ព័ត៌មានជាតិ

លោក ជីវ ផល្លី ៖ មន្រ្តីអនុវត្តច្បាប់មិនលើកលែងទេ ចំពោះជនណាប្រើអំពើហិង្សា

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានថ្លែងថា មន្រ្តីអនុវត្តច្បាប់មិនលើកលែងទេ នឹងចាត់វិធានការយ៉ាងម៉ឺងមាត់បំផុត ចំពោះអ្នកប្រព្រឹត្តអំពើហិង្សាចូលដល់បទល្មើសព្រហ្មទណ្ឌ ។

ក្នុងឱកាសសម្ពោធយុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈ ដើម្បីបង្កើនការយល់ដឹងអំពីផលវិបាកនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្នុងរាជធានីភ្នំពេញ រៀបចំដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្រោមការគាំទ្ររបស់ការិយាល័យកិច្ចការបរទេសនៃសហព័ន្ធអាល្លឺម៉ង់ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី បានអំពានាវដល់ពលរដ្ឋទាំងអស់ដែលទទួលរងអំពើហិង្សា ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចផ្ដល់ព័ត៌មានក៏ដូចជារាយការណ៍ ដល់មន្រ្តីអនុវត្តច្បាប់ដើម្បីមានចំណាត់ការតាមនីតិវិធី។

លោកបន្តថា ករណីបង្កអំពើហិង្សាក្នុងគ្រួសារភាគច្រើនកើតឡើងពីការប្រចណ្ឌ , ការប្រើប្រាស់គ្រឿងញៀន , សេពគ្រឿងស្រវឹង និងមួយចំនួនទៀតបណ្ដាលមកពីភាពអត់ការងារធ្វើឈានដល់ការលេងល្បែងស៊ីសងខុសច្បាប់ ។

លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី បញ្ជាក់ថា “អំពាវនាវដល់ពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ទាំងអស់គ្នា។ ហើយមន្រ្តីអនុវត្តច្បាប់មិនលើកលែងទេ យើងត្រូវចាត់វិធានការម៉ឺងមាត់ចំពោះអ្នកដែលប្រព្រឹត្តហិង្សាចូលដល់បទល្មើសព្រហ្មទណ្ឌ ហ្នឹងយើងមិនលើកលែងទេ។ សូមឲ្យគាត់ចូលរួមទាំងអស់ក្នុងការអនុវត្តច្បាប់”។

ជាមួយគ្នានោះលោក Felipe De La Torre អ្នកសម្របសម្រួលប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៃ UNODC ឲ្យដឹងដែរថា តាមរយៈយុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈនេះ មានគោលបំណងបញ្ចៀបចំណេះដឹង អំពីផលប៉ះពាល់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រកើតឡើងក្នុងទីក្រុងភ្នំពេញ និងដើម្បីឲ្យប្រជាជនបានយល់ដឹងអំពីសេវាកម្មដែលមានសម្រាប់ជនរងគ្រោះ។ អំពើហិង្សាទាក់ទងនឹងយេនឌ័រ មិនត្រឹមតែប៉ះពាល់ដល់ជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងសង្គមរបស់សហគមន៍ផងដែរ។

លោកស្រី ស ស៊ីណែត អគ្គនាយិការរងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារី ឲ្យដឹងដែរថា អំពើហិង្សាលើស្រ្តី ក៏ជាអំពើហិង្សាទាក់ទងនឹងយេនឌ័រ មានផលប៉ះពាល់ខ្លាំង ហើយច្រើនប៉ះពាល់ដល់អ្នកជុំវិញខ្លួន។ នៅពេលឪពុកម្ដាយបង្កអំពើហិង្សាក្នុងក្រុមគ្រួសារ អ្នករងផលប៉ះពាល់មិនត្រឹមតែជនរងគ្រោះប៉ុណ្ណោះទេ គឺទៅដល់កូនៗរបស់គាត់ ។ នេះជារឿងមួយត្រូវយកចិត្តទុកដាក់។

លោកសស្រីបន្តថា អំពើហិង្សាលើស្រ្តី ក៏ជាអំពើហិង្សាទាក់ទងនឹងយេនឌ័រ មាន៤ប្រភេទ គឺហិង្សាផ្លូវកាយ , ផ្លូវចិត្ត , ផ្នែកជីវភាពសេដ្ឋកិច្ច ក៏ដូចជាអំពើហិង្សាលើផ្លូវភេទផងដែរ។

លោកស្រីថា “អំពើហិង្សាផ្លូវចិត្ត គឺជាឃាតកលាក់មុខមួយដែលធ្វើឲ្យជនរងគ្រោះស្លាប់ ដោយមិនបានបញ្ចេញភាពទុក្ខសោកយ៉ាងម៉េច” ។

បន្ថែមពីលើនេះ Dr Angelika Stauder លេខាទី១ និងជាអនុប្រធានផ្នែកសហប្រតិបត្តិការនៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា មន្រ្តីនគរបាលតែម្នាក់ឯង មិនអាចដោះស្រាយអំពើហិង្សាលើស្ត្រី និងក្មេងស្រីបានទេ។ នេះជាបញ្ហាសង្គមដែលទាមទារឲ្យមានការឆ្លើយតបពីសង្គមទាំងមូល។ ប៉ុន្តែកម្លាំងនគរបាល គឺមានអំណាច និងការទទួលខុសត្រូវជាពិសេស នោះគឺជាការការពារជនរងគ្រោះពីហានិភ័យបន្ថែមទៀត ការតាមចាប់ជនល្មើស និងការទប់ស្កាត់ឧក្រិដ្ឋកម្មនានា។

ក្រោមកិច្ចសហការជាមួយមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ និងការិយាល័យសង្គមកិច្ច និងសុខុមាលភាពខណ្ឌ សហគមន៍ចំនួនប្រាំមួយ ស្ថិតក្នុងខណ្ឌចំនួន៣ក្នុងរាជធានីភ្នំពេញរួមមាន ៖ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ត្រូវបានរកឃើញថា ជាសហគមន៍កំពុងប្រឈមហានិភ័យខ្ពស់នឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ យុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈនេះ ផ្តោតលើក្រុមគោលដៅជាច្រើន ជាពិសេសស្ត្រីមានអាយុចន្លោះពី ១៥ ទៅ ៤៩ ឆ្នាំ។ យុទ្ធនាការនេះនឹងបានទៅដល់សាធារណៈជនតាមរយៈការផ្សព្វផ្សាយសារផ្សេងៗ តាមប្រព័ន្ធអនឡាញ និងការបោះពុម្ភ។

សូមជម្រាបថា លទ្ធផលបង្ក្រាបអំពើហិង្សាក្នុងគ្រួសារឆ្នាំ២០២១ មានចំនួន២៨៤ ករណី ឃាត់ខ្លួន ២៨៤នាក់ (ស្រី១នាក់) កសាងសំណុំរឿងបញ្ជូនទៅតុលាការ សង្គ្រោះជនរងគ្រោះ ៣០១នាក់ បញ្ជូនទៅក្រុមគ្រួសារ៕

To Top