ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យកម្មករនិយោជិត ឈប់សម្រាក ដើម្បីចូលរួមបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយបានសម្រាកមុន១ថ្ងៃ និងក្រោយ១ថ្ងៃ ក្រោយការបោះឆ្នោត ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ។
យោងតាមលិខិត របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ចេញផ្សាយនាពេលថ្មីៗនេះ បានបញ្ជាក់ថា «រាជរដ្ឋាភិបាល យល់ព្រមជាគោលការណ៍ ឲ្យបងប្អូនកម្មករនិយោជិតឈប់សម្រាក ដើម្បីចូលរួមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ១ថ្ងៃមុនថ្ងៃបោះឆ្នោត និង១ថ្ងៃក្រោយថ្ងៃបោះឆ្នោត ដោយរក្សាប្រាក់ឈ្នូល និង អត្ថប្រយោជន៍ផ្សេងៗ»។

សូមរំលឹកថា ផ្អែកតាមរបាយការណ៍ផ្លូវការ នៃការចុះបញ្ជីបេក្ខជន គណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត ដែលទទួលបានពីគណៈកម្មការ រាជធានី-ខេត្តរៀបចំការបោះឆ្នោត, មានគណបក្ស នយោបាយចំនួន១៧ និងមានបេក្ខជនសរុបចំនួន ៨៦,០៩២នាក់ ក្នុងនោះស្រ្តីមានចំនួន ២៧,៨១៣នាក់ ត្រូវបានចុះបញ្ជីសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ៕

