ព័ត៌មានជាតិ

សម្ដេចតេជោ ចំអកឱ្យលោក សម រង្ស៊ី ថា សម្ដេចទៅអឺរ៉ុប មិនមែនស្វែងរក ស្រោមសំបុត្រទេ

ភ្នំពេញ៖ ហាក់ទៅណាមិនឆ្ងាយពី ការបញ្ចេញវោហាសាស្រ្តនយោបាយ បែបឌឺដងដាក់គ្នា រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង កំពុងរស់នៅក្រៅប្រទេស ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុនសែន បានចំអកឱ្យលោក សម រង្ស៊ី ថាសម្ដេចទៅអឺរ៉ុប និងជួបពលរដ្ឋខ្មែរនាពេលនេះ មិនមែនស្វែងរកស្រោមសំបុត្រនោះទេ ។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមមូលបទ “ការត្រៀមខ្លួនសម្រាប់យុគសម័យក្រោយជំងឺកូវីដ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ (Davos-Klosters) ប្រទេសស្វីស។

ថ្លែងក្នុងកម្មពិធីជួបសំណោះសំណាល ជាមួយសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប ជាង២ពាន់នាក់ នាទីក្រុងសូរិក ប្រទេសស្វីស សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចអត់ដើរស្វែងរកស្រោមសំបុត្រទេ។

សម្ដេចបន្ថែមថា «អ្នកខ្លះគេថា បានដើរប្រមូល (ថវិកា) ពីបងប្អូននៅខាងក្រៅប្រទេស ទៅជួយខ្មែរក្នុងស្រុក ក្នុងពេលផ្ទុះកូវីដ១៩ ឥឡូវសុំសួរបងប្អូនខ្មែរនៅក្នុងស្រុក បានទទួលជំនួយពីក្រៅប្រទេសប៉ុន្មានហើយ?»។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «អារកស៊ីភូតនេះ ភូតខ្មែរនៅបារាំង ភូតខ្មែរនៅអឺរ៉ុប ភូតខ្មែរនៅអាមេរិក ថាយកទៅជួយខ្មែរនៅក្នុងស្រុក តែយើងនៅក្នុងស្រាប់គឺថាដើរចង់ងាប់ចង់រស់ហើយ ដើម្បីជីវិតប្រជាពលរដ្ឋ»។

សម្ដេចបានផ្ដាំថា បើគេបោកលើកទី១និង២ បានគឺអ្នកបោកខុស អ្នកចាញ់បោកគេអត់ខុសទេ តែបើគេបោកលើកទី៣ បាននឹងបានន័យថា អ្នកឱ្យគេបោកនឹងល្ងង់ម៉ង។

To Top