ព័ត៌មានជាតិ

សម្ដេចតេជោ ប្រកាសជួបបងប្អូនខ្មែរ នៅប្រទេសស្វីស និងបណ្តាប្រទេសអឺរ៉ុប នាល្ងាចថ្ងៃទី២១ ឧសភា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នឹងជួបបងប្អូនខ្មែរ ដែលរស់នៅប្រទេសស្វីស និងបណ្តាប្រទេសអឺរ៉ុប នៅល្ងាចថ្ងៃទី២១ ឧសភា ។

ការប្រកាសនេះ ធ្វើឡើង ស្របពេលដែលសម្ដេចនឹង អញ្ជើញដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំ ប្រចាំឆ្នាំ២០២២ របស់វេទិកា សេដ្ឋកិច្ចពិភពលោក ក្រោមមូលបទ «ការត្រៀមខ្លួន សម្រាប់យុគសម័យ ក្រោយជំងឺកូវីដ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២-២៦ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ ប្រទេសស្វីស ។

នៅលើគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ម៉ោង១និង៣០រំលងអាធ្រាត ឆ្លងចូលថ្ងៃទី២១ ឧសភា ២០២១ ខានស្អែកនេះ ខ្ញុំនឹងដឹកនាំគណប្រតិភូ កម្ពុជាដើម្បីចូលរួម វេទិការសេដ្ឋកិច្ចពិភពលោក នៅទីក្រុង ដាវ៉ូស ប្រទេសស្វីស»។

សម្ដេចបាន អរគុណចំពោះបងប្អូនជនរួមជាតិ ដែលកំពុងរស់នៅបណ្តាប្រទេសនៅទ្វីប អឺរ៉ុប ដែលបានចេញវីដេអូ អបអរសាទរ ដំណើររបស់សម្ដេច ទៅកាន់តំបន់អឺរ៉ុប។

សម្ដេចបញ្ជាក់ថា «តាមការគ្រោងទុក ខ្ញុំនឹងជួបបងប្អូនខ្មែរ នៅសូរិក ប្រទេសស្វីស នៅល្ងាចថ្ងៃទី២១ ឧសភា ២០២២»។

សម្ដេចបន្តថា សូមជំរាបលាបងប្អូនជនរួមជាតិ នៅក្នុង ប្រទេសមួយរយៈខ្លីហើយនិងជួបបងប្អូន ជនរួមជាតិ នៅតំបន់អឺរ៉ុប ក្នុងពេលប្រម៉ាន៦០ម៉ោងទៀត៕

To Top