ព័ត៌មានជាតិ

បញ្ហាសមុទ្រចិនខាងត្បូង វិបត្តិនៅភូមា និងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ត្រូវបានលើកឡើង ក្នុងជំនួបនាយករដ្ឋមន្រ្តី កម្ពុជា-ឥណ្ឌា

ភ្នំពេញ៖ អ្វីដែលអ្នកនយោបាយ ក៏ដូចជាអ្នកតាមដានស្ថានការណ៍ពិភពលោក កំពុងចាប់អារម្មណ៍ យ៉ាងយកចិត្តទុក្ខដាក់ រួមមាន បញ្ហាសមុទ្រចិនខាងត្បូង វិបត្តិនៅភូមា និងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ។ល។ នោះ ត្រូវបាននាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) លើកយកមកពិភាក្សា និងបង្ហាញនូវគោលជំហររបស់ខ្លួន ក្នុងការដំណោះស្រាយបញ្ហាទាំងនោះ។

សម្រាប់ភាគីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់អំពីការងារ ដែលកម្ពុជាបានធ្វើនៅក្នុងនាម ជាប្រធានអាស៊ាន ជាពិសេស នៅក្នុងការជួយដល់ប្រទេសមីយ៉ាន់ម៉ា ដោយកម្ពុជា ខិតខំក្នុងការជួយប្រទេសមីយ៉ាន់ម៉ា កុំឱ្យធ្លាក់ទៅក្នុងសង្គ្រាម ស៊ីវិល ហើយសម្ដេចបានគូសបញ្ជាក់ផងដែរថា សម្ដេចបានអញ្ជើញទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅថ្ងៃទី៧ -៨ ខែមករា ២០២២ និងបានជួបជាមួយលោក មីន អោងឡាំង ចំនួន២លើក តាមវីដេអូ ហើយក៏មានទស្សនកិច្ចរបស់លោក ប្រាក់ សុខុន ដែលជាប្រេសិតពិសេស របស់ប្រធានអាស៊ាន ទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា ហើយបន្ទាប់មកមានកិច្ចប្រជុំពិគ្រោះយោបល់ ក្នុងការផ្ដល់ជំនួយដល់មីយ៉ាន់ម៉ា ដែលជាជំនួយមនុស្សធម៌។

ចំពោះភាគីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានគូសបញ្ជាក់ថា ពិតជាមានសារៈសំខាន់ណាស់ ដែលធ្វើយ៉ាងណា គាំទ្រដល់ប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសភូមិផងរបងជាមួយប្រទេសឥណ្ឌា ឲ្យមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។ លោកក៏បានគូសបញ្ជាក់ដែរថា លោក ពិតជាគាំទ្រនៃតួនាទីជាប្រធានអាស៊ានផង គាំទ្រមជ្ឈភាពអាស៊ានផង និងគាំទ្រការឯកភាពផ្ទៃក្នុងរបស់អាស៊ានផង ក្នុងការដើរតួនាទីសំខាន់ ជាពិសេសទៀត លោក បានគូសបញ្ជាក់ដែរថា លោកបានព្យាយាមចូលរួមចំណែក ក្នុងការសន្ទនារកដំណោះស្រាយ រវាងអ៊ុយក្រែន និងរុស្ស៊ី ។

លោកបានគូសបញ្ជាក់ថា លោកបានជួបសន្ទនាជាមួយប្រធានាធិបតីទាំងពីរ រុស្ស៊ីនិងអ៊ុយក្រែនកន្លងមកនេះ ដើម្បីធ្វើយ៉ាងម៉េច ឲ្យស្ដារស្ថានភាពនេះ មករកសន្តិភាពវិញ។ នៅក្នុងសមុទ្រចិនខាងត្បូងលោក ចាត់ទុកថា សមុទ្រចិនខាងត្បូង គឺជាសមុទ្រដែលមានសារៈសំខាន់ណាស់ ជាពិសេស ធ្វើយ៉ាងណាឱ្យមានសេរី បើកចំហ និងផ្អែកទៅលើច្បាប់អន្តរជាតិ។

លោកនាយករដ្ឋមន្រ្តីឥណ្ឌា រំពឹងទុកថា នឹងមកទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២ខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងស្វាគមន៍នូវចំណុចទាំងឡាយ ដែលលោកនាយករដ្ឋមន្រ្តីឥណ្ដាបានលើកឡើង។

សម្ដេចមានការជឿជាក់ថា ឥណ្ឌា អាចដើរតួនាទីសមស្របក្នុងការចរចា រវាងភាគីទាំងពីរ អ៊ុយក្រែន និងរុស្ស៊ី។

សម្ដេចក៏បានគូសបញ្ជាក់ដែរថា សម្ដេចចង់ឃើញដំណោះស្រាយរវាងរុស្ស៊ី-អ៊ុយក្រែន ឲ្យបានឆាប់ផងដែរ ដោយសារវាមានផលប៉ះពាល់ដល់សកលលោក ជាពិសេស លើវិស័យសន្តិសុខស្បៀង និងថាមពល ដែលប៉ះពាល់ដល់ប្រទេសទាំងអស់ ។

សម្ដេចតេជោ បានគូសបញ្ជាក់ដែរថា សម្ដេចទន្ទឹងរង់ចាំក្នុងការទទួលការធ្វើទស្សនកិច្ច របស់លោកនាយករដ្ឋមន្រ្តីឥណ្ឌា ក្នុងការចូលរួមកិច្ចប្រជុំកំពូល នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ៕

To Top