ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ឱ្យ​ផ្អាកលក់ និងពិសារគ្រឿងស្រវឹង អំឡុងពេលបោះឆ្នោតឃុំ-សង្កាត់ ដើម្បីទប់ស្កាត់ការបំភិតបំភ័យ ឬគ្រោះថ្នាក់សង្គម

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចផ្អាកការលក់ដូរ និងពិសារគ្រឿងស្រវឹង មួយថ្ងៃ មុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរសើក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺថ្ងៃទី៤-៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីទប់ស្កាត់បញ្ហាផ្សេងៗមកពីគ្រឿងស្រវឹង។

តាមរយៈសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា កន្លងទៅ រាជរដ្ឋាភិបាល បានសង្កេតឃើញថា ការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ ភាគច្រើនអាចបង្កឲ្យមានអំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម ការប្រព្រឹត្តបទល្មើសនានា ឬករណីខ្លះអាចបណ្តាលឲ្យបាត់សណ្ដាប់ធ្នាប់សាធារណៈថែមទៀតផង។

សេចក្ដី​ណែនាំ​ឱ្យ​ដឹង​បន្ដថា អនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងដើម្បីឲ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលកម្ពុជាបានកំណត់រៀបចំធ្វើនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានបាតុភាពនានា ដែលអាចកើតមានឡើង ដោយសារតែការពិសាគ្រឿងស្រវឹង។

សេចក្ដី​ណែនាំ​បញ្ជាក់ថា «ប្រជាពលរដ្ឋ និងជនបរទេសទាំងអស់ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវរូប សហការជាមួយរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ពាណិជ្ជករ និងអាជីវករ ដោយត្រូវផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត គឺ ថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម និងបាតុភាពនានាដែលអាចបណ្តាលមកពីការពិសាគ្រឿងស្រវឹង គ្រប់ប្រភេទ»។

រាជរដ្ឋាភិបាល​បានណែនាំក្រសួង ស្ថាប័ន កងរាជអាវុធហត្ថ កងនគរបាលជាតិ រួមជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការបំពាក់បំប៉នដល់មន្ត្រីរាជការក្រោមឱវាទ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងផ្សព្វផ្សាយ អប់រំណែនាំប្រជាពលរដ្ឋខ្មែរ និងជនបរទេសទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យអនុវត្តការ ផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹង ដើម្បីចូលរួមធ្វើឱ្យកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ប្រព្រឹត្តទៅក្នុងបរិយាកាស នយោបាយល្អ សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា៕

To Top