ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យភាគីឥណ្ឌា ពន្លឿននូវកិច្ចការមួយចំនួន ពាក់ព័ន្ធលើការចុះហត្ថលេខា នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-ឥណ្ឌា និងស្នើសុំឱ្យ មានការហោះហើរត្រង់ឥណ្ឌា-កម្ពុជា ធ្វើយ៉ាងណាឱ្យ ទេសចរណ៍ មានការកើនឡើង រវាងប្រទេសទាំងពីរ ។
នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូ ជាមួយលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្តីឥណ្ឌា កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ប្រទេសឥណ្ឌា ២ចំណុច ក្នុងនោះ
ទី១) នៅក្នុងការជំរុញនូវការបញ្ចប់ នីតិវិធីបច្ចេកទេសឲ្យបានឆាប់ ដើម្បីពន្លឿនលើការចុះហត្ថលេខា នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជានិងឥណ្ឌា និងពន្លឿនទៅលើការចរចា ដើម្បីបញ្ចប់នូវសន្ធិសញ្ញាវិនិយោគ ទ្វេភាគីរវាង កម្ពុជានិងឥណ្ឌា ដើម្បីឈានទៅចុះហត្ថលេខាឲ្យបានឆាប់ផងដែរ។ សម្ដេចក៏បានគូសបញ្ជាក់ផងដែរ ពាក់ព័ន្ធនឹងទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងឥណ្ឌា ថ្វីត្បិតមានការធ្លាក់ចុះនៅសម័យកាលកូវីដ-១៩ ប៉ុន្តែនៅក្នុងឆ្នាំ២០២១ មានការកើនឡើងប្រមាណ៣០០ លានដុល្លារ។
លើសពីនេះទៀត សម្ដេច ក៏បានលើកឡើងអំពីវិស័យទេសចរណ៍ ដែលសម្ដេចបានស្នើសុំឱ្យ មានការហោះហើរត្រង់ពីឥណ្ឌាមកភ្នំពេញ និងពីឥណ្ឌាមកខេត្តសៀមរាប ក្នុងការជំរុញធ្វើយ៉ាងណាឱ្យ ទេសចរណ៍ មានការកើនឡើង រវាងប្រទេសទាំងពីរ ហើយជាពិសេសទៀត ដោយសារកម្ពុជា ឥឡូវនេះ បានបើកចំហសម្រាប់ទេសចរណ៍ ដែលបានចាក់វ៉ាក់សាំង គ្រប់គ្រាន់ហើយនោះ ដោយពុំបានទាមទារឱ្យ មានការធ្វើតេស្តPCR ឬធ្វើតេស្តរហ័សពេលមកដល់ជាដើម ដូច្នេះក្នុងន័យនេះ សម្តេចបានស្នើសុំឲ្យឥណ្ឌា ជួយជំរុញការងារនេះ៕