នយោបាយ

កម្ពុជា ចាប់ផ្តើមយុទ្ធនាការ ឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥

ភ្នំពេញ ៖ ព្រឹកថ្ងៃ២១ ឧសភានេះ ជាថ្ងៃដែលកម្ពុជាបាន រៀបចំយុទ្ធនាការឃោសនារកសំឡេង ឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ។ សង្កេតឃើញថា មុនថ្ងៃឃោសនាគណបក្សដាក់ពាក្យចូលរួមប្រកួតប្រជែងយកតំណែងមេឃុំ និងចៅសង្កាត់ចំនួន១៧ គណបក្សបានរៀបចំលក្ខណៈទុករួចជាស្រេច ។

ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃ២១ឧសភា ដល់ថ្ងៃ៤ មិថុនា ។ កាលពីថ្ងៃ១៧ ឧសភា គ.ជ.បបានចេញសេចក្តីអំពាវនាវ ដល់គណបក្ស នយោបាយ បេក្ខជន អ្នកគាំទ្រ នៃគណបក្សនយោបាយ ទាំងអស់ ត្រូវអនុវត្តតាមវិធានការ នានារបស់ គ.ជ.ប ដើម្បីឲ្យការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រព្រឹត្តទៅដោយសន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព ។ គ.ជ.ប ក៏បានអំពាវនាវដល់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀង ក្នុងសកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឲ្យគណបក្សនយោបាយនីមួយៗ អាចអនុវត្តកម្មវិធីឃោសនាបោះឆ្នោត និងការហែក្បួន ឃោសនាបោះឆ្នោតរបស់ខ្លួនប្រព្រឹត្តទៅដោយស្មើភាពគ្នា ។

សម្រាប់ការឃោសនាបោះឆ្នោតនេះ គណបក្ស៤ក្នុងចំណោមគណបក្ស១៧ បានត្រៀមលក្ខណៈរួចរាល់ផងដែរ ។ ក្នុងនោះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា គណបក្សបានត្រៀមរួចជាស្រេចហើយ នៅតាមគោលដៅមូលដ្ឋាននៅទូទាំងប្រទេស ដោយអនុវត្តទៅតាមសេចក្តីណែនាំរបស់គ.ជ.ប។

លោកថា “យើងបានត្រៀមគ្រប់លក្ខណៈសម្បត្តិទាំងអស់ ស្របទៅតាមគោលការណ៍ច្បាប់ គោលការណ៍នីតិវិធី ក៏ដូចជាបទបញ្ជានានារបស់គ.ជ.ប អត់មានខ្វះចន្លោះអ្វីទេ ឲ្យតែទៅដល់ថ្ងៃយើងចាប់អនុវត្តតែម្តង” ។

លោកបន្តថា ដោយសារការបោះឆ្នោតនេះ ស្ថិតក្នុងក្របខណ្ឌឃុំ-សង្កាត់នោះ ក្នុងរយៈពេល១៤ថ្ងៃនៃយុទ្ធនាការគឺធ្វើនៅតាមក្របខណ្ឌឃុំ-សង្កាត់ នីមួយៗ ដោយមិនធ្វើជាលក្ខណៈធំដុំមកប្រជុំគ្នានៅរាជធានីភ្នំពេញទេ ខណៈបក្សបានត្រៀមនឹងធ្វើអង្គមីទ្ទិញធំ២លើក ។ ចំពោះការឃោសនានឹងមានអ្នកចូលរួមប៉ុន្មាននាក់នោះ លោកថា មិនទាន់សន្មត់បានទេ ព្រោះសមាជិករបស់បក្សមានច្រើននៅទូទាំងប្រទេស ដូច្នេះមហាជនណា ក៏អាចចូលរួមឃោសនាតាមការស្ម័គ្រចិត្ត ដោយគ្មានការបង្ខិបង្ខំទេ ។

ចំណែក លោក យង់ សាំងកុមារ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានឲ្យដឹងថា គណបក្សលោកបានដាក់ពាក្យប្រកួតប្រជែងចំនួន៣២ឃុំ-សង្កាត់ ក្នុងរាជធានី-ខេត្ត១៥នៅទូទាំងប្រទេស ។ លោកថា ចំពោះការឃោសនាគឺធ្វើនៅគ្រប់ឃុំ-សង្កាត់ដែលជាគោលដៅ។

ចំពោះថ្ងៃដំបូងនៃយុទ្ធនាការនោះ លោកបញ្ជាក់ថា “ថ្ងៃ២១ ឧសភា យើងនឹងចូលរួមហែរនៅសង្កាត់កោះដាច់ និងឃុំជើងព្រៃ បាធាយ កំពង់ចាម” ។

