ព័ត៌មានជាតិ

មន្ដ្រីឧទ្យានុរក្ស ដើរតួនាទីសំខាន់ អភិរក្សធនធានធម្មជាតិ និងបង្ក្រាបបទល្មើសកើតឡើង នៅតំបន់ការពារធម្មជាតិ

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារប្រឆាំង ការសម្អាតប្រាក់ នៃក្រសួងបរិស្ថាន បានថ្លែងថា មន្ត្រីឧទ្យានុរក្ស និងជាមន្ត្រីនគរបាលយុត្តិធម៌ ដើរតួនាទីសំខាន់ក្នុងការអភិរក្សធនធានធម្មជាតិ ទាំងការចុះល្បាត បង្ក្រាប និងទប់ស្កាត់បទល្មើស និងការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើស កើតឡើង នៅក្នុងតំបន់ការពារធម្មជាតិ ។

ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលអំពីគោលការណ៍ណែនាំ ស្តីពីបែបបទ និង នីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ស៊ើបអង្កេត និងការរៀបចំសំណុំរឿង សម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ ដែលពន្លាតចេញពីបទល្មើសដើម នៃបទល្មើសធនធានធម្មជាតិ ជូនមន្ត្រីឧទ្យានុរក្សជាមន្ត្រី នគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ នាថ្ងៃទី១៩ ឧសភា លោក នេត្រ ភក្ត្រា បានថ្លែងឲ្យដឹងថា «មន្ត្រីឧទ្យានុរក្ស និងជាមន្ត្រីនគរបាល យុត្តិធម៌ ដើរតួនាទីសំខាន់ ក្នុងការភិរក្សធនធានធម្មជាតិ ទាំងការចុះល្បាត បង្ក្រាប និងទប់ស្កាត់បទល្មើស និងការអនុវត្ត ច្បាប់ប្រឆាំងនឹងបទល្មើស ដែលបានកើតឡើង នៅក្នុងតំបន់ការពារធម្មជាតិ ដោយក្នុងនោះត្រូវអនុវត្តច្បាប់ ស្តីពីតំបន់ ការពារធម្មជាតិផង និងច្បាប់ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ករណីបទល្មើសដើម មានតម្រុយទាក់ទងនឹង ការលាងសម្អាតប្រាក់»។

លោកបន្ដថា មន្ត្រីឧទ្យានុរក្សទាំងអស់ មិនមែនត្រឹមតែជាបំពេញតួនាទី ភារកិច្ចតាមឯកសណ្ឋានរបស់ខ្លួន ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិនោះទេ ប៉ុន្តែក៏បំពេញតួនាទី ជាឪពុកម្តាយជីដូនជីតា ក្នុងការការពារ និងអភិរក្សព្រៃឈើសត្វព្រៃ និងធនធានធម្មជាតិផ្សេង ទៀតដើម្បីបន្សល់ទុក សម្រាប់កូនចៅជំនាន់ក្រោយ របស់យើងរាប់ជំនាន់ទៀត។

លោកថា ការការពារ និងអភិរក្សធនធានធម្មជាតិបាន ល្អប្រសើរនៅបច្ចុប្បន្ននេះ គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្ស ហើយបច្ចុប្បន្ននេះកិច្ចខិតខំប្រឹងប្រែងនេះបាននិងកំពុងផ្តល់ផល តាមរយៈការលក់ឥណទាន និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ។

គួរបញ្ជាក់ថា ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង នឹងបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ ក្រសួងបរិស្ថាន បានចូលរួមយ៉ាងសកម្មជាមួយ ក្រសួងស្ថាប័ន ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងយន្តការ និងបង្កើនប្រសិទ្ធភាព នៃការទប់ស្កាត់បទល្មើស នៃការសម្អាតប្រាក់។

រហូតមកដល់ពេលនេះ មន្ត្រី នគរបាលយុត្តិធម៌ជាច្រើន រយនាក់នៃមន្ទីរបរិស្ថានចំនួន ៦ ដែលមានតំបន់ការពារធម្មជាតិ បានទួលការបណ្តុះបណ្តាល គោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ ដែលពន្លាតចេញពីបទល្មើសដើម នៃបទល្មើសធនធានធម្មជាតិ ៕

To Top