ព័ត៌មានជាតិ

អបអរសាទរ ទិវាអណ្តើកពិភពលោក ឆ្នាំ២០២២ កូនកន្ធាយក្បាលកង្កែបចំនួន ៥៨០ក្បាល ត្រូវបានលែងចូលក្នុងទីជម្រកធម្មជាតិ តាមដងទន្លេមេគង្គ

ភ្នំពេញ៖ អង្គការ WCS សហការជាមួយរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលក្រចេះ ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ បានលែងកូនកន្ធាយក្បាលកង្កែប ឬល្មិច ដែលជាប្រភេទជិតផុតពូជបំផុត ចំនួន ៥៨០ក្បាល ចូលទៅក្នុងទីជម្រកធម្មជាតិ តាមដងទន្លេមេគង្គ នៅខេត្តក្រចេះ ដើម្បីចូលរួមអបអរសាទរទិវាអណ្ដើកពិភពលោក។

លោកបណ្ឌិត កែន សេរីរដ្ឋា នាយកអង្គការ wcs បានមានប្រសាសន៍ថា «ដោយមានការគាំទ្រជាបន្តបន្ទាប់ពី ម្ចាស់ជំនួយរបស់យើង និងមានកិច្ចសហប្រតិបត្តិការល្អពីរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការប្ដេជ្ញាចិត្តខ្ពស់របស់បុគ្គលិក នៅទីវាលរបស់យើងនិងក្រុមការពារសំបុកសហគមន៍ អង្គការ wcs សម្រេចបាន នូវសមិទ្ធិផលជាច្រើនគួរឲ្យកត់សម្គាល់ក្នុងការអនុវត្តគម្រោងរបស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។»

លោកបណ្ឌិត សេរីរដ្ឋា បានបន្ថែមទៀតថា «កំណើននៃសំបុកនិងពងកន្ធាយបានជំរុញនិងលើកទឹកចិត្តយើងឱ្យខិតខំ ប្រឹងប្រែងបន្តទៀតដើម្បីអភិរក្សកន្ធាយក្បាលកង្កែបដែលកំពុងទទួលរងគ្រោះជិតផុតពូជបំផុតនេះ។ ក៏ប៉ុន្តែ កន្ធាយប្រភេទនេះកំពុងទទួលរងការគំរាមកំហែងដោយសារការប្រមាញ់និងការជួញដូរខុសច្បាប់។ នៅឆ្នាំ២០២១ យ៉ាងហោចណាស់មានកន្ធាយក្បាលកង្កែបចំនួន ៩ក្បាល ត្រូវបានគេជួញដូរតាមប្រព័ន្ធអនឡាញ និង ២ក្បាល បានស្លាប់ដោយសារការនេសាទខុសច្បាប់។»

នៅក្នុងរដូវពងកូនឆ្នាំ ២០២២ នេះ ក្រុមការពារសំបុកសហគមន៍បានរកឃើញសំបុកកន្ធាយក្បាលកង្កែប ចំនួន ៦៣សំបុក ស្មើនឹង ២.១៥៥ពង។ គិតត្រឹមពីដើមខែមីនា ដល់ ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២២ មានកូនកន្ធាយក្បាលកង្កែបសរុបចំនួន ៩៨២កូនបានញាស់ចេញពីសំបុកចំនួន ៤០ សំបុក ហើយក្រុមការងារបានលែងកូនកន្ធាយចំនួន ៤០២ក្បាលចូលក្នុងទីជម្រកធម្មជាតិវិញ និងនៅសល់ ៥៨០ក្បាលទៀត ត្រូវលែងនៅថ្ងៃនេះ។ ក្រុមការងាររំពឹងថាពងដែលនៅសេសសល់អាចនឹងញាស់បានខ្លះបន្ថែមទៀត។ កាលពី រដូវពងកូនឆ្នាំ២០២១ ក្រុមការងារបានរកឃើញ ៦៦សំបុក ស្មើនឹង ២.៥២៨ពង និងបានលែង ១.៣០០កូន ចូលក្នុងទីជម្រកធម្មជាតិវិញ។

