ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងក្រុមហ៊ុន CA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការអនុវត្គំរោងតបោសសម្អាតមីន នៃគម្រោងសមាហរណកម្មបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី២ ក្រោមហិរញ្ញប្បទានឥតសំណង របស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ក្នុងទំហំទឹកប្រាក់ចំនួន ១២.២៦៣.៤៦៥ដុល្លារ សម្រាប់រយៈពេល៣ឆ្នាំចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងកាលពីថ្ងៃទី២៣ ខែឧសភា ដោយមានការចូលរួមពីលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ និងលោកស្រី Ritsuko Yonemichi ប្រធានជាន់ខ្ពស់គម្រោងកិច្ចប្រតិបត្តិការ នៃក្រុមហ៊ុន Crown Agents Japan Limited ។
សូមបញ្ជាក់ថា គំរោងនេះជាផ្នែកនៃកញ្ចប់គំរោងជំនួយ២០០០លានយ៉េនដែលរដ្ឋាភិបាលជប៉ុនបានសម្រេច ផ្តល់ជូនរាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គភាពស៊ីម៉ាក់។ តាមផែនការ គម្រោងនេះនឹងត្រូវធ្វើការបោសសម្អាត ផ្ទៃដីចម្ការមីនចំនួនជាង ៨០០០ហិកតា ក្នុងខេត្តបាត់ដំបង។ គម្រោងនេះមានប្រជាពលរដ្ឋ ទទួលផលចំនួនប្រមាណ៦៦.៤០០គ្រួសារ ៕