DAP News

ព័ត៌មានជាតិ

ធំជាងគេក្នុងខេត្តព្រៃវែង! គម្រោងបុរីមង្គលវីឡា ព្រៃវែងបុរី, ភូមិលម្ហែ ធំជាងគេ ទី១ ក្នុងខេត្តព្រៃវែង បើកសម្ពោធជាផ្លូវការ

ភ្នំពេញ៖ គម្រោងបុរីមង្គលវីឡា ព្រៃវែងបុរី និងភូមិលម្ហែធំជាងគេទី១ ក្នុងខេត្តព្រៃវែង បានសម្ពោធ ចាប់ផ្តើមសាងសង់ជាផ្លូវការ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ ស្ថិតនៅក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ចម្ងាយ៥០០ម៉ែត្រខាងលិចរង្វង់មូលស្វាយអន្ទរ ក្រោមអធិបតីភាពលោក ជា សុមេធី អភិបាលនៃគណអភិបាលខេត្តព្រៃវែង ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីនៃរដ្ឋបាលខេត្ត អាជ្ញាធមូលដ្ឋាន ឃុំ-ស្រុក ,លោក ឌិន សុមេធារិទ្ធ និងសមាជិកនៃក្លឹបសេដ្ឋធុរជន ព្រមទាំងមានការចូលរួមពីសំណាក់ ពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋប្រមាណជាង ៤០០នាក់។

បុរីមង្គលវីឡា ព្រៃវែងបុរីនេះ មានហេដ្ឋារចនាសម្ព័ន្ធប្រៀបបាននឹងក្រុងរណបមួយរបស់ខេត្តព្រៃវែង ដោយបុរីនឹងមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាច្រើនដូចជា សាលារៀន ក្លឹបកីឡា ផ្សារ កន្លែងបោះដុំអីវ៌ាន់ មន្ទីពេទ្យ សណ្ឋាគារ ធនាគារ សួនច្បារ អាហារដ្ឋានចម្រុះ សួនកម្សាន្ត រមណីយដ្ឋាន និងបឹងធម្មជាតិដ៍ធំសម្រាប់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរសម្រាកលម្ហែកាយ។ គម្រោងទី១ដែលដាក់សម្ពោធការសាងសង់ជាផ្លូវការទីនេះ មានទំហំ៤០ហិចតា ដែលក្នុងនោះផ្ទៃបឹងនិងសួន កម្សាន្តមាន ១០ហិចតា។

លោកជា សុមេធី អភិបាលនៃគណអភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រយ៉ាងពេញទំហឹងលើការអភិវឌ្ឍគម្រោងមង្គលវីឡា ព្រៃវែងបុរីនេះ។ លោកមានប្រសាសន៍ថា គម្រោងនេះ នឹងលើកមុខមាត់សម្រស់ខេត្តព្រៃវែង ជាពិសេសគឺស្រុកស្វាយអន្ទរនេះតែម្តង ហើយតំបន់រង្វង់មូលស្វាយអន្ទរនេះជាតំបន់សេដ្ឋកិច្ចចម្រុះភ្ជាប់ទៅខេត្តជាច្រើនទៀត។ គម្រោងមង្គលវីឡា ព្រៃវែងបុរីនេះនឹងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសផ្តល់ឱកាសមុខរបរនិងការងារជាច្រើនដល់ប្រជាពលរដ្ឋ។

លោក ឌិន សុមេធារិទ្ធ ស្ថាបត្យករ និង ដឹកនាំអភិវឌ្ឍគម្រោងនេះផ្ទាល់ និងជាស្ថាបនិកភូមិផ្កាត្រកួន ហើយជាម្ចាស់សណ្ឋាគារ Frangipani បានថ្លែងថា ក្នុង នាមលោក ជាស្ថាបត្យករខ្លួនឯង និងមានចំណេះដឹងលើការអភិវឌ្ឍទីក្រុង លោកសម្លឹងឃើញថា តំបន់រង្វង់មូលស្វាយអន្ទរនេះ នឹងក្លាយជា តំបន់ សេដ្ឋកិច្ចចម្រុះនិងកណ្តាលសម្រាប់ខេត្តជាច្រើន ដែលរួមមានខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគីរី ព្រមទាំងប្រទេសវៀតណាមផងដែរ។

ក្នុងឱកាស នាថ្ងៃសម្ពោធបើកគម្រោងជាផ្លូវការនេះ ក៏មានការចុះហត្ថលេខារវាងមង្គលវីឡា ព្រៃវែងបុរី ជាមួយក្រុមហ៊ុន វេសឡាញ អេឌ្យូខេស្ហិន គ្រុប ដើម្បីសាងសង់និងអភិវឌ្ឍសាលារៀននៅក្នុងបុរីនេះផងដែរ។ ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្នុងបុរីនេះ នឹងទទួលបានការផ្តល់ជូនពិសេស សម្រាប់ការសិក្សារបស់បុត្រធីតា។

ប្រជាជនក្នុងឃុំស្វាយអន្ទរ ដែលបានអញ្ជើញមកចូលរួមកម្មវិធីសម្ពោធគម្រោងមង្គលវីឡា ព្រៃវែងបុរីនេះបានសម្តែងអំណរសាទររីករាយជាខ្លាំងដែលគម្រោងនេះ នឹងរួមចំណែកអភិវឌ្ឍន៍តំបន់រង្វង់មូលស្វាយអន្ទរនេះ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ច ជាសហគមន៍រស់នៅទំនើបនិងជាកន្លែងប្រមូលផ្តុំ នូវកន្លែងកំសាន្តដ៏ធំមួយបែបនេះ។

គួរឱ្យកត់សម្គាល់ថា ក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រទេសកម្ពុជាទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ជាពិសេសការអភិវឌ្ឍលំនៅដ្ឋាន និងហេដ្ឋរចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ចនានា ដែលធានាបាននូវការលើកកម្ពស់សេដ្ឋកិច្ចប្រទេសជាតិ និងជីវភាពប្រជាជន។

គួរបញ្ជាក់ផងដែរថា គម្រោងបុរីមង្គលវីឡា ព្រៃវែងបុរីនេះ ចាប់ផ្តើមសាងសង់ជាផ្លូវការចាប់ពីថ្ងៃ២២ ខែឧសភា ឆ្នាំ២០២២ តទៅ ហើយគ្រោងនឹងបញ្ចប់ការអភិវឌ្ឍក្នុងរយៈពេល៣ឆ្នាំ។ អតិថិជនដែលចាប់អារម្មណ៍ទិញផ្ទះអាជីវកម្ម លំនៅដ្ឋានបែបទំនើប និងដីឡូ អាចទំនាក់ទំនងសាកសួរព័ត៌មានពីថ្ងៃនេះតទៅ៕

To Top