ព័ត៌មានជាតិ

សម្ដេច ស ខេង ណែនាំរដ្ឋបាលឃុំ-សង្កាត់ បន្ដការងាររបស់ខ្លួន រហូតដល់មេឃុំថ្មី ចូលកាន់តំណែង

ភ្នំពេញ ៖ ស្របពេលដែលការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ខិតជិតចូលមកដល់នោះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានណែនាំរដ្ឋបាលឃុំ-សង្កាត់ ត្រូវបន្ដនិរន្ដភាពការងាររបស់ខ្លួន រហូតដល់មេឃុំថ្មី ចូលកាន់តំណែង។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្សារកំពង់ពពិល ស្ថិតនៅឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងថា «ខ្ញុំ ស្នើដល់រដ្ឋបាលឃុំ គឺមេឃុំ ជំទប់ ក្រុមប្រឹក្សា ស្មៀនឃុំ សូមមេត្តានិរន្ដភាពការងាររបស់ខ្លួន បន្ដទៅទៀត រហូតដល់មេឃុំថ្មី ក្រុមប្រឹក្សាថ្មី ចូលកាន់តំណែង ក្រោយការបោះឆ្នោត ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២» ។

នាឱកាសនោះ សម្ដេច ស ខេង បានវាយតម្លៃថា ចាប់តាំងពីឃោសនាបោះឆ្នោត រហូតមកដល់ថ្ងៃនេះ គឺដំណើរការឃោសនាបោះឆ្នោត ប្រកបដោយសុខសន្ដិភាព គ្មានអំពើហិង្សាណាមួយកើតឡើងឡើយ ។ សម្ដេច ក៏បានចាក់ទុកថា នេះជាជោគជ័យដំបូង នៃការឃោសនាបោះឆ្នោតនៅកម្ពុជា ។

សម្ដេច បានសង្កេតឃើញថា ប្រជាពលរដ្ឋ មានការអត់ធ្មត់ មិនបង្កបញ្ហាលំបាក ដល់ដំណើរការបោះឆ្នោតឃុំ-សង្កាត់ ដោយមិនបង្កើត អំពើហិង្សាណាមួយទេ ។ សម្ដេច បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ បានចូលរួមថែរក្សាសន្ដិសុខ នាឱកាសឃោសនាបោះឆ្នោត នាពេលនេះ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរបោះឆ្នោតកាន់តែល្អប្រសើរ។

សម្ដេច ស ខេង មានប្រសាសន៍បញ្ជាក់ថា «ខ្ញុំស្នើដល់គ្រប់គណបក្សនយោបាយទាំងអស់ ទាំង១៧ គណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែង សូមមេត្តាធ្វើសកម្មភាពឱ្យបានត្រឹមត្រូវ តាមច្បាប់ បទបញ្ជា នីតិវិធី នៃការបោះឆ្នោត ដើម្បីយើងរួមគ្នាកសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមួយមានលទ្ធិប្រជាធិបតេយ្យល្អប្រសើរ»។

សម្ដេច បានបន្ថែមថា បើសិនការបោះឆ្នោតនៅកម្ពុជាមិនល្អ គឺជះឥទ្ធិពលដល់ឆាកអន្ដរជាតិថា «កម្ពុជា ជាប្រទេសមួយមិនល្អ»។ សម្ដេច ក៏បានអំពាវនាវដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវខិតខំចូលរួមចំណែកឱ្យដំណើរការបោះឆ្នោតឃុំ-សង្កាត់ ប្រព្រឹត្តទៅដោយបរិយាកាស សុខសន្តិភាព គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង ៕

To Top