សម្រាប់លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយមបានលើកឡើងថា គណបក្សលោកបានដាក់បេក្ខជនប្រកួតប្រជែងចំនួន៣៨ឃុំ-សង្កាត់ នៅក្នុងរាជធានី-ខេត្ត១០ ហើយគោលដៅនៃការឃោសនាចម្បងរបស់បក្ស គឺកាចែកខិតប័ណ្ណនៅតាមខ្នងផ្ទះ និងចាក់មេក្រូផ្សព្វផ្សាយពីគោលនយោបាយបក្សនៅតាមឃុំ-សង្កាត់ដែលជាគោលដៅ ។

លោកថា ចំពោះការហែក្បួនវិញ អាចធ្វើនៅឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ប្រមាណជា១០០នាក់ ដោយចាប់ផ្តើមចេញពីព្រំដែនវៀតណាម។
លោកបន្ថែមថា “ជាគោលការណ៍របស់គណបក្ស យើងផ្តោតអារម្មណ៍ ផ្តោតការយកចិត្តទុកដាក់ ទៅលើការចែកខិតប័ណ្ណ និងចាក់មេក្រូផ្សាយ ពីគោលនយោបាយរបស់កម្ពុជានិយម” ។

បន្តមកលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាវិញបានឲ្យដឹងដែរថា បក្សបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការឃោសនារកសំឡេងឆ្នោតនៅថ្ងៃ២២ ឧសភា ចាប់ពីភ្នំពេញថ្មីនិងខណ្ឌកំបូល ។ ដោយថ្ងៃ២១ ឧសភា ជាថ្ងៃដំបូងលោកមិនធ្វើទេ សួរថាមូលអ្វីអត់ធ្វើ លោកថា នេះជាយុទ្ធសាស្រ្តរបស់បក្ស។

លោកបន្តថា “បន្ទាប់ពីនោះ យើងនឹងចុះធ្វើការឃោសនា នៅតាមមូលដ្ឋានឃុំ-សង្កាត់ដែលយើងមានបេក្ខជន ហើយនៅថ្ងៃ២៩ ឧសភា យើងនឹងធ្វើពិធីឃោសនាម្តងទៀតជាទ្រង់ទ្រាយធំ នៅឯរាជធានីភ្នំពេញដោយមានមនុស្សប្រមាណជា១ពាន់នាក់ឡើងទៅ” ។

ដោយឡែក លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានអំពាវនាវបន្ថែមទៅលើសេចក្តីប្រកាស ឲ្យគ្រប់គណបក្សនយោបាយ និងអាជ្ញាធរសហការគ្នាឲ្យល្អ ក្នុងការឃោសនារកសំឡេងឆ្នោតរយៈពេល១៤ថ្ងៃនេះ ។ លោកក៏សង្ឃឹមថា ទាំងគ្រប់គណបក្ស និងពលរដ្ឋចូលរួមឃោសនា នឹងមានភាពចាស់ទុំដោយគោរពតាមក្រមសីលធម៌ និងច្បាប់ស្តីពីគណបក្សនយោបាយដើម្បីទទួលផលផ្លែផ្កា។

ក្នុងករណី មានប្រើហិង្សាណាមួយដែលបំពានទៅនឹងច្បាប់ លោក ហង្ស ពុទ្ធា បានព្រមានទុកជាមុនថា នឹងចាត់វិធានការណ៍ទៅតាមច្បាប់ដែលបានដាក់ចេញ។ លោកថា ជាពិសេសនឹងតាមឃ្លាំមើលគ្រប់សកម្មភាពរបស់គណបក្សនីមួយៗ ក្នុងការឃោសនា ពីសំណាក់ក្រសួងមហាផ្ទៃ ក្រសួងការពារ និងគ.ជ.ប ។

លោកសង្កត់ធ្ងន់ថា “បាទ នឹងមានចាត់វិធានការ ។ទី១គឺការទទួលព័ត៌មានឲ្យបានច្បាស់លាស់ អំពីករណីដែលកើតមានឡើង នៅកន្លែងណា ដូចជាកម្រិតបុគ្គល ឬក៏កម្រិតនៃបំណងនយោបាយ ឬក៏ជាឧបាយកលណាមួយ គឺផ្អែកទាំងអស់នេះហើយ នឹងធ្វើការវាយតម្លៃថា តើគួរចាត់វិធានការ និងដោះស្រាយយ៉ាងណា” ៕

To Top