្វីបអាស៊ី ចិន កូរ៉េ ជប៉ុន)ទ្វីបអាមេរិក អាមេរិក)ទ្វីបអឺរ៉ុប (បារាំង អង់គ្លេស)» ។

ក្រសួងបន្តថា ដើម្បីធានាបានការស្ដារឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ នូវវិធានការគោលនយោបាយ ដើម្បីគ្រប់គ្រងផលប៉ះពាល់វិស័យសំខាន់ៗ ក្នុងសេដ្ឋកិច្ច ក្នុងបិរការណ៍វិបត្តិជំងឺកូវីដ-១៩ ចំនួន១០ និងវិធានការគោលនយោបាយគន្លឹះ សម្រាប់វិស័យទេសចរណ៍ឆ្នាំ២០២២។

ក្រសួងបន្ថែមថា អាជីវកម្មទេសចរណ៍បន្ត បើកដំណើរការឡើងវិញ ជាបណ្តើរៗ ក្នុងនោះគិតត្រឹមខែមីនា ឆ្នាំ២០២២នេះ អាជីវកម្មទេសចរណ៍បិទ/ព្យួរ ចំនួន ១,៤២៨ទីតាំង និងប៉ះពាល់បុគ្គលិក សរុបចំនួន ២៣,៨៤៣នាក់ បើធៀបនឹងខែមិថុនា ឆ្នាំ២០២១ ដែលជាដំណាក់កាលប៉ះពាល់ខ្លាំង ដោយវិបត្តិជំងឺកូវីដ-១៩ អាជីវកម្មទេសចរណ៍ចំនួន ១,៧៤៩ទីតាំង (ស្មើនឹង៥៥% ន អាជីវកម្មបិទ/ព្យួរកន្លងមក) បានបើកដំណើរឡើងវិញ និងបុគ្គលិកធ្លាប់រងផលប៉ះពាល់ ទទួលបានការងារធ្វើឡើងវិញ មានចំនួន ២៦,៣៧៦នាក់ (ស្នើនឹង៥២% នៃបុគ្គលិកដែលរងផលប៉ះពាល់សរុប)៕

To Top