នយោបាយ

បក្សនយោបាយ ត្រៀមលក្ខណៈចូលរួម​ ឃោសនាបោះឆ្នោត គោរពតាមបទបញ្ជា ខណៈ គ.ជ.ប ថា បក្សណាល្មើសច្បាប់ នឹងចាត់វិធានការ (Video)

ភ្នំពេញ ៖ ក្រុមគណបក្សនយោបាយ ដែលបានចុះឈ្មោះ នៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីចូលរួមប្រកួតប្រជែង ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនោះ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីត្រៀមលក្ខណៈចូលរួម ឃោសនារកសំឡេងឆ្នោត នៅតាមមូលដ្ឋានរបស់ខ្លួន នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ស្អែកនេះ ដោយគោរពទៅតាមបទបញ្ជានានា ។

ចំពោះការប្តេជ្ញារបស់គណបក្សនីមួយៗ ដោយគោរពតាមបទបញ្ជានោះ ខាង គ.ជ.ប ក៏បានព្រមានទុកជាមុនផងដែរ ចំពោះសកម្មភាពណា ដែលល្មើសច្បាប់ បង្កឡើងដោយបក្សនយោបាយ ឬអ្នកគាំទ្រ នឹងចាត់វិធានការ ទៅតាមច្បាប់ដែលបានកំណត់។

ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃ២១ឧសភា ដល់ថ្ងៃ៤ មិថុនា ។ ក្នុងចំណោមគណបក្សចំនួន១៧ដែល គ.ជ.ប បានប្រកាសដាក់ពាក្យចូលរួម ប្រកួតប្រជែងយកសន្លឹកឆ្នោតនោះ គឺមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានសំភាសន៍ថ្នាក់ដឹកនាំ បក្សមួយចំនួនផងដែរ ។ គណបក្សដែលបានសំភាសន៍ដូចជា គណបក្សប្រជាជនកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) គណបក្សយុវជនកម្ពុជា និង​ ។

មុនការឃោសនា៤ថ្ងៃ ពោលកាលពីថ្ងៃ១៧ ឧសភា គ.ជ.បបានចេញសេចក្តីអំពាវនាវ ដល់គណបក្ស នយោបាយ បេក្ខជន អ្នកគាំទ្រ នៃគណបក្សនយោបាយ ទាំងអស់ ត្រូវអនុវត្តតាមវិធានការ នានារបស់ គ.ជ.ប ដើម្បីឲ្យការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រព្រឹត្តទៅដោយសន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព ។ គ.ជ.ប ក៏បានអំពាវនាវ ដល់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀង ក្នុងសកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឲ្យគណបក្សនយោបាយនីមួយៗ អាចអនុវត្តកម្មវិធីឃោសនាបោះឆ្នោត និងការហែក្បួន ឃោសនាបោះឆ្នោតរបស់ខ្លួន ប្រព្រឹត្តទៅដោយស្មើភាពគ្នា ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គណបក្សបានត្រៀមរួចជាស្រេចហើយ នៅតាមគោលដៅមូលដ្ឋាននៅទូទាំងប្រទេស ដោយអនុវត្តទៅតាមសេចក្តីណែនាំរបស់គ.ជ.ប។

លោកថា “យើងបានត្រៀមគ្រប់លក្ខណៈសម្បត្តិទាំងអស់ ស្របទៅតាមគោលការណ៍ច្បាប់ គោលការណ៍នីតិវិធី ក៏ដូចជាបទបញ្ជានានា របស់គ.ជ.ប អត់មានខ្វះចន្លោះអ្វីទេ ឲ្យតែទៅដល់ថ្ងៃយើងចាប់អនុវត្តតែម្តង” ។

លោកបន្តថា ដោយសារការបោះឆ្នោតនេះ ស្ថិតក្នុងក្របខណ្ឌឃុំ-សង្កាត់នោះ ក្នុងរយៈពេល១៤ថ្ងៃនៃយុទ្ធនាការ គឺធ្វើនៅតាមក្របខណ្ឌឃុំ-សង្កាត់ នីមួយៗ ដោយមិនធ្វើជាលក្ខណៈធំដុំមកប្រជុំគ្នា នៅរាជធានីភ្នំពេញទេ ខណៈបក្សបានត្រៀម នឹងធ្វើអង្គមីទ្ទិញធំ២លើក ។ ចំពោះការឃោសនានឹងមាន អ្នកចូលរួមប៉ុន្មាននាក់នោះ លោកថា មិនទាន់សន្មត់បានទេ ព្រោះសមាជិករបស់បក្សមានច្រើន នៅទូទាំងប្រទេស ដូច្នេះមហាជនណា ក៏អាចចូលរួមឃោសនា តាមការស្ម័គ្រចិត្ត ដោយគ្មានការបង្ខិបង្ខំទេ ។

