គិតត្រឹមព្រឹកថ្ងៃទី២៣ ឧសភា មានរយៈពេល ១៦ថ្ងៃជាប់ៗគ្នាហើយ ដែលកម្ពុជា មិនមានអ្នកឆ្លងកូវីដ១៩ ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា កម្ពុជាទទួលបានជោគជ័យ លើការប្រយុទ្ធប្រឆាំងកូវីដ១៩ ដោយសារតែទទួលបានការជួយទាន់ វេលាពីរដ្ឋាភិបាល និងប្រជាជនចិន ជាមួយនឹងការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

មានប្រសាសន៍ ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ ជូនវិទ្យុមិត្តភាពកម្ពុជា-ចិន នាថ្ងៃទី២៣ ឧសភា ២០២២ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា កម្ពុជាទទួលបានជោគជ័យ លើការប្រយុទ្ធប្រឆាំងកូវីដ១៩ រហូតដល់លែង មានករណីកូវីដ ប៉ុន្មានថ្ងៃចុង ក្រោយនេះ គឺដោយសារតែកម្ពុជាទទួលបានការជួយទាន់ពេលវេលា ពីរដ្ឋាភិបាល និងប្រជាជនចិន ព្រមទាំងគោលនយោបាយ វ៉ាក់សាំងដ៏ត្រឹមត្រូវរបស់ប្រមុខដឹកនាំ រាជរដ្ឋាភិបាល ដែលហៅថា យុទ្ធសាស្ត្រផ្ការីក ។ ជោគជ័យលើបញ្ហាកូវីដ១៩នេះ គឺបង្ហាញយ៉ាងច្បាស់ពីមិត្តភាពដែកថែប រវាងប្រទេសទាំងពីរ ព្រមទាំងឆ្លុះបញ្ចាំងកាន់តែច្បាស់ដែលថា អ្វីជាឧបសគ្គរបស់កម្ពុជា គឺជាឧបសគ្គរបស់ចិន។ ឯកឧត្តមបានលើកឡើងថា បើទោះបីជាចិនរងគ្រោះពីជំងឺរាតត្បាតខ្លួនឯងក៏ដោយ ក៏ថ្នាក់ដឹកនាំ រដ្ឋាភិបាល និងប្រជាជនចិនបានខិតខំជួយកម្ពុជា ប្រយុទ្ធប្រឆាំងកូវីដ១៩ ជាបន្តបន្ទាប់ ជាពិសេស បញ្ជូនវ៉ាក់សាំងជូនមកដល់កម្ពុជា ទាន់ពេលវេលា និងគ្រប់គ្រាន់ រហូតដល់ពេលនេះ ដែលកម្ពុជាឈានដល់ការចាកវ៉ាក់សាំង ដូសទី៥ ទៅទៀត ។

ឯកឧត្តម សូមវាយតម្លៃខ្ពស់ចំពោះ និងថ្លែងអំណរគុណ ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំចិន ជួយដល់មិត្តដែកថែប កម្ពុជា យកឈ្នះជំងឺកូវីដ១៩ ដូចនាពេលបច្ចុប្បន្ននេះ។

គួរបញ្ជាក់ថា កម្ពុជាបាននិងកំពុងប្រើប្រាស់វ៉ាក់សាំងចិន យ៉ាងច្រើនលើសលប់ ចាក់ជូនប្រជាជន ចាប់ពីវ័យ៣ឆ្នាំឡើងទៅ៕ (វិទ្យុមិត្តភាពកម្ពុជា-ចិន)
