ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន បានលើកឡើងថា ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ បានធ្វើឲ្យអាស៊ានជួបការលំបាកយ៉ាងច្រើន។
ការលើកឡើងពីសំណាក់សម្ដេចតេជោបែបនេះ ធ្វើឡើងបន្ទាប់ពីប្រទេសមហាអំណាចជាច្រើន បាននិងកំពុងដើរចងសម្ព័ន្ធភាពជាមួយគ្នា ដើម្បីប្រឆាំងទៅនឹងឥទ្ធិពលនៃប្រទេសមហាអំណាច ដែលជាដៃគូប្រកួតប្រជែងរបស់ខ្លួន នៅក្នុងតំបន់និងពិភពលោក ជាក់ស្ដែងរួមមាន៖ AUKUS Quad Indo-Pacifice ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីទប់ទល់ទៅនឹងឥទ្ធិពល នៃយុទ្ធសាស្រ្តផ្លូវមួយ ខ្សែក្រវ៉ាត់មួយ(BRI) របស់ចិន។
ជុំវិញប្រធាននេះ សម្ដេចតេជោបញ្ជាក់ជាថ្មីថា កម្ពុជាមិនអាចជ្រើសរើសយករវាងប្រទេសមហា អំណាច ណាមួយ បាននោះទេ មិនថាចិនឬអាមេរិក។ ថ្លែងចេញពីទឹកដីនៃប្រទេសស្វីស សម្ដេចគូសបញ្ជាក់ទៀតថា «ការប្រកួតប្រជែង ភូមិសាស្រ្តនយោបាយ បានធ្វើឲ្យអាស៊ានរបស់យើងជួបការលំបាក យ៉ាងច្រើន»។
សម្ដេចបន្តថា ឥឡូវគ្រាន់តែគំនិតផ្ដួចផ្ដើមអំពីឥណ្ឌូប៉ាស៊ីហ្វិក សព្វថ្ងៃនេះមានច្រើន (អាមេរិក អូស្រ្តាលី ជប៉ុន អឺរ៉ុប) និងគំនិតផ្ដួចផ្ដើមដ៏ទៃទៀត ដែលពាក់ព័ន្ធក្នុងតំបន់អាស៊ាន។
ក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិកនេះ សម្ដេចលើកឡើងថា គំនិតផ្តួចផ្ដើមណាក៏ដោយ នៅក្នុងក្របខណ្ឌឥណ្ឌូ ប៉ាស៊ីហ្វិក ឬអាស៊ីប៉ាស៊ីហ្វិក ត្រូវឈរលើគោលការណ៍៣យ៉ាង ៖ ១) ត្រូវតែបំរើដល់សន្តិភាពនិងការអភិវឌ្ឍន៍ , ២)មិនប្រឆាំងទៅនឹងប្រទេសណាមួយ និង៣) ត្រូវតែគោរព ឯកភាពជាតិ ឯកភាពបញ្ជភាព របស់អាស៊ាន។
សម្ដេចថា អាស៊ានក៏មានគោលការណ៍ឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន ដូច្នេះមិនចាំបាច់តែអាស៊ានទៅគាំទ្រអ្នក ដ៏ទៃនោះទេ តែសូមឲ្យអ្នកដ៏ទៃមកគាំទ្រអាស៊ានតែម្ដង។
ដោយឡែកចំពោះ បញ្ហា AUKUS ឬ Quad សម្ដេចតេជោ ក៏បានអះអាងថា សុទ្ធតែជាបញ្ហាពាក់ព័ន្ធចំពោះ អាស៊ាន ដែលត្រូវគិតដល់បញ្ហានេះ។
សម្ដេចបញ្ជាក់ថា «ពិតមែនហើយមានការបកស្រាយយ៉ាងនេះ មានការបកស្រាយយ៉ាងនោះ សូម្បីតែទីក្រុង វ៉ាស៊ីនតោន គឺមានមតិមួយចំនួន មិនគួរបាននិយាយ អំពីបញ្ហាQuad នោះទេ ព្រោះQuad មិនមែន ជាយន្តការរបស់អាស៊ាន។
សម្ដេចបានឲ្យដឹងទៀតថា ក្នុងកិច្ចប្រជុំអាស៊ាន-អាមេរិកនាពេលកន្លងមក ឥណ្ឌូនេស៊ី ក្នុងឋានៈជាអ្នក សម្របសម្រួល រវាងអាស៊ាននិងសហរដ្ឋអាមេរិក កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក៏បានធ្វើការសម្របសម្រួល ត្រឹមតួនាទី របស់ Quad ទាក់ទងទៅនឹងវិបត្តិសកលកូវីដ១៩ និងការចែករំលែកវ៉ាក់សាំងតែប៉ុណ្ណោះ។
ការលើកឡើងនេះ សម្ដេចសំដៅថា មិនចង់ពាក់ព័ន្ធអំពីសម្ព័ន្ធភាពណាមួយប្រឆាំងជាមួយនឹងអ្នកដទៃ។
ពាក់ព័ន្ធទៅនឹងបញ្ហាសមុទ្រចិនខាងត្បូងវិញ សម្ដេចតេជោ បានលើកឡើងថា មានបញ្ហាប្រឈមផង និងបញ្ហាងាយស្រួលផង ។ឆ្នាំនេះគឺជាខួបទី២០ នៃកាចុះហត្ថលេខាលើ DOC ទន្ទឹមនឹងនោះ កំពុង និងជំរុញការកសាង COC។
ជាមួយគ្នានេះ សម្ដេចតេជោ លើកទឹកចិត្តឲ្យមានការសន្ទនាគ្នា រវាងអាស៊ានជាមួយចិន ក្នុងចរចាលើ បញ្ហាសមុទ្រចិនខាងត្បូងនេះ នៅលើទឹកដីកម្ពុជា ផងដែរ។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចបានគួសបញ្ជាក់ថា កម្ពុជាទទួលយកការធ្វើជា ប្រធានអាស៊ានឆ្នាំនេះ ប្រៀបបានដូចជាយកដុំថ្មក្ដៅមកកាន់៕