ចំណែក លោក យង់ សាំងកុមារ មន្រ្តីជាន់ខ្ពស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានឲ្យដឹងថា គណបក្សលោកបានដាក់ពាក្យប្រកួតប្រជែង ចំនួន៣២ឃុំ-សង្កាត់ ក្នុងរាជធានី-ខេត្ត១៥នៅទូទាំងប្រទេស ។ លោកថា ចំពោះការឃោសនា គឺធ្វើនៅគ្រប់ឃុំ-សង្កាត់ដែលជាគោលដៅ។

ចំពោះថ្ងៃដំបូងនៃយុទ្ធនាការនោះ លោកបញ្ជាក់ថា “ថ្ងៃ២១ ឧសភា យើងនឹងចូលរួមហែរនៅសង្កាត់កោះដាច់ និងឃុំជើងព្រៃ បាធាយ កំពង់ចាម” ។

សម្រាប់លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយម បានលើកឡើងថា គណបក្សលោកបាន ដាក់បេក្ខជន ប្រកួតប្រជែងចំនួន៣៨ ឃុំ-សង្កាត់ នៅក្នុងរាជធានី-ខេត្ត១០ ហើយគោលដៅ នៃការឃោសនាចម្បង របស់បក្ស គឺកាចែកខិតប័ណ្ណនៅតាមខ្នងផ្ទះ និងចាក់មេក្រូផ្សព្វផ្សាយ ពីគោលនយោបាយបក្សនៅតាមឃុំ-សង្កាត់ ដែលជាគោលដៅ ។

លោកថា ចំពោះការហែក្បួនវិញ អាចធ្វើនៅឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ប្រមាណជា១០០នាក់ ដោយចាប់ផ្តើមចេញពីព្រំដែនវៀតណាម។

លោកបន្ថែមថា “ជាគោលការណ៍របស់គណបក្ស យើងផ្តោតអារម្មណ៍ ផ្តោតការយកចិត្តទុកដាក់ ទៅលើការចែកខិតប័ណ្ណ និងចាក់មេក្រូផ្សាយ ពីគោលនយោបាយរបស់កម្ពុជានិយម” ។

បន្តមកលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាវិញ បានឲ្យដឹងដែរថា បក្សបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការឃោសនារកសំឡេងឆ្នោតនៅថ្ងៃ២២ ឧសភា ចាប់ពីភ្នំពេញថ្មីនិងខណ្ឌកំបូល ។ ដោយថ្ងៃ២១ ឧសភា ជាថ្ងៃដំបូងលោកមិនធ្វើទេ សួរថាមូលអ្វីអត់ធ្វើ លោកថា នេះជាយុទ្ធសាស្រ្តរបស់បក្ស។

លោកបន្តថា “បន្ទាប់ពីនោះ យើងនឹងចុះធ្វើការឃោសនា នៅតាមមូលដ្ឋានឃុំ-សង្កាត់ដែលយើងមានបេក្ខជន ហើយនៅថ្ងៃ២៩ ឧសភា យើងនឹងធ្វើពិធីឃោសនាម្តងទៀត ជាទ្រង់ទ្រាយធំ នៅឯរាជធានីភ្នំពេញ ដោយមានមនុស្សប្រមាណជា១ពាន់នាក់ឡើងទៅ” ។

ដោយឡែក លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានអំពាវនាវបន្ថែម ទៅលើសេចក្តីប្រកាស ឲ្យគ្រប់គណបក្សនយោបាយ និងអាជ្ញាធរសហការគ្នាឲ្យល្អ ក្នុងការឃោសនារកសំឡេងឆ្នោត រយៈពេល១៤ថ្ងៃនេះ ។ លោកក៏សង្ឃឹមថា ទាំងគ្រប់គណបក្ស និងពលរដ្ឋចូលរួមឃោសនា នឹងមានភាពចាស់ទុំ ដោយគោរពតាមក្រមសីលធម៌ និងច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីទទួលផលផ្លែផ្កា។

ក្នុងករណី មានប្រើហិង្សាណាមួយដែលបំពានទៅនឹងច្បាប់ លោក ហង្ស ពុទ្ធា បានព្រមានទុកជាមុនថា នឹងចាត់វិធានការណ៍ ទៅតាមច្បាប់ដែលបានដាក់ចេញ។ លោកថា ជាពិសេសនឹងតាមឃ្លាំមើល គ្រប់សកម្មភាពរបស់គណបក្សនីមួយៗ ក្នុងការឃោសនា ពីសំណាក់ក្រសួងមហាផ្ទៃ ក្រសួងការពារ និងគ.ជ.ប ។

លោកសង្កត់ធ្ងន់ថា “បាទ នឹងមានចាត់វិធានការ ។ទី១គឺការទទួលព័ត៌មាន ឲ្យបានច្បាស់លាស់ អំពីករណីដែលកើតមានឡើង នៅកន្លែងណា ដូចជាកម្រិតបុគ្គល ឬក៏កម្រិតនៃបំណងនយោបាយ ឬក៏ជាឧបាយកលណាមួយ គឺផ្អែកទាំងអស់នេះហើយ នឹងធ្វើការវាយតម្លៃថា តើគួរចាត់វិធានការ និងដោះស្រាយយ៉ាងណា” ៕

To Top