ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការបរទេស ចិន ឆ្លើយតបសំណួរស្តីពីការដែលសហគមន៍អន្តរជាតិ គាំទ្រយ៉ាងទូលំទូលាយ ចំពោះគោលជំហររបស់ប្រទេសចិន លើបញ្ហានៃការចូលរួម របស់តៃវ៉ាន់ទៅក្នុងមហាសន្និបាត សុខភាពពិភពលោក

មហាសន្និបាតសុខភាពពិភពលោកលើកទី ៧៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ ខែឧសភា។ ស្ថាប័នកិច្ចការបរទេសនៃអាជ្ញាធរតំបន់តៃវ៉ាន់បានសម្តែង “ការសោកស្តាយ និងការមិនពេញចិត្ត” ចំពោះការដែលតំបន់តៃវ៉ាន់មិនបានទទួលសេចក្តីអញ្ជើញឱ្យចូលរួមក្នុងមហាសន្និបាតលើកនេះ។ ពេលថ្មីៗនេះ ប្រទេសជាច្រើនបានផ្ញើលិខិតទៅកាន់អង្គការសុខភាពពិភពលោក ដើម្បីគាំទ្រការសម្រេចចិត្តរបស់រដ្ឋាភិបាលចិនដែលមិនយល់ព្រមតំបន់តៃវ៉ាន់ ឱ្យចូលរួមទៅក្នុងមហាសន្និបាតសុខភាពពិភពលោកប្រចាំឆ្នាំនេះ ហើយមិនចង់ឱ្យមានការពិភាក្សាណាមួយ អំពីបញ្ហាទាក់ទងនឹងតៃវ៉ាន់ នៅក្នុងមហាសន្និបាតលើកនេះទេ។

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងក្នុងការឆ្លើយតប នឹងរឿងនេះនៅថ្ងៃទី ២១ ខែឧសភាថា បញ្ហាអំពីការចូលរួមរបស់តំបន់តៃវ៉ាន់ នៅក្នុងអង្គការអន្តរជាតិ រួមទាំងសកម្មភាពរបស់អង្គការសុខភាពពិភពលោក ត្រូវតែដោះស្រាយតាមគោលការណ៍ចិនតែមួយ។ សេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិលេខ ២៧៥៨ និងសេចក្តីសម្រេចចិត្ត របស់មហាសន្និបាតសុខភាពពិភពលោក លេខ២៥,១ បានបញ្ជាក់ពីគោលការណ៍ជាមូលដ្ឋាននេះ។

រដ្ឋាភិបាលចិនបានយកចិត្ត ទុកដាក់ខ្ពស់ចំពោះសុខភាព និងសុខុមាលភាពរបស់ជនរួមជាតិតៃវ៉ាន់ ព្រមទាំងបានចាត់ចែងឱ្យបានសមរម្យនូវការចូលរួមរបស់តៃវ៉ាន់ នៅក្នុងកិច្ចការសុខាភិបាលជាសកល ក្រោមលក្ខខណ្ឌទុកជាមុននៃគោលការណ៍ចិនតែមួយ។

ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាការពារភាពម៉ឺងម៉ាត់ និងកិត្យានុភាពនៃសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់មហាសន្និបាត អង្គការសហប្រជាជាតិនិងមហាសន្និបាតសុខភាពពិភពលោក ប្រទេសចិនមិនយល់ព្រមចំពោះការចូលរួមរបស់តៃវ៉ាន់ នៅក្នុងមហាសន្និបាតសុខភាពពិភពលោកប្រចាំឆ្នាំនេះទេ។ ការសម្រេចចិត្តរបស់ប្រទេសចិនទទួលបានការគាំទ្រ និងយោគយល់យ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ។ វាបានបញ្ជាក់ម្តងទៀតថា គោលការណ៍ចិនតែមួយ គឺជាសេចក្តីប្រាថ្នារបស់សហគមន៍អន្តរជាតិ និងជានិន្នាការទូទៅ ហើយក៏បង្ហាញយ៉ាងពេញលេញនូវគោលជំហរដ៏ត្រឹមត្រូវរបស់ប្រទេសភាគច្រើន លើសលប់ដែលប្រកាន់សច្ចាយុត្តិធម៌លើបញ្ហាពាក់ព័ន្ធតំបន់តៃវ៉ាន់ ក្នុងមហាសន្និបាតសុខភាពពិភពលោកផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន

To Top