ស្វាយរៀង ៖ ថ្ងៃបើកយុទ្ធនាការ ឃោសនារកសំឡេងឆ្នោតដំបូង លោកបណ្ឌិត កែរ រដ្ឋាប្រធានគណៈពង្រឹងថ្នាក់ខេត្ត ចុះជួយសង្កាត់ស្វាយរៀង បានដឹកនាំសមាជិកសមាជិកា គណបក្សប្រមាណជិត ៣០០ នាក់ដង្ហែរក្បួនរកសំឡេងឆ្នោត។
យុទ្ធនាការរកសំឡេងឆ្នោតនេះ ក៏មានការចូលរួមពីលោកឌី វិជ្ជាប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង និងលោកជុក មុន្នីអនុប្រធានទី១ គណៈពង្រឹងជួយក្រុងស្វាយរៀង និងលោកណុប ចំរើនប្រធានគណៈកម្មាធិការ គណបក្សក្រុងស្វាយរៀងព្រមទាំងក្រុមការងារ ចុះជួយក្រុងស្វាយរៀង មួយចំនួនទៀតផងដែរ។
ថ្លែងទៅកាន់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា លោកបណ្ឌិត កែរ រដ្ឋាប្រធានគណៈពង្រឹងថ្នាក់ខេត្ត ចុះជួយសង្កាត់ស្វាយរៀង បានថ្លែងផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តស្វាយរៀងជូនដល់សមាជិក សមាជិកាគណបក្សផងដែរ។
លោកបណ្ឌិតកែរ រដ្ឋាក៏បានថ្លែងអំណរគុណ ចំពោះលោកស្រីម៉ែន សំអន ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងលោកឌី វិជ្ជាប្រធានក្រុមការងារ ចុះជួយក្រុងស្វាយរៀងនិងលោកជុក មុន្នីអនុប្រធានគណៈពង្រឹង ចុះជួយក្រុងស្វាយរៀងនិងថ្នាក់ដឹកនាំ ក្រុមការងារទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់យុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះផងដែរ។
លោកបានបន្តថា ក្នុងរយៈពេល ៤៣ ឆ្នាំកន្លងទៅបន្ទាប់ពីជ័យជំនះ ៧មករាឆ្នាំ ១៩៧៩ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិ ក្នុងស្ថានភាពមួយដែលវិស័យសេដ្ឋកិច្ចសង្គមចាប់ផ្ដើមស្ថិតនៅក្នុង ចំណុចលេខសូន្យ រហូតមកដល់ការបង្កើតបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ជាច្រើនរាប់មិនអស់រួមមាន៖ ការរំដោះប្រទេសជាតិ ឲ្យរួចផុតពីរបបប្រល័យពូសាសន៍ នឹងទប់ស្កាត់មិនឲ្យរបប ដ៏ឃោរឃៅនេះវិលវិញ និងផ្តល់សេរីភាពជូនប្រជាពលរដ្ឋវិញ ការរំលត់ភ្លើងសង្គ្រាម បង្កើតបាននូវសុខសន្តិភាពការស្ដារ និងអភិវឌ្ឍន៍ប្រទេស ការពារខឿនឯករាជ្យនិងលើកកម្ពស់កិត្យានុភាពជាតិ និងអធិបតេយ្យភាពជាដើម។
លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គ្រប់ការបោះឆ្នោតទាំងការបោះឆ្នោតជាតិនិងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ តែងតែទទួលបានជ័យជម្នះគ្រប់អាណត្តិ នឹងមានឱកាសដឹកនាំប្រទេសជាតិ ឲ្យមានការផ្លាស់ប្ដូរនឹងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។
លោកបានបន្តថា នៅតាមបណ្ដាមូលដ្ឋានឃុំសង្កាត់ សុទ្ធតែមានការប្រែប្រួលមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយអាណត្តិ ទៅមួយអាណត្តិ។ ជាក់ស្តែងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ការកសាងសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ផ្លូវគមនាគមន៍ ការកសាងប្រព័ន្ធស្រោចស្រព លើដីកសិកម្ម សិប្បកម្ម ខ្សែរបណ្តាញអគ្គិសនី។ល។ និងគោលនយោបាយសំខាន់ៗជាច្រើន បម្រើឲ្យផលប្រយោជន៍ ក្នុងជីវភាពរស់នៅរបស់ប្រជាជន ការផ្ដល់សេវាសាធារណៈ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ ឆ្នាំក្នុងគ្រួសារកសិករក្រីក្រ ការផ្ដល់សេវាសុខាភិបាល និងបណ្ដាសេវាដទៃទៀតជាច្រើន សម្រាប់បម្រើឱ្យសំណូមពរនិងតម្រូវការរបស់ប្រជាជន។
លោកបណ្ឌិតបានបញ្ជាក់ថា នៅពេលប្រទេសជាតិ ជួបនូវគ្រោះវិបត្តិ នៃជំងឺរាតត្បាតសាកលកូវីដ-១៩ រាជរដ្ឋាភិបាលដឹកនាំ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ពុះពារការលំបាកសព្វបែបយ៉ាង តាមរយៈការដាក់ចេញ នូវយុទ្ធសាស្ត្រកម្មវិធី ប្រកបដោយភាពឈ្លាសវៃសង្គ្រោះអាយុជីវិត ប្រជាជនទូទាំងប្រទេស ទាំងនៅទីក្រុងទាំងពីរជនបទ ឃុំ សង្កាត់ដែលដាច់ស្រយាលរាប់សែន លាននាក់ឲ្យរួចផុតគ្រោះហានិភ័យនេះដោយបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
លោកបណ្ឌិតបានអំពាវនាវ ដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា សូមគៀងគរបងប្អូនមិត្តភត្តិឪពុកម្ដាយ ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនាឆ្នាំ ២០២២ ឲ្យបានគ្រប់គ្នាដើម្បីគាំទ្រ បេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ កូតាគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ដើម្បីបន្តការអភិវឌ្ឍមូលដ្ឋាន ឲ្យកាន់តែរីកចម្រើនថែមទៀត។
សូមបញ្ជាក់ថានៅខេត្តស្វាយរៀង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥មានចំនួន ៩ គណបក្សដែលបានឈរឈ្មោះ ជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងនោះដែលមានបេក្ខជន ឈរឈ្មោះច្រើនជាងគេ ក្នុងឃុំសង្កាត់ទាំង៨០ ឃុំ/សង្កាត់គឺគណបក្សប្រជាជនកម្ពុជា បានឈរឈ្មោះបេក្ខជន ៨០ ឃុំសង្កាត់, គណបក្សភ្លើងទៀន មានបេក្ខជនឈឈ្មោះ ៧៩ ឃុំ/សង្កាត់។ហើយសម្រាប់ការដង្ហែរក្បួនរកសំឡេងឆ្នោតនៅព្រឹកថ្ងៃទី២១ ខែឧសភានេះដែរគឺមានតែគណបក្សប្រជាជនកម្ពុជា ដែលបានដង្ហែក្បួនរកសំឡេងឆ្នោត នៅតាមដងផ្លូវសាធារណៈនានា នៅក្នុងខេត្តស្វាយរៀង រីឯគណបក្សផ្សេងៗទៀត គឺពុំឃើញធ្វើសកម្មភាពដង្ហែក្បួននោះទេ៕