សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) បាននឹងកំពុងរៀបចំកម្មវិធីឈ្មោះ Cambodia Night ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ក្នុងរបៀបវារៈសន្និសីទអាស៊ីប៉ាស៊ីហ្វិក JCI Asia Pacific Conference 2022។ នេះគឺជាមោទកភាព និងកិត្តិយសធំធេងណាស់សម្រាប់ប្រទេសកម្ពុជាយើងទាំងមូល ដ្បិតថា នេះគឺជាព្រឹត្តិការណ៍ដ៏កម្របំផុត សម្រាប់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា តាមរយៈក្រុមការងារប្រតិបត្តិនៃកម្មវិធី Cambodia Night ដែលកំពុងដុតដៃដុតជើង រៀបចំព្រឹត្តិការណ៍នេះឲ្យលេចចេញជារូបរាង ប្រកបដោយប្រសិទ្ធភាព និងប្រណីតភាពជាទីបំផុតតាមដែលអាចធ្វើទៅបាន។
សូមសង្កត់ធ្ងន់ថា នេះក៏ជាឱកាសដ៏ពិសិដ្ឋមួយ ដើម្បីទាក់ទាញគណៈប្រតិភូអន្តរជាតិឲ្យមកទស្សនាទឹកដីសុវណ្ណភូមិ ក្នុងសន្និសីទអាស៊ីប៉ាស៊ីហ្វិក (ASPAC) ឆ្នាំ២០២៤ ដែលកម្ពុជាត្រៀមដណ្ដើមឱកាសដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងសន្និសីទនេះផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ កម្មវិធី Cambodia Night ក៏នឹងផ្ដោតសំខាន់ទៅលើការផ្សព្វផ្សាយវប្បធម៌ សិល្បៈ ទំនៀមទម្លាប់ប្រពៃណីខ្មែរ សក្ដានុពលវិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៃប្រទេសកម្ពុជាទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិពីបណ្ដាប្រទេសអាស៊ីប៉ាស៊ីហ្វិកជាង ២០ប្រទេស ក្នុងន័យសំដៅរួបរួមភាតរភាពក្នុងរង្វង់គ្រួសារ JCI Cambodia និងពង្រឹងសុខដុមរមនីយកម្មជាមួយសមាជិក JCI ជាង១២០ប្រទេសផ្សេងទៀតលើពិភពលោក ព្រមទាំងលើកកម្ពស់មុខមាត់ជាតិខេមរា លើឆាកអន្តរជាតិផងដែរ។
សូមបញ្ជាក់ផងដែរថា កម្មវិធីដ៏អស្ចារ្យមួយនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២ ចាប់ពីម៉ោង ១៨:៣០ ដល់ ២២:០០ យប់ នៅទីតាំង The Kampus ក្បែរភោជនីយដ្ឋានទន្លេបាសាក់២ និងជាពិសេស ភ្ញៀវកិត្តិយស និងអ្នកចូលរួមទាំងអស់ ត្រូវបានលើកទឹកចិត្តឲ្យស្លៀកពាក់បែបប្រពៃណីខ្មែរ គ្រប់សម័យកាល។
លោកអ្នកអាចស្វែងរកព័ត៌មានលម្អិត អំពីកម្មវិធី ការចុះឈ្មោះចូលរួម និងតម្លៃសំបុត្រ លើទំព័រហ្វេសប៊ុកផ្លូវការរបស់ JCI Cambodia !






