ព័ត៌មានជាតិ

អបអរសាទរ! គ្រាប់បែកទម្លាក់ពីយន្តហោះ AN-M66 ជិត១តោន ត្រូវបានកាត់បន្សាប ដោយជោគជ័យ និងសុវត្ថិភាព

ភ្នំពេញ៖ គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 ទម្ងន់ជិត ១.០០០គីឡូក្រាម ដែលស្រង់ពីបាតទន្លេចតុមុខកាលពីកន្លងទៅនោះ ត្រូវបានក្រុមជំនាញគ្រាប់បែកអង្គភាពស៊ីម៉ាក់ កាត់បន្សាបដោយជោគជ័យ និងប្រកបដោយសុវត្ថិភាព កាលពីថ្ងៃទី២៤ ឧសភា ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា «កំលាំងជំនាញអង្គភាពស៊ីម៉ាក់ បានកាត់បន្សាបគ្រាប់បែកAN-M66 ទម្ងន់ជិតមួយតោននោះ  ដោយជោគជ័យនិងប្រកបដោយសុវត្ថិភាព ។ គ្រាប់បែកដ៏ធំមួយនេះ បានស្រង់ពីបាតទន្លេចតុមុខ ទល់មុខព្រះបរមរាជវាំង» ។  

ជាមួយគ្នានោះដែរ លោក ហេង រតនា ក៏បានកោតសរសើរកំលាំងជំនាញទាំងអស់ ដែលបានយកចិត្តខ្ពស់ និងបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ ប្រកបដោយសុវត្ថិភាព និងជោគជ័យលើបច្ចេកទេស  ដោយសារគ្រាប់បែកនេះ មានលក្ខណៈស្មុគស្មាញ ព្រោះគ្រាប់បែកត្រូវបានផលិតឡើងប្រឆាំងការដោះបន្សាបក្នុងករណីគ្រាប់បែកនេះ ទម្លាក់ហើយមិនផ្ទុះនោះ  ។ 

សូមរំលឹកថា កាលពីថ្ងៃទី២៣ ឧសភា គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 នេះ ត្រូវបានក្រុមជំនាញគ្រាប់បែកអង្គភាពស៊ីម៉ាក់ ដោះបន្សាបសម្រេចជោគជ័យមួយជំហាន ដោយបានដោះបន្សាបគីបផ្ទុះក្បាលខាងមុខ ។

គួរឲ្យដឹងផងដែរថា កាលពីថ្ងៃ៥ ឧសភា កម្លាំងជំនាញគ្រាប់យុទ្ធភណ្ឌសង្គ្រាម របស់អង្គភាពស៊ីម៉ាក់ បានធ្វើការត្រួតពិនិត្យ និងបោសសំអាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 (ឬAN-M34) ដែលប្រទះឃើញនៅពេលស្តារកាយល្បាប់បាតទន្លេ ស្ថិតនៅទន្លេបួនមុខក្បែរសណ្ឋាគារសុខាភ្នំពេញ ទល់មុខព្រះបរមរាជវាំង ។

គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 នេះមានទម្ងន់ជិត ១.០០០គីឡូក្រាម មានជាតិផ្ទុះជាង ៥០០គីឡូក្រាម មានឋាមពលបង្កគ្រោះថ្នាក់ខ្ពស់ ជាគ្រាប់បែកផលិតនៅសហរដ្ឋអាមេរិក និងជាសំណល់ពីសង្គ្រាម ។ ប្រសិនបើផ្ទុះគ្រាប់បែកនេះ បង្កការខូចខាតធ្ងន់ធ្ងរដល់សណ្ឋាគារ លំនៅដ្ឋានប្រជាពលរដ្ឋ និងព្រះបរមរាជវាំង ៕

To Top