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល បានមានប្រសាសន៍ថា “យើងអបអរសាទរយ៉ាងក្រៃ លែងចំពោះការចូលរួមពីអាជ្ញាធរមូលដ្ឋាន សហគមន៍ បងប្អូនប្រជាពលរដ្ឋ និងជា ពិសេស អង្គការ WCS ដែលបាននឹងកំពុងស្តារប្រភេទដែលកំពុងរងគ្រោះថ្នាក់នេះឲ្យមានវត្តមានក្នុងដែនទឹក ធម្មជាតិនេះឡើងវិញ។” លោកក៏បានស្នើឲ្យភាគីពាក់ព័ន្ធបន្តកិច្ចការស្តារប្រភេទកន្ធាយនេះ ព្រមទាំងក្រើន រំលឹកដល់ជនមួយចំនួន ដែលនៅតែបន្តជួញដូរប្រភេទសត្វនេះ នឹងត្រូវទទួលទោសចំពោះមុខច្បាប់។
លោក ក្លេមឹន បេគ័រ (Clemens Beckers) តំណាងប្រតិភូសហភាពអឺរ៉ុប បានថ្លែងថា «ប្រទេសកម្ពុជាមានទីជម្រកនិងសត្វព្រៃដ៏សម្បូរបែបជាច្រើនប្រភេទ។ កន្ធាយក្បាលកង្កែបគឺជាប្រភេទដ៏កម្រមួយដែលត្រូវការការពារជាបន្ទាន់។ សហគមន៍មូលដ្ឋាន អាជ្ញាធរមូលដ្ឋាន រដ្ឋបាលជលផល និងអង្គការ wcs ត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីការពារនិងស្ដារប្រភេទដ៏កម្រនេះឡើងវិញ។ យើងទាំងអស់គ្នាមានគោលដៅរួមតែមួយក្នុងការជួយសង្គ្រោះប្រភេទនេះកុំឲ្យផុតពូជ ហើយសហភាពអឺរ៉ុបនៅតែប្ដេជ្ញាចិត្តធ្វើការជាមួយដៃគូទាំងអស់ដើម្បីសម្រេចគោលដៅរួមនេះ។»

កន្ធាយក្បាលកង្កែបគឺជាប្រភេទមួយក្នុងចំណោមប្រភេទកម្រៗជាច្រើនទៀតនៅតាមដងទន្លេមេគង្គ ព្រោះ កន្ធាយក្បាលកង្កែបរស់នៅក្នុងអន្លង់ជ្រៅៗជាមួយត្រីដូលហ្វីន និងត្រីបបែលយក្សជាដើម។ ការលែងកន្ធាយក្បាលកង្កែបដែលជាប្រភេទដ៏សំខាន់ចូលក្នុងជម្រកធម្មជាតិ គឺជាការរួមចំណែកយ៉ាងសំខាន់ដល់ការស្តារប្រភេទនេះឡើងវិញកុំឱ្យផុតពូជនាពេលអនាគត។
កន្ធាយក្បាលកង្កែបឬល្មិច ដែលមានឈ្មោះវិទ្យាសាស្ត្រថា Pelochelys cantorii ត្រូវបានចាត់ចូលក្នុងបញ្ជី ក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុត។ វានៅមានចំនួនតិចតួចប៉ុណ្ណោះក្នុង ប្រទេសឡាវ និងប្រទេសមួយចំនួនទៀត និងវាទំនងជាបានផុតពូជហើយនៅតាមអតីតទីជម្រកដែលវាធ្លាប់ រស់នៅភាគច្រើនក្នុងប្រទេស វៀតណាមនិងថៃ ដោយសារមានការលួចចាប់និងធ្វើពាណិជ្ជកម្ម រួមទាំង សកម្មភាពខុសច្បាប់ក្នុងការប្រមូលយកពងរបស់យកទៅលក់ឬធ្វើជាអាហារ។ នៅកម្ពុជា អ្នកវិទ្យាសាស្ត្រមិន បានរកឃើញវត្តមានប្រភេទកន្ធាយ នេះទេក្នុងចន្លោះពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៧។ ក៏ប៉ុន្តែ ក្នុងឆ្នាំ ២០០៧ អង្គការអភិរក្សអន្តរជាតិ (CI)បាន រកឃើញវត្តមានកន្ធាយនេះនៅក្នុងទន្លេមេគង្គចន្លោះពីខេត្តក្រចេះ ដល់ស្ទឹងត្រែង។ អង្គការអភិរក្សអន្តរជាតិ CI បានធ្វើការជាមួយរដ្ឋបាលជលផលការពារប្រភេទកន្ធាយនេះ រហូតដល់ឆ្នាំ ២០១៧ ទើបប្រគល់គម្រោង នេះឲ្យមកអង្គការ WCS គ្រប់គ្រងបន្ត។ ចាប់តាំងពីពេលនោះមក អង្គការ WCS និងរដ្ឋបាលជលផល បាន និងកំពុងធ្វើការអភិរក្សប្រភេទសត្វនេះ តាមរយៈការទប់ស្កាត់រាល់ សកម្មភាពខុសច្បាប់ទាក់ទងនឹងការចាប់ និងការធ្វើពាណិជ្ជកម្មប្រភេទកន្ធាយក្បាលកង្កែបនេះ កម្មវិធីការ ពារសំបុកនៅតាមសហគមន៍ និងគាំទ្រដល់ការ អភិវឌ្ឍសហគមន៍ និងសហគមន៍នេសាទ។

គម្រោងអភិរក្សកន្ធាយក្បាលកង្កែបរបស់អង្គការ WCS ទទួលបានការគាំទ្រមូលនិធិពី សហភាពអឺរ៉ុបតាមរយៈគម្រោងដៃគូប្រឆាំងការជួញដូរសត្វព្រៃ Margaret A. Cargill Philanthropies និងអង្គការ Turtle Survival Alliance ៕

To Top