ព័ត៌មានជាតិ

កូនកន្ធាយក្បាលកង្កែបជិត ៦០០ក្បាល ត្រូវបានលែងចូល ក្នុងទីជម្រកធម្មជាតិ តាមដងទន្លេមេគង្គ

ភ្នំពេញ ៖ អង្គការ WCS សហការជាមួយរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលក្រចេះ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ បានលែងកូនកន្ធាយក្បាលកង្កែប ឬល្បិចដែលជាប្រភេទជិតផុតពូជបំផុតចំនួន ៥៨០ក្បាល ចូលទៅក្នុងទីជម្រកធម្មជាតិ តាមដងទន្លេមេគង្គនៅខេត្តក្រចេះ ដើម្បីចូលរួមអបអរសាទរទិវា អណ្ដើកពិភពលោក។

លោកបណ្ឌិត កែន សេរីរដ្ឋា នាយកអង្គការ WCS បានមានប្រសាសន៍ថា កំណើននៃសំបុក និងពងកន្ធាយបានជំរុញនិងលើកទឹកចិត្តឲ្យខិតខំ ប្រឹងប្រែងបន្តទៀតដើម្បីអភិរក្សកន្ធាយក្បាលកង្កែប ដែលកំពុងទទួលរងគ្រោះជិតផុតពូជបំផុតនេះ ខណៈន្ធាយប្រភេទនេះកំពុងទទួលរង ការគំរាមកំហែងដោយសារការប្រមាញ់ និងការជួញដូរខុសច្បាប់។ នៅឆ្នាំ២០២១ យ៉ាងហោចណាស់មានកន្ធាយក្បាលកង្កែបចំនួន ៩ក្បាល ត្រូវបានគេជួញដូរតាមប្រព័ន្ធអនឡាញ និង២ក្បាល បានស្លាប់ដោយសារការនេសាទខុសច្បាប់ ។

ក្នុងរដូវពងកូនឆ្នាំ២០២២នេះ ក្រុមការពារសំបុកសហគមន៍បានរកឃើញសំបុកកន្ធាយក្បាលកង្កែប ចំនួន ៦៣សំបុក ស្មើនឹង ២.១៥៥ពង។ គិតត្រឹមពីដើមខែមីនា ដល់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ មានកូនកន្ធាយក្បាលកង្កែបសរុបចំនួន ៩៨២កូនបានញាស់ចេញពីសំបុកចំនួន៤០សំបុក ហើយក្រុមការងារ បានលែងកូនកន្ធាយចំនួន ៤០២ក្បាលចូលក្នុងទីជម្រកធម្មជាតិវិញ និងនៅសល់៥៨០ក្បាលទៀតត្រូវលែងនៅថ្ងៃនេះ។ ក្រុមការងាររំពឹងថា ពងនៅសេសសល់អាចនឹងញាស់បានខ្លះបន្ថែមទៀត។ កាលពី រដូវពងកូនឆ្នាំ២០២១ ក្រុមការងារបានរកឃើញ ៦៦សំបុក ស្មើនឹង ២.៥២៨ពង និងបានលែង ១.៣០០ កូន ចូលក្នុងទីជម្រកធម្មជាតិវិញ។

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល បានស្នើឲ្យភាគីពាក់ព័ន្ធបន្តកិច្ចការស្ដារប្រភេទកន្ធាយនេះ ព្រមទាំងក្រើនរំលឹកដល់ជនមួយចំនួននៅតែបន្តជួញដូរប្រភេទសត្វនេះ នឹងត្រូវទទួលទោសចំពោះមុខច្បាប់។

លោក ក្លេអ៊ីន បេគ័រ តំណាងប្រតិភូសហភាពអឺរ៉ុប បានថ្លែងថា «ប្រទេសកម្ពុជាមានទី ជម្រកនិងសត្វព្រៃដ៏សម្បូរបែបជាច្រើនប្រភេទ។ កន្ធាយក្បាលកង្កែបគឺជាប្រភេទដ៏កម្រមួយដែលត្រូវការ ការពារជាបន្ទាន់។ សហគមន៍មូលដ្ឋាន អាជ្ញាធរមូលដ្ឋាន រដ្ឋបាលជលផល និងអង្គការ wcs ត្រូវតែបន្តកិច្ច ខិតខំប្រឹងប្រែងរួមគ្នាដើម្បីការពារនិងស្តារប្រភេទដ៏កម្រនេះឡើងវិញ” ។

កន្ធាយក្បាលកង្កែបឬល្បិច ដែលមានឈ្មោះវិទ្យាសាស្ត្រថា Pelochelys cantori ត្រូវបានចាត់ចូលក្នុងបញ្ជី ក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុត។ វានៅមានចំនួនតិចតួចប៉ុណ្ណោះក្នុងប្រទេសឡាវ និងប្រទេសមួយចំនួនទៀត និងវាទំនងជាបានផុតពូជហើយនៅតាមអតីតទីជម្រកដែលវាធ្លាប់ រស់នៅភាគច្រើនក្នុងប្រទេសវៀតណាមនិងថៃ ដោយសារមានការលួចចាប់និងធ្វើពាណិជ្ជកម្ម រួមទាំង សកម្មភាពខុសច្បាប់ក្នុងការប្រមូលយកពងរបស់យកទៅលក់ឬធ្វើជាអាហារ។

នៅកម្ពុជា អ្នកវិទ្យាសាស្ត្រមិន បានរកឃើញវត្តមានប្រភេទកន្ធាយ នេះទេក្នុងចន្លោះពីឆ្នាំ២០០៣ ដល់ឆ្នាំ ២០០៧។ ក៏ប៉ុន្តែ ក្នុងឆ្នាំ ២០០៧ អង្គការអភិរក្សអន្តរជាតិ (CI)បាន រកឃើញវត្តមានកន្ធាយនេះនៅក្នុងទន្លេមេគង្គចន្លោះពីខេត្តក្រចេះ ដល់ស្ទឹងត្រែង៕

To Top