ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន បានប្រាប់ទៅកាន់មេដឹក នាំពិភពលោកថា គួរតែឈប់ប្រើនូវ «ការដាក់ទណ្ឌកម្ម» ទៅលើប្រទេសឬភាគីណាមួយ ក្នុងការដោះស្រាយ វិបត្តិនិងបញ្ហាដែលកំពុងជាក់គាំង ជាក់ស្ដែងលើវិវាទ រុស្ស៊ីនិងអ៊ុយក្រែន។
ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក គេសង្កេតឃើញថា មានការដាក់ទណ្ឌកម្មជាច្រើនលើសលប់ ទៅកាន់រុស្ស៊ី បន្ទាប់ពីប្រទេសមហាអំណាចមួយនេះ បើកប្រតិបត្តិការយោធាពិសេស ឬឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន តែការដាក់ទណ្ឌកម្មនោះ ហាក់មិនបានផ្ដល់នូវផលចំណេញអ្វីទាល់តែសោះ នៅក្នុងចន្លោះនៃការដាក់ទណ្ឌកម្មនេះ។
ក្នុងកម្មវិធីពិភាក្សាក្រោមប្រធានបទ ទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពីអាស៊ាននិងតួនាទីជាប្រធានអាស៊ាន របស់កម្ពុជាក្នុងឆ្នាំ២០២២ សម្ដេចតេជោ មានប្រសាសន៍ថា ទន្ទឹមនឹងបញ្ហាដែលមាននិងក្ដៅស្រាប់ (កូវីដ១៩ មីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង) ឥឡូវបញ្ហាធ្ងន់ធ្ងរ គឺការឈ្លានពាន របស់រុស្ស៊ីទៅលើអ៊ុយក្រែន។
សម្ដេចបានចាត់ទុកបញ្ហានេះ គឺមានភាពធ្ងន់ធ្ងរសម្រាប់អាស៊ាន និងពិភពលោកទាំងមូលដែលផ្ដើមចេញពីវិបត្តិថាមពល និងឆ្ពោះទៅរកវិបត្តិស្បៀងអាហារ ក្នុងឆ្នាំ២០២៣ខាងមុខ។
ទោះបីជាយ៉ាងណាសម្ដេចសង្ឃឹមថា ក្នុងអាស៊ាននឹងមិនធ្ងន់ធ្ងរហួសហេតុពេកនោះទេ ព្រោះប្រទេសជិតពាក់កណ្ដាល នៅក្នុងអាស៊ាន គឺជាប្រទេសផលិតស្រូវ។
សម្ដេចបន្តថា ទោះបីជាឥឡូវនេះ បញ្ហារុស្ស៊ីនិងអ៊ុយក្រែន មិនទាន់ក្លាយជាសង្រ្គាមយោធា ទូទាំងសកលលោកក៏ដោយ ប៉ុន្តែបញ្ហាសេដ្ឋកិច្ចបានដើរដល់ហើយ ដោយគ្រប់ប្រទេសទាំងអស់ គឺជួបបញ្ហាប្រេងឡើងថ្លៃ សូម្បីតែប្រទេសជាអ្នកផលិត ក៏មិនអាចលក់ក្នុងតម្លៃទាបណាមួយបាននោះដែរ។
ថ្លែងចេញពីទឹកនៃប្រទេសស្វីស សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ឥឡូវនេះប្រទេសនានា ដែលមិនប្រឈមផ្ទាល់នឹងបញ្ហា កំពុងជួបនឹងគ្រោះទ្វេទិស គ្រោះម្ខាងចេញមកពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែគ្រោះម្ខាងទៀត ចេញពីការដាក់ទណ្ឌកម្ម។
សម្ដេចតេជោបញ្ជាក់ថា «រឿងទណ្ឌកម្មគួរតែឈប់ប្រើទៅ វាអត់បានផ្ដល់នូវប្រយោជន៍ណាមួយ សូម្បីតែអ្នកដាក់ទណ្ឌកម្មគេក៏ខាតខ្លួនឯងដែរ»។
ក្នុងនោះសម្ដេចបានលើកជាឧទាហរណ៍ ថា ប្រសិនបើរុស្ស៊ី កាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័ន ទៅកាន់អឺរ៉ុបភ្លាម តើប្រទេសក្នុងអឺរ៉ុប ប្រើប្រាស់អ្វីជំនួសឧស្ម័ន ក្រៅពីការកាប់ព្រៃឈើ យកមកចំអិនអាហារ។
សម្ដេចថា ការដាក់ទណ្ឌកម្មលើរុស្ស៊ីនេះ បានធ្វើឲ្យប៉ះពាល់ ដល់ប្រទេសទាំងអស់មិនជាប់ពាក់ព័ន្ធផងដែរ ៕