ភ្នំពេញ ៖ គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 ទម្ងន់ជិត ១.០០០គីឡូក្រាម ដែលស្រង់ពីបាតទន្លេចតុមុខកាលពីកន្លងទៅនោះ ត្រូវបានក្រុមជំនាញគ្រាប់បែកអង្គភាពស៊ីម៉ាក់ ដោះបន្សាបសម្រេចជោគជ័យ មួយជំហានហើយ ដោយបានដោះបន្សាបគីបផ្ទុះក្បាលខាងមុខ ប្រកបដោយជោគជ័យ កាលពីថ្ងៃទី២៣ ឧសភា ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ការដំណើរការដោះបន្សាបគ្រាប់បែកនេះ ត្រូវបានសិក្សាពីគោលការណ៍សុវត្ថិភាព និងលក្ខណៈបច្ចេកទេសយ៉ាងល្អិនល្អន់។ គ្រាប់បែកនេះត្រូវដោះបន្សាបគីបផ្ទុះផ្នែកកន្ទុយមួយទៀត ដែលអាចរៀបចំកាត់បន្សាប ក្នុងពេលឆាប់ៗនាមុខនេះ ។


សូមរំលឹកថា កាលពីថ្ងៃ៥ ឧសភា កម្លាំងជំនាញគ្រាប់យុទ្ធភណ្ឌសង្គ្រាម របស់អង្គភាពស៊ីម៉ាក់ បានធ្វើការត្រួតពិនិត្យ និងបោសសំអាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 (ឬAN-M34) ដែលប្រទះឃើញនៅពេលស្តារកាយល្បាប់បាតទន្លេ ស្ថិតនៅទន្លេបួនមុខក្បែរសណ្ឋាគារសុខាភ្នំពេញ ទល់មុខព្រះបរមរាជវាំង ។

គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 នេះមានទម្ងន់ជិត ១.០០០គីឡូក្រាម មានជាតិផ្ទុះជាង ៥០០គីឡូក្រាម មានឋាមពលបង្កគ្រោះថ្នាក់ខ្ពស់ ជាគ្រាប់បែកផលិតនៅសហរដ្ឋអាមេរិក និងជាសំណល់ពីសង្គ្រាម ។ ប្រសិនបើផ្ទុះគ្រាប់បែកនេះ បង្កការខូចខាតធ្ងន់ធ្ងរដល់សណ្ឋាគារ លំនៅដ្ឋានប្រជាពលរដ្ឋ និងព្រះបរមរាជវាំង ៕
